មន្ត្រីសហរដ្ឋអាមេរិកនិងអ្នកជំនាញស្នើឡើងថាសហគមន៍អន្តរជាតិត្រូវតែងាកមកជួយបញ្ចប់ការងារនៅសេសសល់ដែលមិនទាន់សម្រេចបានតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាជាពិសេសត្រូវយកចិត្តទុកដាក់នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។
ការជួបជុំដែលរៀបចំឡើងដោយកម្រនៅឯវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាពកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានផ្តល់ឱកាសឱ្យអ្នកជំនាញមកពីប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកដែលបានចូលរួមពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកជជែកពិនិត្យឡើងវិញនូវការអនុវត្តក្នុងរយៈពេល២៥ឆ្នាំមកនេះ។
ក្នុងចំណោមនេះមានលោកម៉ាក ស្តូរីឡាឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនិងជាអ្នកដែលបានចូលរួមចរចាបង្កើតកិច្ចព្រមព្រៀងនេះ។ លោកស្នើឱ្យប្រទេសនានានៅបន្តជួយដល់កម្ពុជា៖
«កិច្ចព្រមព្រៀងសន្តិភាពនេះមានពេលចាប់ផ្តើមគឺថ្ងៃដែលចូលជាធរមាន។ ប៉ុន្តែមិនមានកាលបរិច្ឆេទបញ្ចប់ទេ។ កិច្ចព្រមព្រៀងនេះនៅតែមានសុពលភាព ហើយការប្តេជ្ញាចិត្តរបស់ភាគីនានាដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះនៅតែត្រូវអនុវត្តតាមក្នុងនោះមានកម្ពុជានិងសហគមន៍អន្តរជាតិ....សហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិមិនគួរងាកភ្នែកចេញពីកម្ពុជាទេ។ យើងគួរតែបន្តធ្វើការលើបញ្ហានេះដោយសារតែការងារនេះនៅមិនទាន់ចប់នៅឡើយទេ»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ដោយភាគីខ្មែរចំនួន៤ដើម្បីបញ្ចប់ការច្បាំងគ្នាហើយមានការចូលរួមរបស់ប្រទេសចំនួន១៨ផ្សេងទៀតក្នុងនោះមានមហាអំណាចទាំង៥ផងដែរ។
២៥ឆ្នាំក្រោយមកកម្ពុជាប្រឈមនឹងការរួមតូចនៃលំហរនយោបាយនិងសេរីភាពដោយមានការធ្វើទុក្ខបុកម្នេញខាងផ្នែកនយោបាយ។ ហើយកាន់តែអាក្រក់ជាងគេបំផុតគឺការចាប់អ្នកការពារសិទ្ធិមនុស្សដាក់ពន្ធនាគារ។
លោក ធន សារាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុកដែលមានបុគ្គលិកបួននាក់កំពុងជាប់ពន្ធនាគារដោយសារបានការពារជនរងគ្រោះម្នាក់បានប្រាប់ដល់អង្គប្រជុំថា៖
«សម្រាប់ឆ្នាំនេះខ្ញុំចាត់ទុកថាគឺជាឆ្នាំដែលអាក្រក់ជាងគេបំផុតសម្រាប់អង្គការរបស់យើងខ្ញុំក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះពីព្រោះពីពេលមុនយើងទទួលរងការគំរាមកំហែងដែរ។ ដូចជាខ្ញុំទទួលបានការគំរាមកំហែងសម្លាប់ក្នុងឆ្នាំ២០១៣តាមសារអ៊ីមែលហើយសហការីរបស់ខ្ញុំក៏ទទួលរងការយាយីពីតុលាការដែរប៉ុន្តែយើងមិនដែលមានអ្នកណាម្នាក់ជាប់ពន្ធនាគារទេ។ ប៉ុន្តែឆ្នាំនេះសហការីរបស់ខ្ញុំបួននាក់និងអតីតសហការីចំនួនម្នាក់ត្រូវគេចាប់ដាក់ពន្ធនាគាររហូតដល់ពេលនេះគឺ មានរយៈពេល៧ខែហើយ»។
បញ្ហាដទៃទៀតគឺការរំលោភសិទ្ធិពលរដ្ឋក្រីក្រដោយការបណ្តេញចេញពីលំនៅដា្ឋនហើយ លោកធន សារាយ យល់ថាគេត្រូវតែបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលដឹងថាការអភិវឌ្ឍន៍ដោយគ្មានសិទ្ធិមនុស្សគឺមិនមែនជាការអភិវឌ្ឍន៍ប្រកបដោយចីរភាពទេ។
«ដំណើរការកិច្ចព្រមព្រៀងសន្តិភាពបានរៀបរាប់យ៉ាងច្បាស់ពីការភ្ជាប់គ្នារវាងដំណើរការអភិវឌ្ឍន៍ ដំណើរការស្តារឡើងវិញជាមួយនឹងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ បើគ្មានចំណុចនេះទេប្រទេសកម្ពុជានឹងឈានទៅដល់ស្ថានភាពគ្រោះថ្នាក់ដែលអាចត្រឡប់ទៅរកទម្លាប់អាក្រក់ក្នុងអតីតកាលឡើងវិញដែលនោះគឺការប្រយុទ្ធគ្នាដើម្បីអំណាច»។
លោកប្រែដ អាដាមនាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សយល់ថាសហគមន៍អន្តរជាតិគួរតែចូលរួមពាក់ព័ន្ធនឹងប្រទេសកម្ពុជាឱ្យបានកាន់តែខ្លាំងគឺមិនមែនធ្វើតែសម្បកក្រៅទេ។ ហើយឱកាសដ៏ល្អគឺការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨។
លោកបន្ថែមថា៖
«វាជាការល្អអស្ចារ្យបើមានការរួមគ្នាក្នុងចំណោមសហគមន៍អ្នកផ្តល់ជំនួយនិងប្រទេសមិត្តភក្តិរបស់កម្ពុជាអំពីអ្វីដែលពួកគេចង់បាននៅឆ្នាំ២០១៨ហើយត្រូវបញ្ជាក់ឱ្យច្បាស់ពីបញ្ហាហ្នឹង។ ឧទាហរណ៍ថាត្រូវមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ ការទទួលបានប្រព័ន្ធឃោសនាស្មើគ្នា យន្តការដោះស្រាយពាក្យបណ្តឹង។ល។និង។ល។ ហើយនៅពេលដែលមានអ្វីដែលខុសឆ្គងនឹងមានក្រុមទាក់ទងកម្រិតខ្ពស់ដែលនឹងធ្វើអន្តរាគមន៍ និងដោះស្រាយបញ្ហានេះដោយចំហរ»។
ការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យលើកទីមួយដែលអង្គការសហប្រជាជាតិបានរៀបចំក្នុងឆ្នាំ១៩៩៣បានជះគំរូអាក្រក់ជារៀងរហូតមកដោយសារភាគីចាញ់មិនព្រមប្រគល់អំណាច។
លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិដែលបានចូលរួមក្នុងកិច្ចប្រជុំនេះក៏បានស្នើឱ្យប្រទេសនានាជួយធានាថាគណបក្សចាញ់ឆ្នោតត្រូវគោរពតាមលទ្ធផលឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។
លោកបានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖
«សហគមន៍អន្តរជាតិត្រូវតែត្រៀមលក្ខណៈគឺព្រមាន ព្រមានទុកជាមុនថាមិនអាចធ្វើអីចឹងកើតទេបើធ្វើអីចឹងគឺមានប្រតិកម្មពីសហគមន៍អន្តរជាតិគឺគេអត់ទទួលស្គាល់រដ្ឋាភិបាលណាដែលចេញមកពីការរំលោភលទ្ធផលនៃការបោះឆ្នោត។ បើគណបក្សប្រជាជននៅតែក្រាញអំណាចពេលនោះគឺគេដកការទទួលស្គាល់»។
លោកបន្ថែមថាស្ថានភាពបច្ចុប្បន្ននេះគឺសហគមន៍អន្តរជាតិមានការគិតគូដល់ប្រទេសកម្ពុជាច្រើនជាងមុន។
«ឥឡូវនេះយើងឃើញថាសហគមន៍ អន្តរជាតិនិយាយសំឡេងតែមួយ។ កាលពីមុនឆ្នាំ២០១៦នេះឃើញថាគេមិនសូវចាប់អារម្មណ៍ទេតែដោយឃើញការបង្ក្រាបយ៉ាងសាហាវមកលើសង្គមស៊ីវិលមកលើគណបក្សប្រឆាំងគឺមានប្រតិកម្មពីសហគមន៍អន្តរជាតិគឺគេមូលមាត់គ្នា។ គេដាក់សម្ពាធមកលើគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុនសែនថាល្មមបញ្ឈប់ការគំរាមកំហែងធ្វើទុក្ខបុកម្នេញដល់សង្គមស៊ីវិលនិងគណបក្សសង្គ្រោះជាតិទៀតទៅ»។
សហគមន៍ខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោនបានធ្វើសកម្មភាពយ៉ាងខ្លាំងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះដោយតស៊ូមតិឱ្យមានការយកកិច្ចព្រមព្រៀងនេះមកប្រើដើម្បីដោះស្រាយបញ្ហាសេសសល់នានា។ ក្នុងចំណោមនេះមានលោកតាន់ វិបុល សមាជិកគណៈកម្មាធិការនាយកនៃសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
នៅថ្ងៃនេះលោកវិបុលបានសម្តែងការសប្បាយរីករាយដោយបានឮពីជំហរដូចគ្នារបស់វាគ្មិននានា។ ហើយសម្រាប់ការងារបន្ទាប់លោកចង់ឱ្យពលរដ្ឋខ្មែរធ្វើសកម្មភាពរួមគ្នាបន្ថែមទៀត៖
«នៅក្នុងក្រុមតូចៗមួយៗគឺយើងត្រូវបញ្ចូលគ្នាហើយបង្ហាញទៅអន្តរជាតិជាពិសេសគឺរដ្ឋាភិបាលអាមេរិកាំងហ្នឹងដែលជានិមិត្តរូបនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឱ្យសហរដ្ឋអាមេរិកគេដើរតួចម្បងជួយយើងថារដ្ឋាភិបាលយើងហ្នឹងអត់បានគោរពនូវសន្ធិសញ្ញាដែលបានចែងហ្នឹងទេហើយដើម្បីជួយជំរុញឱ្យរដ្ឋាភិបាលរបស់យើងហ្នឹងទទួលស្គាល់ថាមានការខ្វះខាតហើយត្រូវតែកែប្រែជំរុញឱ្យមានសន្តិភាពពិតប្រាកដមិនមែនសន្តិភាពលេងៗទេ»។
អ្នកជំនាញក៏ស្នើឡើងថាការទុកឱ្យកងកម្លាំងប្រដាប់អាវុធនិងតុលាការស្ថិតក្រោមបញ្ជានៃក្រុមបក្សមួយគឺជាគ្រោះថ្នាក់មួយហើយនេះជាគំរូអាក្រក់មួយដែលអង្គការសហប្រជាជាតិបានបន្សល់ទុកនៅកម្ពុជាហើយគួរតែជៀសវាងក្នុងបេសកកម្មលើកក្រោយរបស់ខ្លួន៕