ការស្អប់អ្នកសារព័ត៌មាន លែងត្រូវបានកម្រិតនៅត្រឹមតែប្រទេសដែលមានមេដឹកនាំផ្ដាច់ការហើយ ពោលគឺសូម្បីតែនៅប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យខ្លះទៀត រួមទាំងសហរដ្ឋអាមេរិកផង ក៏មានការលើកទឹកចិត្តឱ្យស្អប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែរ។ នេះបើយោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលបានចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមេសានេះ។
សន្ទស្សន៍ស្ដីពីសេរីភាពសារព័ត៌មានលើពិភពលោកឆ្នាំ២០១៨ ដែលចងក្រងដោយអង្គការសារព័ត៌មាន អ្នកកាសែតគ្មានព្រំដែន ដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីសប្រទេសបារាំងនេះ បានរៀបរាប់ថា មេដឹកនាំនយោបាយកាន់តែច្រើនឡើង បានលើកទឹកចិត្តជាសាធារណៈឱ្យមានការស្អប់ខ្ពើមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
ការប្រឹងប្រែងរបស់មេដឹកនាំទាំងនៅក្នុងប្រទេសផ្ដាច់ការទាំងក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើឱ្យមានភាពជាសត្រូវចំពោះប្រព័ន្ធផ្សព្វផ្សាយនេះ បានបង្កការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមរបាយការណ៍ដដែលនេះ។
របាយការណ៍ដែលបានដាក់ពិន្ទុឱ្យប្រទេសចំនួន១៨០ អាស្រ័យទៅលើកម្រិតសេរីភាពរបស់អ្នកកាសែតនៅក្នុងប្រទេសនីមួយៗនោះ បានសរសេរថា ការលើកទឹកចិត្តឱ្យស្អប់ប្រព័ន្ធផ្សព្វផ្សាយនេះ ត្រូវបានមេដឹកនាំនយោបាយប្រើប្រាស់ តាមរូបភាពចោទប្រកាន់អ្នកកាសែតពីបទភេរវកម្ម ហើយអ្នកកាសែតដែលមិនបង្ហាញភក្ដីភាពចំពោះពួកគេ នឹងត្រូវបានចាប់ដាក់ពន្ធនាគារតាមអំពើចិត្តជាដើម។
របាយការណ៍នេះ បាននិយាយចំឈ្មោះប្រទេសដែលលើកទឹកចិត្តឱ្យស្អប់ប្រព័ន្ធផ្សព្វផ្សាយនេះ ដូចជាតួកកី និងអេហ្ស៊ីប ហើយនិងសហរដ្ឋអាមេរិកផងដែរ ដោយចាត់ទុកថា មេដឹកនាំប្រទេសទាំងនេះ លែងចាត់ទុកប្រព័ន្ធផ្សព្វផ្សាយថាជាផ្នែកដ៏សំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យតទៅទៀតហើយ។
របាយការណ៍ដដែល បានដាក់ពិន្ទុសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ស្ថិតនៅលំដាប់លេខរៀងទី៤៥ គឺធ្លាក់ចុះពីរលេខ ធៀបនឹងឆ្នាំមុន។
អង្គការអ្នកកាសែតគ្មានព្រំដែននេះ ក៏បានចាត់ទុកលោកប្រធានាធិបតីអាមេរិកថាជាអ្នកចូលចិត្តវាយប្រហារប្រព័ន្ធផ្សព្វផ្សាយ ដោយលោកបានហៅអ្នកកាសែតថាជា«សត្រូវរបស់ប្រជាជន» ជាពាក្យពេចន៍ ដែលអតីតមេដឹកនាំសហភាពសូវៀតគឺលោក Joseph Stalin ធ្លាប់បានប្រើ។
ក្រៅពីប្រទេសទាំងនេះ ប្រទេសនៅតំបន់អាស៊ីមួយចំនួនទៀត ដូចជាកម្ពុជា និងវៀតណាមជាដើម ក៏បានយកគំរូតាមបែបបទប្រទេសចិន ដែលនៅទីនោះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានត្រូវបានគ្រប់គ្រងដោយរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន។
នៅប្រទេសហ្វីលីពីន ប្រធានាធិបតីលោក Rodrigo Duterte មិនត្រឹមតែជេរប្រទេចអ្នកកាសែតជាប្រចាំប៉ុណ្ណោះទេ គឺលោកថែមទាំងបានគំរាមអ្នកកាសែតថែមទៀតថា «ពួកគេ មិនត្រូវបានលើកលែងពីការធ្វើឃាតនោះទេ»។
លោក Christophe Deloire ដែលជាអ្នកកាសែតបារាំងនិងជាអគ្គលេខាធិការនៃអង្គការអ្នកកាសែតគ្មានព្រំដែន បានមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍អមនឹងរបាយការណ៍ថ្មីនេះថា «ការបណ្តោយឱ្យមានការស្អប់អ្នកកាសែត គឺជាការគំរាមកំហែងដ៏អាក្រក់អាក្រីបំផុតមួយចំពោះលទ្ធិប្រជាធិបតេយ្យ»។
លោកបន្ថែមទៀតថា៖ «មេដឹកនាំនយោបាយដែលបញ្ឆេះឱ្យមានការស្អប់អ្នកកាសែត ត្រូវទទួលខុសត្រូវយ៉ាងធំធេង ដោយសារការធ្វើបែបនេះ ធ្វើឱ្យខ្សោយដល់ផ្នត់គំនិតនៃការជជែកដេញដោលជាសាធារណៈដែលផ្អែកលើការពិត ជាជាងការឃោសនា»។
ក្នុងចំណោមប្រទេសទាំង១៨០ ដែលត្រូវបានធ្វើការសិក្សាអំពីកម្រិតសេរីភាពរបស់អ្នកកាសែតនេះ ប្រទេសន័រវែស ឈរនៅលំដាប់លេខរៀងទី១ខាងសេរីភាពសារព័ត៌មានល្អជាងគេ។ ចំណែក ប្រទេសដែលស្ថិតនៅបាតតារាងគឺប្រទេសកូរ៉េខាងជើង ដែលបានពិន្ទុទាបជាងគេខាងសេរីភាពសារព័ត៌មាននេះ៕