មន្រ្តីប៉ូលិសមីយ៉ាន់ម៉ាម្នាក់ដែលបានធ្វើសក្ខីកម្មចំពោះករណីកាត់ទោសអ្នកកាសែតមីយ៉ាន់ម៉ាពីរនាក់ដែលត្រូវបានចោទប្រកាន់ថាបានរំលោភច្បាប់សម្ងាត់របស់រដ្ឋនោះ បាននិយាយថា លោក និងសហការីម្នាក់ទៀតត្រូវបានគេបញ្ជាឲ្យបញ្ឆោតអ្នកកាសែតទាំងពីរនាក់នេះ។
លោក Wa Lone និងលោក Kyaw Soe Oo អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារពត៌មាន Reuters ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ និងប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ។ ពួកគេទាំងពីរត្រូវបានចោទប្រកាន់ថា បានរំលោភលើច្បាប់សម្ងាត់របស់រដ្ឋដែលបានធ្វើឡើងក្នុងសម័យអាណានិគមដែលពាក់ព័ន្ធនឹងប្រតិបត្តិការសន្តិសុខជាតិ។
ក៏ប៉ុន្តែនៅអំឡុងពេលសវនាការរបស់តុលាការកាលពីថ្ងៃសុក្រ មេបញ្ជាការប៉ូលិស លោក Moe Yan Naing បានសារភាពថាឧត្តមសេនីយ៍ត្រី Tin Ko Ko បានរៀបចំឲ្យពួកប៉ូលិសជួបជាមួយនឹងអ្នកកាសែតទាំងពីរនេះ និងបានប្រគល់ឯកសារសម្ងាត់ទៅឲ្យពួកគេ និងបានគំរាមពួកប៉ូលិសនោះថាប្រសិនបើពួកគេមិនចាប់ខ្លួនអ្នកកាសែតទាំងពីរនាក់នោះទេ ពួកប៉ូលិសទាំងនេះនឹងត្រូវជាប់គុកខ្លួនឯង។
មេធាវីការពារក្តី លោក Than Zaw Aung បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីសវនាការនេះថា សក្ខីកម្មរបស់មន្រ្តីប៉ូលិសនេះគឺជារឿងដែលមិននឹកស្មានដល់។
លោកមេធាវីរូបនេះបាននិយាយថា៖«យើងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលការពិតត្រូវបានលាតត្រដាងឡើង ហើយយើងបានគិតតាំងពីដំបូងមកម៉្លេះថា ករណីនេះត្រូវបានគេរៀបចំឡើង។ យើងមិនដែលធ្លាប់គិតថាប៉ូលិសនឹងសារភាពដូច្នេះទេ។ ការធ្វើសក្ខីកម្មនេះនឹងជួយការពារយ៉ាងខ្លាំងដល់អ្នកកាសែតទាំងពីរនាក់នេះ»៕