ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​ច្រានចោល​របាយការណ៍​ដែល​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បាន​​«ដួលរលំ»​ តាំង​ពី​ឆ្នាំ​២០១៧


រូបឯកសារ៖ លោក​ អ៊ុក គឹមសេង​ ​អ្នក​នាំពាក្យ​​ក្រសួង​ព័ត៌មាន​ប្រាប់​ VOA​​ ក្នុង​​សិក្ខា​សាលា​​ស្តីពីក្រមប្រតិបត្តិផ្សព្វ​ផ្សាយ​អំពើហិង្សាលើស្រ្តី និងការប្រើប្រាស់អក្ខរាវិរុទ្ធតាមប្រព័ន្ធផ្សព្វផ្សាយ នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក​ អ៊ុក គឹមសេង​ ​អ្នក​នាំពាក្យ​​ក្រសួង​ព័ត៌មាន​ប្រាប់​ VOA​​ ក្នុង​​សិក្ខា​សាលា​​ស្តីពីក្រមប្រតិបត្តិផ្សព្វ​ផ្សាយ​អំពើហិង្សាលើស្រ្តី និងការប្រើប្រាស់អក្ខរាវិរុទ្ធតាមប្រព័ន្ធផ្សព្វផ្សាយ នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

មន្ត្រី​ក្រសួង​ព័ត៌មាន​បដិសេធ​របាយ​ការណ៍​ការស្ទង់​មតិអ្នក​សារ​ព័ត៌មាន ​ដែល​ថា ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បាន​ ​«ដួលរលំ»​ ​ចាប់​តាំង​ពីឆ្នាំ​២០១៧​ ​ដោយ​សារ​សម្ពាធ​ពី​រដ្ឋាភិបាល។​

ក្រសួង​ព័ត៌មាន​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​ប្រកាស​ច្រានចោលរបាយ​ការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​(CCIM)​ ​ដែល​បង្ហាញ​ថា​ សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បាន​ដួល​រលំ​តាំង​ពី​ឆ្នាំ​២០១៧។​ ​ក្រសួង​ព័ត៌មាន​បាន​ហៅ​របាយ​ការណ៍​វាយ​តម្លៃនោះ​ថា​ «គ្មាន​មូលដ្ឋាន»​ និង​មាន​ចេតនា​ទុច្ចរិត​ដើម្បី​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល។

សេចក្តី​ថ្លែង​ការណ៍​ចេញ​ដោយ​អ្នក​នាំពាក្យក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​បញ្ជាក់​ថា​ ​ក្រសួងព័ត៌មានសម្ដែងការ​សោកស្ដាយ​ចំពោះ​របាយការណ៍​មាន​ចំណង​ជើង​ថា​«ការ​ប្រឈម​របស់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧»​ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ​ ​ ដោយចោទ​ថា រដ្ឋា​ភិបាលបាន​ប្រើ​ប្រាស់​ហេតុផល​នយោបាយ​ដើម្បី​បង្ក្រាប ​ធ្វើទុក្ខ​បុក​ម្នេញ​ ​និង​គំរាម​កំហែង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​ព្រមទាំង​បានវាយ​តម្លៃ​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ថា​ ​មាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំងកាលពី​ឆ្នាំ​កន្លង​មក។​

សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ព័ត៌មានសរសេរ​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ក្រសួង​ព័ត៌មាន​សូមបដិសេធទាំងស្រុង​នូវ​ការ​ចោទ​ប្រកាន់​ខាង​លើ​របស់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​ហើយ​ចាត់​ទុក​ថា​ ​នេះ​គ្រាន់តែ​ជា​ការ​វាយ​តម្លៃ​គ្មាន​មូលដ្ឋាន​ ​ដោយ​ធ្វើការ​ស្ទង់​មតិពីអ្នក​សារ​ព័ត៌មាន​ជ្រុល​និយម​មួយ​ក្ដាប់​តូច​ ​ដែល​មាន​ចេតនា​ទុច្ចរិត​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​ខាងផ្លូវ​ច្បាប់​ ​ហើយ​ទម្លាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ»។​

លោក​ ​អ៊ុក គឹមសេង​ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់​ ​VOA​ ​បន្ថែម​តាម​ទូរស័ព្ទ​ថា៖​

«យើង​ពុំ​មាន​វិធានការ​អី​ទេ​ ​គ្រាន់តែ​យើង​បដិសេធ​លើ​របាយ​ការណ៍​ដែល​គាត់​ធ្វើការ​ផ្សព្វ​ផ្សាយ​ហ្នឹង។​ ​ក្រៅ​ពី​ហ្នឹង​ យើង​រងចាំ​មើល​ ថា​តើវា​មាន​ដំណើរការ​អី​តទៅ​មុខ​ទៀត។​ ​ប៉ុន្តែ​ពេល​នេះ​គឺ​យើង​គ្រាន់​តែ​ចេញ​សេចក្តីថ្លែង​ការណ៍​ដើម្បី​បញ្ជាក់​ប្រាប់​ថា​ ​អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង​គឺគាត់​មិន​ដឹង​ជាមាន Method ណា​ខ្លះ?​ ​ទី១។​ ​ទី២​ ​គាត់​អាច​ទៅ​ជួប​តែ​អ្នក​កាសែត​មួយ​ចំនួន​តូច​ណា​នោះ ​ដែល​គាត់​ស្ទង់​មតិ​ហ្នឹង​ ហើយ​យក​មតិ​មក​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​អី​អីចឹង យើង​មិន​អាច​ទទួល​យក​បាន​ទេ»។​

​បើតាម​លោក ​អ៊ុក គឹមសេង​ ​រហូត​មក​ដល់​ពេល​នេះ​ ​កម្ពុជា​មាន​អ្នក​សារ​ព័ត៌មាន​ប្រមាណ​ជា​៥​ពាន់​នាក់​ ​ដែល​ទទួល​បាន​បណ្ណ​ពីក្រសួង​ សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​យក​ព័ត៌មាន។​

ទោះ​យ៉ាងណា​ គេ​ឃើញ​ថា​ ​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ដែល​តែង​ផ្សាយ​ពីភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល ​ដូចជា​សំឡេង​សហ​រដ្ឋ​អាមេរិក​ ​(VOA)​ ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​ ​(VOD)​ ​ជាដើម​ ​មិន​ត្រូវ​បាន​ក្រសួងចេញ​ប័ណ្ណ​ដើម្បី​ចុះ​យក​ព័ត៌មាន​នោះ​ទេ​ ​ដោយ​ក្រសួង​បញ្ជាក់​ថា​ ​ស្ថាប័ន​ទាំង​នោះ​មិន​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ។​

របាយ​ការណ៍​របស់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​(CCIM)​ ​ចេញ​កាលពី​ថ្ងៃទី​២១​ ​ខែកុម្ភៈនេះ​ ​បង្ហាញ​ថា​ ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បាន«ដួលរលំ»​ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ ​បន្ទាប់​ពី​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ ​ដែល​ផ្សាយ​ចំណុច​អវិជ្ជមាន​ ​និង​រិះគន់​រដ្ឋាភិបាល​ ​ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​និង​ឈប់​ផ្សាយ​ ​ហើយ​ការ​គំរាម​កំហែង​ ​និង​ការ​ចាប់​អ្នក​សារ​ព័ត៌មាន​ដាក់​ពន្ធនាគារ​នៅ​តែ​បន្ត​កើត​មាន។​

របាយ​ការណ៍​ ដែល​ស្ទង់មតិ​អ្នក​ធ្វើ​ការផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចំនួន​៧៥​នាក់​នោះ​ ​បន្ថែម​ថា​ ​អ្នក​សារ​ព័ត៌មាន​៦៧​ភាគ​រយ​មាន​អារម្មណ៍​ថា​ ​ពួកគេ​មិន​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​រាយ​ការណ៍​ដោយ​សេរី​ទេ​ ​ហើយ​ថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ ​ការ​ចាប់​ដាក់​ពន្ធនាគារ​ ​ការ​បង្រ្កាប​ ​និង​វិបត្តិ​ផ្លូវ​ចិត្ត​ ​ហើយថា​ ​ការ​បិទ​ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ ​គឺ​បណ្តាល​មកពីហេតុ​ផល​នយោបាយ​របស់​រដ្ឋាភិបាល។​

លោកណុប វី​ ​នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ បាន​ប្រាប់​ ​VOA​ ​ថា​ ​របាយការណ៍​ដែល​ចេញ​ដោយ​ ​CCIM​ ​គឺ​បាន​មក​ពី​ការ​ស្ទង់​មតិរបស់​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​ដែល​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​ពួកគេ។​ ​លោកបន្ថែម​ថា​ ​រដ្ឋា​ភិបាល ​ជាពិសេស​ក្រសួង​ព័ត៌មាន ​គួរ​តែ​សិក្សា​អំពី​បញ្ហា​ដែល​ពួកគេ​បាន​លើក​ឡើង​ ​ដើម្បី​ចូល​រួម​ដោះស្រាយ ​ជាជាងបង្ហាញ​ភាព​មិន​អើពើ​ទាល់​តែ​សោះ​នោះ។

លោក​ណុប វី​ ​បញ្ជាក់​ថា៖​

«ខ្ញុំ​យល់​ថា​ គួរតែ​មាន​ការ​យកចិត្ត​ទុក​ដាក់​អីចឹង​វិញ​ជាជាង​យើង​បដិសេធ ​ឬមួយ​ក៏ប្រតិកម្មហើយ​មិន​ទទួល​យក​ ​ពីព្រោះ​ការ​ទទួល​យក​របាយ​ការណ៍​យក​ទៅ​ពិចារណា​គឺ​ថា​ វា​អាចនឹង​ជួយ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​នៅ​ក្នុងផ្នែក​សារ​ព័ត៌មាន ​និង​សេរី​ភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​យើង»។​

កាល​ពី​សប្តាហ៍​មុន​ ​របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporters Without Borders)​ ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា ​បាន​បង្រ្កាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​ហើយ​ព្យាយាម​បិទ​សំឡេង​ប្រឆាំង​ទាំង​អស់​ ​ដោយ​ធ្វើ​ការ​យាយី​ ​និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ស្ថាប័ន​ ​និង​អ្នក​សារ​ព័ត៌មាន​ដែល​ហ៊ាន​រិះគន់ ​និង​មិន​ព្រម​ដើរ​តាម​បន្ទាត់​នយោបាយ​ដែល​គេ​គូស​ឲ្យ​ដើរ។​

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «ប្រទេស​កម្ពុជា៖​ ​សារព័ត៌មាន​ឯករាជ្យ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មហន្តរាយ»​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៤​ខែ​កុម្ភៈ​នេះ​ ​បាន​រៀបរាប់​ថា​ ​រដ្ឋាភិបាល​កម្ពុជាបាន​បង្ខំឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រួមមាន​កាសែត​ឌឹ ឃែមបូឌា ដេលី ​និង​វិទ្យុ​អាស៊ីសេរី​បិទ​ទ្វារ​ ​លែង​ដំណើរការ​នៅ​កម្ពុជា​ ​ហើយ​ក៏​បង្ខំ​ឲ្យ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​ទៀត​ឈប់​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ជា​ភាសាខ្មែរ​របស់​វិទ្យុ​ ​VOA ​ អាស៊ីសេរី​ ​និង​ VOD។​

របាយ​ការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​បន្ថែម​ថា​ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ក៏​បាន​យាយី​ ​និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​កាសែត​ ​ដោយ​ការ​ចាប់ខ្លួន​ ​ចោទ​ប្រកាន់​ ​និង​ដាក់​សម្ពាធ​ដោយ​មិន​ផ្តល់​ប័ណ្ណ​សារ​ព័ត៌មាន​ ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ ​ឬ​ពិបាក​យក​ព័ត៌មានជាដើម។

ទោះ​យ៉ាង​ណា​ ​ការ​លើកឡើង​ទាំង​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ច្រាន​ចោល​ ​និង​ថា​ ​រដ្ឋាភិបាល​កំពុង​អនុវត្ត​ច្បាប់​ទៅ​តាម​ប្រទេស​នីតិរដ្ឋ៕

XS
SM
MD
LG