«កម្ពុជាពេញចិត្តថែបំប៉នអាស៊ានក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ»។ នេះជាការគូសបញ្ជាក់របស់មេដឹកនាំប្រទេសកម្ពុជាដែលនឹងត្រូវធ្វើជាប្រធានប្តូរវេនសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន នៅឆ្នាំ២០២២ខាងមុខ។
ក្នុងសារអបអរនៃខួបលើកទី៥៤ឆ្នាំនៃការបង្កើតសមាគមអាស៊ាននាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែន បានថ្លែងថាមិនដល់៥ខែទៀតទេដែលកម្ពុជានឹងទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានលើកទី៣ ដែលធ្វើឡើងក្នុងរយៈពេល១០ឆ្នាំម្តង។
បើតាមសារលិខិត៤ទំព័រចុះនៅថ្ងៃទី៦ខែសីហាលោក ហ៊ុន សែន បានលើកឡើងថាក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ «កម្ពុជានឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែងដោយឈរជាមូលដ្ឋានភាពបើកចំហស្មោះត្រង់ សុចរិត សុឆន្ទៈសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងអាស៊ានដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម»ដែលតំបន់ទាំងមូលកំពុងជួបប្រទះ។
លោក ហ៊ុន សែន បានលើកឡើងថា៖ «ក្នុងឆ្នាំនេះប្រទេសព្រុយណេដែលជាប្រធានប្តូរវេនរបស់អាស៊ានមានឆន្ទៈជំរុញដំណើរការអាស៊ានឆ្ពោះទៅមុខបន្ថែមទៀតក្រោមមូលបទ 'យើងយកចិត្តទុកដាក់យើងត្រៀមលក្ខណៈ យើងរីកចម្រើន'ដែលស័ក្តិសមបំផុតជាមួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្នដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «កម្ពុជាមានគោលបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ានដោយផ្តោតលើកការសម្រេចឲ្យបាននូវគោលដៅនិងគំនិតផ្តួចផ្តើមសំខាន់ៗដែលបានឯកភាពរួចហើយ»។
អ្នកជំនាញកិច្ចការអន្តរជាតិនិងអ្នកសង្កេតការណ៍នយោបាយកម្ពុជាខ្លះបានលើកឡើងថាមានបញ្ហាជាច្រើនដែលកម្ពុជានឹងត្រូវប្រឈមក្នុងពេលប្រទេសនេះធ្វើជាប្រធានអាស៊ាន។ ពួកគេនិយាយថាការប្រជែងឥទ្ធិពលរវាងអាមេរិកនិងចិនក្នុងតំបន់អាស៊ី វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាប្រឈមមួយចំនួនទៀតដូចជាកិច្ចការពារសន្តិសុខក្នុងតំបន់និងបញ្ហានយោបាយអាចស្ថិតក្នុងការពិភាក្សារបស់ប្រទេសសមាជិកអាស៊ានដែលមិនទាន់ស្រាលខ្លួននៅឡើយពីវាយប្រហាររបស់ជំងឺកូវីដ១៩។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីលោក ឈាង វណ្ណារិទ្ធ បញ្ជាក់ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «វាជាការលំបាកមួយក៏ដូចជាការប្រឈមមួយដែរដោយសារអាមេរិកកំពុងតែប្រើយុទ្ធសាស្ត្រencircle [ឡោមព័ទ្ធចិន ] នៅក្នុងតំបន់ហើយចិនក៏កំពុងតែរើបម្រាសហ្នឹងដែរហើយបញ្ចេញនូវហៅថាឥទ្ធិពលរបស់ខ្លួនដែរ។ អីចឹង ការប្រកួតប្រជែងអំណាចរវាងអាមេរិកនិងចិន នៅបន្តស្មុគស្មាញហើយអាចនឹងជាបញ្ហាយូរអង្វែងមួយចំពោះតំបន់អីចឹង ប្រទេសបណ្តាអាស៊ានរួមទាំងកម្ពុជាហ្នឹងខំប្រឹងធ្វើយ៉ាងណាដើម្បីពង្រឹងនូវសាមគ្គីនៅក្នុងគ្រួសារអាស៊ានដើម្បីកុំឲ្យការប្រកួតប្រជែងអំណាចហ្នឹងធ្វើឲ្យអង្គការមួយហ្នឹងបែកបាក់គ្នា»។
លោកបន្ថែមថា៖ «បញ្ហាកូវីដក៏ជាបញ្ហាមួយកំពុងតែគំរាមកំហែងតំបន់ដែរទាំងសន្តិសុខសុខាភិបាលនិងសន្តិសុខសេដ្ឋកិច្ចសង្គមហ្នឹង។ អីចឹងអាហ្នឹងជាការប្រឈមតែយើងប្រើយន្តការពហុភាគីក្នុងក្របខណ្ឌអាស៊ានហ្នឹងយ៉ាងណាឲ្យមានប្រសិទ្ធភាពស្វែងរកនូវដូចថាចំណុចរួមនៅក្នុងអាស៊ានដើម្បីស្តារសេដ្ឋកិច្ចសង្គមក្រោយសម័យកូវីដ»។
អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះបកស្រាយបន្តទៀតថាក្នុងចំណុចកណ្តាលនៃការប្រកួតប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិកនិងប្រទេសចិននោះកម្ពុជានឹងគ្មានជម្រើសណាផ្សេងទេក្រៅតែពីការបន្តការពារផលប្រយោជន៍ប្រទេសសមាជិកអាស៊ាន និងបន្តរកផ្លូវកណ្តាលដើម្បីការពារប្រយោជន៍ប្រទេសខ្លួនឯងផងដែរ។
លោក ឈាង វណ្ណារិទ្ធ បញ្ជាក់បន្ថែមថា៖ «អីចឹងការចោទ ការអី វាជារឿងធម្មតា។ អ្នកខ្លះគាត់ចោទវៀតណាមទៅអាមេរិកចឹងទៅចោទថាខ្មែរ ឬក៏ឡាវភូមាអីហ្នឹង ទៅចិនចឹងទៅហ្នឹងហើយ។ អីចឹងវា perception [ការយល់ឃើញ] របស់គេក៏ប៉ុន្តែផលប្រយោជន៍ជាតិជាស្នូលអត់មានពីណាទៅចង់ងាកដាច់ពីខាងណាមួយទេ»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន យល់ថា កម្ពុជាអាចទទួលបានទាំង«លាភនិងគ្រោះ»នៅពេលខ្លួនធ្វើជាប្រធានអាស៊ានចំពេលជម្លោះនយោបាយក្នុងប្រទេសមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។
បើតាមលោក ប៉ា ចន្ទរឿន «លាភ»ដែលកម្ពុជាអាចនឹងទទួលបាននោះគឺភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការការពារផលប្រយោជន៍អាស៊ាននិងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។ ចំណែកឯ«គ្រោះ»នោះគឺសំដៅដល់ជម្លោះនយោបាយផ្ទៃក្នុងនៅកម្ពុជាខ្លួនឯង។
លោកប្រាប់វីអូអេថា៖ «ប៉ុន្តែទន្ទឹមគ្នានោះដែរ កម្ពុជាក៏អាចប្រឈមមុខនឹងគ្រោះជាច្រើនដែលនៅក្នុងនោះយើងអាចមើលឃើញបន្ទុកធំមួយចំនួនដូចជាទីមួយគឺបញ្ហាជម្លោះនយោបាយនៅកម្ពុជាខ្លួនឯងផ្ទៃក្នុងប្រទេសហ្នឹងមិនទាន់បានដោះស្រាយឲ្យស្រេចបាច់នៅឡើយពីរ រឿងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហ្នឹងក៏នៅជាបញ្ហាធំដែលមិនទាន់បានដោះស្រាយនិងធ្វើឲ្យមានភាពល្អប្រសើរ»។
លោកបន្ថែមថាអម្រែកដ៏ធ្ងន់មួយទៀតរបស់កម្ពុជាគឺការធ្វើឲ្យមានតុល្យការនៃទំនាក់ទំនងរវាងអាស៊ាននិងប្រទេសមហាអំណាចធំៗរួមមានអាមេរិកនិងចិនដើម្បីការពារប្រយោជន៍កម្ពុជាផងនិងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះផង ខណៈកម្ពុជាកន្លងមកត្រូវគេមើលឃើញថាមានទំនាក់ទំនងកាន់តែជិតស្និទ្ធទៅនឹងប្រទេសចិន។
លោក ប៉ា ចន្ទរឿន ថ្លែងថា៖ «នៅពេលបច្ចុប្បន្ននេះទោះបីជាកម្ពុជាមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងប្រទេសចិនមួយរយៈកន្លងមកក៏ដោយប៉ុន្តែក្នុងនាមជាchair [ប្រធាន] ជាប្រធានរបស់សមាគមអាស៊ានហ្នឹងគឺត្រូវតែប្រកាន់តាមគោលការណ៍របស់សមាគមនេះ»។
កម្ពុជាធ្លាប់ធ្វើជាប្រធានអាស៊ានលើកចុងក្រោយកាលពីឆ្នាំ២០១២ ដោយនៅពេលនោះកម្ពុជាត្រូវបណ្តាញព័ត៌មានអន្តរជាតិរាយការណ៍ថាបានធ្វើឲ្យខកខានដំណើរនៃការចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាសមុទ្រចិនខាងត្បូងដែលចិនទាមទារកាន់កាប់ស្ទើរតែទាំងអស់។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ច្រានចោលមតិរិះគន់ដែលថាកម្ពុជាលម្អៀងទៅរកចិនដោយបានពន្យល់ថាកម្ពុជានឹងឈរលើគោលការណ៍កុងសង់ស៊ីស (consensus) ឬការមូលមតិគ្នាក្នុងការពិភាក្សាបញ្ហាណាមួយនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
លោក ផៃ ស៊ីផាន ថ្លែងថា៖ «ពីព្រោះអ្វីទៅដែលជាអង្គការរបស់អាស៊ានគឺ consensus [ការមូលមតិគ្នា]គឺ consensus [ការមូលមតិគ្នា]ហើយកម្ពុជាជាអ្នកដើរតួនៅក្នុងការរៀបចំធ្វើយ៉ាងម៉េចដើម្បីរក្សាវេទិកាជជែកគ្នាឈរទៅលើបែបបទការងារនិងច្បាប់របស់អាស៊ាន។ យើងអត់មានរំលោភទេដូច្នេះការពិភាក្សាគឺស្ថិតនៅក្នុងតម្លាភាពហើយស្ថិតនៅក្នុងន័យជាភាតរភាព»។
ហេតុដូច្នេះលោកថាកម្ពុជាឬក៏ជាអាស៊ាននឹងមិនផ្អែកលើឥទ្ធិពលនៃមហាអំណាចណាមួយនោះទេ។ លោកប្រាប់វីអូអេបន្ថែមថា៖ «កម្ពុជាឬក៏អាស៊ានមិនឈរទៅលើមហាអំណាចណាមួយនោះទេគឺមិនមែនស្ថិតនៅក្រោមថាមពលនៃមហាអំណាចណាទេ គឺស្ថិតនៅក្នុងគោលការណ៍ច្បាប់របស់អាស៊ានគឺស្ថិរភាព សន្តិភាពហើយនិងការអភិវឌ្ឍដែលអាស៊ានជ្រើសរើសយក»៕