ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានស្នើផ្តល់«សិទ្ធិជ្រកកោនសុវត្ថិភាព»ចំនួន១៨ខែដល់ពលរដ្ឋក្រុងហុងកុងរាប់ពាន់នាក់ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកជាជាងប្រឈមការបញ្ជូនទៅកាន់ដែនដីដែលត្រួតត្រាដោយប្រទេសចិន។
លោក Biden បានរិះគន់ការបង្ក្រាបអស់រយៈពេល១៤ខែដោយរដ្ឋាភិបាលក្រុងប៉េកាំងលើលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុងហើយថាវាជាផលប្រយោជន៍នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដើម្បីអនុញ្ញាតឲ្យអ្នកក្រុងហុងកុងស្នាក់នៅនិងធ្វើការងារនៅក្នុងសហរដ្ឋអាមេរិក។
ក្នុងសេចក្តីថ្លែងការណ៍មួយសាខាក្រសួងការបរទេសចិននៅក្នុងទីក្រុងហុងកុងបាននិយាយថាដោយប្រើពាក្យថា«ការផ្តល់អ្វីដែលហៅថាសិទ្ធិជ្រកកោនសុវត្ថិភាពនោះ» លោក Biden កំពុងព្យាយាមរិះគន់ក្រុងហុងកុងបង្ខូចឈ្មោះប្រទេសចិននិងចូលរួមក្នុងសកម្មភាពបំផ្លាញវិបុលភាពនិងស្ថិរភាពរបស់ហុងកុង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
គេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេថាតើមនុស្សប៉ុន្មាននាក់បានទទួលអត្ថប្រយោជន៍ពីបទបញ្ជានោះក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក Biden បាននិយាយថា ពលរដ្ឋក្រុងហុងកុង៣៣០.០០០នាក់ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកទំនងជាមានសិទ្ធិស្នាក់នៅ លើកលែងតែជនដែលមានទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។
នៅក្នុងបទបញ្ជារបស់លោកលោក Biden បាននិយាយថា ក្រុមអ្នកនយោបាយបក្សប្រឆាំងសកម្មជននិងបាតុករយ៉ាងតិចណាស់ក៏១០០នាក់បានត្រូវឃុំខ្លួនដោយរដ្ឋាភិបាលចិនក្នុងអំឡុងឆ្នាំមុនតាមការចោទប្រកាន់ផ្សេងៗខណៈមនុស្សជាង១ម៉ឺននាក់ទៀតបានត្រូវចាប់ខ្លួនពីបទចោទផ្សេងទៀតការទាក់ទងជាមួយនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល។
ទីក្រុងហុងកុងជាអតីតអាណានិគមរបស់ចក្រភពអង់គ្លេសដែលបានប្រគល់ទៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំងត្រួតត្រាវិញនៅឆ្នាំ១៩៩៧។
នៅពេលដែលការបង្ក្រាបរបស់ចិនលើពួកប្រឆាំងនៅតែបន្តសហរដ្ឋអាមេរិកកាលពីខែមុនបានដាក់ទណ្ឌកម្មថែមទៀតលើពួកមន្ត្រីចិននៅទីក្រុងហុងកុង៕
Steve Herman, Cindy Saine រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters។