ជំនួយការជាន់ខ្ពស់ម្នាក់របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បាននិយាយថា អ្នកស្រីបានហៅទូរស័ព្ទទៅលោក Donald Trump កាលពីថ្ងៃពុធ ដើម្បីអបអរសាទរលោក សម្រាប់ការឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បន្ទាប់ពីការប្រកួតប្រជែងដ៏ជូរចត់ និងចម្រូងចម្រាស។
ជំនួយការរូបនេះនិយាយថា អ្នកស្រី Harris នៃគណបក្សប្រជាធិបតេយ្យបានពិភាក្សាជាមួយលោក Trump ពីសារៈសំខាន់នៃការផ្ទេរអំណាចដោយសន្តិវិធី និងការធ្វើជាប្រធានាធិបតីសម្រាប់ជនជាតិអាមេរិកទាំងអស់។
បន្ទាប់ពីនោះ អ្នកស្រី Kamala Harris បានថ្លែងប្រាប់អ្នកគាំទ្រនៅសាកលវិទ្យាល័យ Howard ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធថា អ្នកស្រីបានចាញ់ការប្រកួតប្រជែងជាមួយលោក Donald Trump និងបានទទួលស្គាល់ការចុះចាញ់ប្រធានាធិបតីជាប់ឆ្នោតថ្មីពីគណបក្សសាធារណរដ្ឋរូបនេះ ក្រោយពីយុទ្ធនាការឃោសនាដ៏ស្វិតស្វាញមួយ។
អ្នកស្រី Harris បានទទូចឱ្យអ្នកគាំទ្ររបស់អ្នកស្រីទទួលស្គាល់ការចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីហើយថា អ្នកស្រីនឹងជួយលោក Trump ក្នុងដំណាក់កាលអន្តរកាលផ្ទេរអំណាចដោយសន្តិវិធី។
នៅក្នុងសុន្ទរកថានេះ អ្នកស្រីក៏បានផ្តោតលើកិច្ចការដែលបក្សប្រជាធិបតេយ្យត្រូវធ្វើនៅពេលអនាគត ក្រោយយុទ្ធនាការឃោសនារបស់អ្នកស្រីទៀត ដោយអ្នកស្រីថ្លែងថា៖ «ថ្វីបើខ្ញុំទទួលស្គាល់ការចាញ់ឆ្នោតនេះ ខ្ញុំនឹងមិនទទួលយកការឈប់តស៊ូដែលបានជំរុញយុទ្ធនាការនេះទេ៕»
វេទិកាបញ្ចេញមតិ