ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក


បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុង West Palm Beach រដ្ឋ Florida នាពេលយប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុង West Palm Beach រដ្ឋ Florida នាពេលយប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​ឈ្នះ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​បក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Kamala Harris នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២៤ នេះ។

នៅ​ក្នុង​ការ​បោះឆ្នោត​ដ៏​ប្រកៀកប្រកិត​នេះ លោក Trump ទទួល​បាន​សំឡេង​ឆ្នោត​របស់​អង្គ​បោះឆ្នោត​យ៉ាងតិច ២៧៧ សំឡេង​នៃ​សំឡេង​ឆ្នោត​របស់​អង្គ​បោះឆ្នោត​សរុប​ចំនួន ៥៣៨ សំឡេង​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ ដោយ​ធ្វើ​ឱ្យ​លោក​ទទួល​បាន​សំឡេង​ឆ្នោត​ភាគ​ច្រើន​ចាំបាច់​ដើម្បី​បាន​ក្លាយ​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ដំបូង​គេ ដែល​ឈ្នះតំណែង​ម្ដង​ទៀត​ក្នុងអាណត្តិ​មិន​ជាប់គ្នា ចាប់តាំង​ពី​ទសវត្សរ៍​១៨៩០ មក។

អ្នកស្រី Harris ដែល​បាន​ចូល​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នេះ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​កាល​ពី​ខែ​កក្កដា បាន​ព្យាយាម​ដើម្បី​ឱ្យ​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ជា​ស្ត្រី​ដំបូង​គេ​បង្អស់។

លោក Trump បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា​លោក​ជា​អ្នក​ឈ្នះ នៅ​ពេល​ដែល​លោក​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​រដ្ឋ Florida។

លោក Trump បាន​និយាយ​ថា៖ «នេះ​ជា​ចលនា​ដែល​យើង​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ហើយ​បើ​និយាយ​ឱ្យ​ស្មោះត្រង់​ទៅ ខ្ញុំ​ជឿ​ថា​នេះ​គឺជា​ចលនា​នយោបាយ​ដ៏​អស្ចារ្យ​បំផុត​ជាង​ពេល​ណាៗ​ទាំងអស់»។

លោក Trump បាន​សន្យា​ដោះស្រាយ​បញ្ហា «ព្រំដែន» និង​ដោះស្រាយ «បញ្ហា​ទាំងអស់» នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trump ក៏​បាន​និយាយ​ផង​ដែរ​ថា​លោក​នឹង​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ «សហរដ្ឋ​អាមេរិក​ខ្លាំងក្លា មាន​សុវត្ថិភាព និង​រុងរឿង»។

មន្ត្រី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី Harris បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​អ្នកស្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា អ្នកស្រី​នឹង​ថ្លែង​នៅ​ពេល​ក្រោយ​នៅ​ថ្ងៃ​ពុធ​នេះ។

នៅ​ក្នុង​ប្រព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ដែល​សំឡេងឆ្នោត​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ត្រូវ​បាន​រាប់​នៅ​ក្នុង​ការ​បោះឆ្នោត​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ទាំង​អ្នកស្រី Harris និង​លោក Trump សុទ្ធតែ​ត្រូវ​បាន​ប្រកាស​ភ្លាមៗ​ថាជា​អ្នក​ឈ្នះ​នៅ​ក្នុង​រដ្ឋ​ដែល​គណបក្ស​របស់​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​ភាគច្រើន​យ៉ាង​ជាក់ច្បាស់ ខណៈ​ដែល​ប្រទេស​ជាតិ​បាន​ផ្ដោត​លើ​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ចំនួន ៧ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​អ្នក​សម្រេច​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។

នៅ​ទីបំផុត ជ័យជម្នះ​របស់​លោក Trump នៅ​ក្នុង​រដ្ឋ Pennsylvania រដ្ឋ Georgia រដ្ឋ North Carolina និង​រដ្ឋ Wisconsin បាន​ធ្វើ​ឱ្យ​លោក​មាន​ប្រៀប​ឈ្នះ​ការ​បោះឆ្នោត​នេះ។

នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​នោះ គណបក្ស​សាធារណរដ្ឋ​ក៏​បាន​ឈ្នះ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ផង​ដែរ​ដោយ​ទទួល​បាន​អាសនៈ​យ៉ាងតិច ៥១ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ១០០។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ គេ​មិន​ទាន់​ដឹង​ថា​តើ​គណបក្ស​ណា​នឹង​ឈ្នះ​បាន​ការ​គ្រប់គ្រង​រដ្ឋសភា​នោះ​ទេ ដោយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​គណបក្ស​សាធារណរដ្ឋ​ជា​អ្នក​គ្រប់គ្រង៕

ប្រែសម្រួលដោយលោក ភី សុភាដា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG