ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​នានា​លើ​ពិភពលោក​អបអរ​សាទរ​លោក Trump ចំពោះ​ជ័យជម្នះ​លើ​ការ​បោះឆ្នោត


ស្ត្រីម្នាក់កាន់ទង់គាំទ្រលោក Trump ដែលបានព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតី នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ស្ត្រីម្នាក់កាន់ទង់គាំទ្រលោក Trump ដែលបានព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតី នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​លោក Donald Trump ក្រោយពី​ការ​ព្យាករ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​បាន​បង្ហាញ​ថា​លោក​បាន​ឈ្នះ​ដាច់​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២៤ នេះ។

លោក Trump បាន​ផ្ដួល​គូ​ប្រជែង​របស់​លោក​ខាង​បក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Kamala Harris ដោយ​ធ្វើ​ឲ្យ​រូប​លោក​ក្លាយជា​អតីត​ប្រធានាធិបតី​ខាង​បក្ស​សាធារណរដ្ឋ​ដែល​វិល​ចូល​កាន់​តំណែង​វិញ​ក្រោយ​ពី​បាត់បង់​តំណែង​នេះ​អស់​រយៈពេល ៤ ឆ្នាំ​មក។

កាលពី​ព្រឹក​ថ្ងៃ​ពុធ មេដឹកនាំ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X ដើម្បី​អបអរសាទរ​លោក Trump។ ពេល​លោក Trump កាន់​អំណាច​នៅ​អាណត្តិ​ទី​មួយ គោលនយោបាយ​ការបរទេស «‍ផ្ដល់​អាទិភាព​ដល់​សហរដ្ឋ​អាមេរិក​ជាមុន» ដែល​មិន​អាច​ព្យាករ​បាន​របស់​លោក បាន​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក៏​ដូចជា​ជាមួយ​នឹង​សត្រូវ​របស់​ខ្លួន​ផងដែរ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu គឺជា​សម្ព័ន្ធមិត្ត​អាមេរិក​ដំបូង​គេ​មួយ​ដែល​បាន​ផ្ញើ​សារ​គាំទ្រ ដោយ​កោត​សរសើរ «ការ​វិល​ត្រឡប់​មកវិញ​ជា​ប្រវត្តិសាស្ត្រ» របស់​លោក Trump។ លោក Netanyahu ថា «‍ការ​វិលត្រឡប់​មកវិញ​ជា​ប្រវត្តិសាស្ត្រ» នេះ​ផ្ដល់ «‍ការ​តាំងចិត្ត​ដ៏​មហិមា​ឡើងវិញ​ចំពោះ​សម្ព័ន្ធភាព​ដ៏​អស្ចារ្យ​រវាង​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក»។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ដែល​បាន​អំពាវនាវ​សុំ​ការ​គាំទ្រ​បន្ថែម​ពី​សហរដ្ឋ​អាមេរិក​និង​បស្ចិម​ប្រទេស​ដទៃទៀត​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី បាន​ថ្លែង​ដោយ​វិជ្ជមាន​អំពី​អ្វី​ដែល​លោក​ថា​ជា​ការ​តាំងចិត្ត​របស់​លោក Trump ចំពោះ «‍សន្តិភាព​តាម​រយ:​កម្លាំង» នៅក្នុង​កិច្ចការ​ពិភពលោក។

លោក Zelenskyy បាន​និយាយ​ថា៖ «‍នេះ​បាន​ចំ​ជា​គោលការណ៍​ដែល​អាច​ធ្វើ​ឲ្យ​អ៊ុយក្រែន​កាន់តែ​ឆាប់​ទទួល​បាន​នូវ​សន្តិភាព​ដ៏​យុត្តិធម៌​តាម​លក្ខណៈ​ប្រតិបត្តិ​ជាក់ស្ដែង។ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ប្រែក្លាយ​វា​ទៅ​ជា​សកម្មភាព​ជាមួយ​គ្នា»។

ប្រមុខ​អង្គការ​អូតង់ (NATO) ក៏​បាន​លើកឡើង​ស្រដៀងគ្នា​នេះ​ដែរ​នៅក្នុង​សារ​អបអរសាទរ​លោក Trump ទោះបីជា​កន្លង​មក​លោក Trump បាន​រិះគន់​សម្ព័ន្ធភាព​យោធា​បស្ចិម​ប្រទេស​នេះ​ជា​យូរ​មកហើយ​ថា​មិន​បាន​ធ្វើ​កិច្ចការ​សមល្មម​ដើម្បី​ការពារ​អឺរ៉ុប​ក៏ដោយ។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Mark Rutte ថា៖ «‍ភាព​ជា​អ្នក​ដឹកនាំ​របស់​លោកTrump ជា​ថ្មី​ម្តង​ទៀត​នឹង​រក្សា​សម្ព័ន្ធភាព​របស់​យើង​ឲ្យ​នៅ​រឹងមាំ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​លោក​ម្តង​ទៀត​ដើម្បី​ពន្លឿន​សន្តិភាព​តាមរយ:​កម្លាំង​តាម​ក្របខ័ណ្ឌ​អូតង់»។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ក៏​បាន​សម្ដែង​ការ​អបអរសាទរ​ផងដែរ ដោយ​និយាយ​ថា លោក «‍ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ធ្វើការ​ជាមួយ​គ្នា» ដូច​ដែល​លោក​និង​លោក Trump «បាន​ធ្វើ​អស់​រយៈពេល ៤ ឆ្នាំ​មក​ហើយ»។

ប្រធាន​គណ:កម្មការ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​និយាយ​ថា អ្នកស្រី «‍អបអរសាទរ​យ៉ាង​កក់ក្ដៅ» ចំពោះ​លោក Trump និង​បាន​សរសើរ «‍ភាព​ជា​ដៃគូ​ពិត​ប្រាកដ» រវាង​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្លែងនៅក្នុងពិធីជាតិមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្លែងនៅក្នុងពិធីជាតិមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

ក្នុង​អំឡុង​អាណត្តិ​ទី​មួយ​របស់​លោក Trump ភាព​ប្រេះឆា​បាន​ផ្ទុះឡើង​រវាង​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដែល​មួយ​ផ្នែក​គឺ​ដោយសារ​ការ​ដាក់​ពន្ធ​គយ​របស់​លោក Trump លើ​ទំនិញ​នាំចូល​ពី​អឺរ៉ុប។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មិន​បាន​បញ្ចេញ​មតិ​អ្វី​លើ​លទ្ធផល​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ទេ។ ប៉ុន្តែ អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev បាន​ចំអក​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ចំពោះ​បរាជ័យ​របស់​អ្នកស្រី Harris ដោយ​និយាយ​ថា «‍អ្នកស្រី Kamala ចប់​ហើយ។ ...ឲ្យ​អ្នកស្រី​សើច​ទៀត​ទៅ»។

លោក Medvedev បាន​បន្ត​ថា៖ «‍គោលដៅ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស [របស់​រុស្ស៊ី] នឹង​មិន​ផ្លាស់ប្តូរ​ទេ ហើយ​នឹង​សម្រេច​បាន»។

ចំណែក​ឯ​បណ្ដា​មេដឹកនាំ​នៅ​ទ្វីប​អាស៊ី​វិញ​ក៏​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់​លោក Trump ផងដែរ។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​សម្តែង «‍ការ​អបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​បំផុត» ចំពោះ​លោក Trump ដែល​លោក​ហៅ​ថា​ជា​មិត្តភក្ដិ​របស់​លោក។

នាយករដ្ឆមន្ត្រី​ជប៉ុន​លោក Shigeru Ishiba បាន​សម្តែង «‍ការ​អបអរសាទរ​អស់​ពី​ដួងចិត្ត» ចំពោះ​លោក Trump ដោយ​លោក​និយាយ​ថា​លោក​សង្ឃឹម​ថា​នឹង «‍ជំរុញ​សម្ព័ន្ធភាព​រវាង​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត និង​សហការ​លើកស្ទួយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឲ្យ​មាន​ភាព​សេរី​និង​បើក​ចំហ»។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. បាន​សម្តែង​ក្តី​សង្ឃឹម​ថា «‍សម្ព័ន្ធភាព​ដែល​មិន​អាច​រង្គោះរង្គើ​បាន» រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន «‍នឹង​ក្លាយជា​កម្លាំង​ដ៏​ត្រឹមត្រូវ​មួយ​ដែល​នឹង​ក្រាល​ផ្លូវ​ឆ្ពោះ​ទៅ​រក​វិបុលភាព​និង​ចំណង​មិត្តភាព​នៅ​ក្នុង​តំបន់​និង​នៅ​សងខាង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា ចិន «‍នឹង​បន្ត​ដោះស្រាយ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ផ្អែក​លើ​គោលការណ៍​គោរព​គ្នា​ទៅវិញ​ទៅមក សន្តិសហវិជ្ជមាន និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ»៕

ប្រែសម្រួលដោយលោក សាយ មុន្នី

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG