នៅក្នុងខែចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦នេះ គណបក្សបៃតងដែលជាគណបក្សឆ្វេងនិយមមួយ បានហៅខ្លួនឯងថាជា«ភាពខុសប្លែកពិតប្រាកដ» និងបានអញ្ជើញអ្នកគាំទ្ររបស់លោក Bernie Sanders បេក្ខជនប្រធានាធិបតីមួយរូបនៃគណបក្សប្រជាធិបតេយ្យ ឲ្យពិចារណាលើគណបក្សបៃតងនេះថាជាជម្រកនយោបាយរបស់ពួកគេ។
គណបក្សបៃតងយកគោលការណ៍បៃតងជាមូលដ្ឋានរបស់ពួកគេ ដែលជាសង្គមមួយប្រកបដោយនិរន្តរភាពផ្នែកអេកូឡូស៊ី ដូចជាបរិស្ថាននិយម មូលដ្ឋានលទ្ធិប្រជាធិបតេយ្យអហិង្សា។ ប៉ុន្តែគណបក្សនេះក៏កំពុងតែប្រយុទ្ធដើម្បីទទួលបានសិទ្ធិមូលដ្ឋានក្នុងការទទួលបានការគាំទ្រពីអ្នកបោះឆ្នោតផងដែរ។
លោកស្រី Jill Stein សមាជិកម្នាក់នៃគណបក្សបៃតងដែលសង្ឃឹមថានឹងបានក្លាយជាប្រធានាធិបតី បាននិយាយនៅក្នុងខែមិថុនាថា៖ «យើងកំពុងប្រយុទ្ធដើម្បីទាមទារឲ្យមានការជជែកដេញដោលគ្នា ដើម្បីឲ្យប្រជាជនអាមេរិកអាចសម្រេចចិត្តថា តើអ្នកណាជាជម្រើសរបស់ពួកគេ»។ ការជជែកដេញដោលដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីជាទូទៅត្រូវបានធ្វើឡើងក្នុងចំណោមបេក្ខជនមកពីគណបក្សធំៗទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។
លោកស្រី Stein ក៏បានអំពាវនាវឲ្យបើកការបោះឆ្នោតប្រចាំរដ្ឋនីមួយៗសម្រាប់បេក្ខជនទាំងអស់ផងដែរ។ លោកនិយាយថា៖ «យើងអំពាវនាវឲ្យមានច្បាប់ប្រកបដោយសុភវិនិច្ឆ័យមួយក្នុងការចូលរួមប្រកួតប្រជែង»។
រហូតមកដល់ខែមិថុនា ឆ្នាំ២០១៦នេះ គណបក្សបៃតងមានវត្តមាននៅលើសន្លឹកឆ្នោតក្នុងរដ្ឋចំនួន២០ និងកំពុងខិតខំប្រឹងប្រែងដើម្បីទទួលបានឈ្មោះនៅក្នុងសន្លឹកឆ្នោតក្នុងរដ្ឋផ្សេងទៀត។ តម្រូវការចំាបាច់ដើម្បីទទួលបានឈ្មោះនៅលើសន្លឹកឆ្នោតមានភាពខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ ហើយក៏អាចមានភាពតឹងតែងផងដែរ។
តើគណបក្សបៃតងតំណាងឲ្យអ្វី?
សមាជិកគណបក្សបៃតងនិយាយថា ពួកគេប្តេជ្ញាធ្វើឲ្យមានយុត្តិធម៌ក្នុងសង្គម កែប្រែលទ្ធិប្រជាធិបតេយ្យសារជាថ្មីដោយមិនចាំបាច់មានការគាំទ្រពីក្រុមហ៊ុនសាជីវកម្មធំៗ និងផ្តោតលើកម្មវិធីបរិស្ថានប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។ គណបក្សនេះក៏គាំទ្រការតម្លើងប្រាក់កម្រៃអប្បបរមា កំណែទម្រង់ការបោះឆ្នោត និងការដោះស្រាយការបម្រែបម្រួលអាកាសធាតុ។
លោកស្រី Stein និយាយថា៖ «ប្រជាជនអាមេរិកធុញទ្រាន់នឹងសេដ្ឋកិច្ចនិងប្រព័ន្ធនយោបាយទុច្ចរិតដែលបង្កើតបានជាការលួចបន្លំសន្លឹកឆ្នោត។ បេក្ខជនដែលគេសន្មតថានឹងត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ គឺជាមនុស្សដែលមិនគួរឲ្យចូលចិត្តនិងមិនគួរឲ្យទុកចិត្តជាងអ្នកណាទាំងអស់»។
ទាក់ទិននឹងគោលនយោបាយការបរទេស គណបក្សបៃតងអំពាវនាវឲ្យមានការបញ្ចប់អាវុធនុយក្លេអ៊ែរដោយប្រកាសពីគោលនយោបាយមិនធ្វើជាអ្នកទីមួយដែលបាញ់អាវុធនេះ និងការប្តេជ្ញាចិត្តថា «សហរដ្ឋអាមេរិកនឹងមិនគំរាមកំហែង ឬប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ មិនថាប្រទេសគ្មានអាវុធនុយក្លេអ៊ែរដែលជាសត្រូវនោះមានទំហំប៉ុណ្ណាក៏ដោយ»។ គណបក្សនេះក៏ប្តេជ្ញាគាំទ្រការចរចាដោយសន្តិភាពនៅមជ្ឈឹមបូព៌ា។
ចំពោះកិច្ចការជួរមុខក្នុងស្រុកវិញ គណបក្សបៃតងទាមទារឲ្យមានការថែទាំសុខភាពជាសកលដោយប្រើប្រាស់ «ការធានារ៉ាប់រងសុខភាពជាតិដែលរដ្ឋជាអ្នកចេញថ្លៃ» ដែលធានាថានឹងមានការព្យាបាលដល់ជនជាតិអាមេរិកទាំងអស់ និងគាំទ្រសិទ្ធិរបស់ស្រ្តីក្នុងការបង្កកំណើតកូនដោយជំរុញឲ្យគ្លីនិកផ្តល់ការព្យាបាលច្រើនជាងមុន និងផ្តល់សេវាប្រឹក្សាយោបល់ដោយឥតគិតថ្លៃលើបញ្ហាពន្យារកំណើតនិងការរំលូតកូន។
គោលនយោបាយរបស់គណបក្សនេះគឺ៖ «យើងនឹងធ្វើការដើម្បីដកទ័ពចេញនិងលុបបំបាត់អាវុធប្រល័យលោកផ្សេងៗ ដោយយល់់ដឹងច្បាស់ពីគោលបំណងរបស់រដ្ឋាភិបាលប្រទេសផ្សេងទៀត។ យើងទទួលស្គាល់តម្រូវការក្នុងកិច្ចការពារខ្លួន និងកិច្ចការពាររបស់អ្នកដទៃទៀតដែលមិនអាចជួយខ្លួនឯងបាន»។
គណកម្មាធិការជាតិបៃតងបានអនុម័តលើគោលនយោបាយរបស់ខ្លួននៅឆ្នាំ២០១៤ ប៉ុន្តែមន្រ្តីម្នាក់បាននិយាយថា គោលនយោបាយនោះត្រូវបានកែសម្រួល។ គោលនយោបាយផ្លូវការនឹងត្រូវដាក់បង្ហាញដល់បេក្ខជនប្រធានាធិបតីរបស់គណបក្សនេះក្នុងសន្និបាតជាតិរបស់គណបក្សបៃតង ដែលកំណត់ធ្វើឡើងពីថ្ងៃទី៤ដល់ទី៧ ខែសីហា នៅសាកលវិទ្យាល័យ Houston ក្នុងរដ្ឋតិចសាស់ (Texas)។
ក្រៅពីលោកស្រី Stein លោក William Kreml ក៏កំពុងព្យាយាមក្លាយជាបេក្ខជនឈរឈ្មោះប្រធានាធិបតីតំណាងគណបក្សនេះដែរ។
ខាងក្រោមនេះគឺជាគោលជំហររបស់គណបក្សបៃតងលើបញ្ហាផ្សេងៗ៖
- គាំទ្រឲ្យមានការធ្វើកំណែទម្រង់ការបោះឆ្នោត
- គាំទ្រឲ្យមានការដាក់ស្លាកសម្គាល់អាហារដែលមាន «សារពាង្គកាយត្រូវបានកែប្រែដោយហ្សែន»
- តស៊ូមតិឲ្យលុបចោលបំណុលរបស់និស្សិត
- ប្រឆាំងនឹងការចូលវិភាគទានរបស់សាជីវកម្មក្នុងការឃោសនាបោះឆ្នោត
- ជឿជាក់លើប្រភពថាមពលកើតឡើងវិញ និងការប្រើប្រាស់ថាមពលបានពីកម្លាំងខ្យល់និងព្រះអាទិត្យដែលមានតម្លៃទាប
- គាំទ្រការកាត់បន្ថយថវិកាសម្រាប់យោធា
- លើកទឹកចិត្តឲ្យមានកម្មវិធីផ្សេងៗដែលជាជម្រើសមួយផ្សេងទៀតជាជាងការដាក់ពន្ធនាគារ
- គាំទ្រការការដោះលែងអ្នកទោសដែល «ចាស់ជរាខ្លាំង»
- មិនគាំទ្រទោសប្រហារជីវិត
- ចង់លុបបំបាត់ភាពខ្វះចន្លោះក្នុងច្បាប់គ្រប់គ្រងអាវុធ និងពង្រីកការត្រួតពិនិត្យប្រវត្តិរូបចំពោះការលក់អាវុធឯកជនទាំងអស់
- គាំទ្រយ៉ាងពេញទំហឹងដល់ប្រព័ន្ធសន្តិសុខសង្គម
- ជឿជាក់លើការអនុម័តប្រាក់ឈ្នួលអប្បបរមានិងសិទ្ធិក្នុងការប្រមូលផ្តុំ៕
ប្រែសម្រួលដោយនៀម ឆេង