នៅលើផ្លូវក្រាលថ្មបុរាណនានា ក្នុងរដ្ឋធានីអាថែន ប្រទេសក្រិក ម្ចាស់ហាងលក់ភេសជ្ជៈលោក Spiros Bairaktaris បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនឹងព័ត៌មានដ៏រីករាយ ដែលគេហៅថាជាការវិលត្រឡប់មកវិញនៃទេសចរជនជាតិចិន។
លោកថ្លែងដូចនេះថា៖ «យើងរង់ចាំពួកគេដោយក្តីស្រឡាញ់ពេញចិត្តពីបេះដូងយើង។ យើងចង់ទទួលពួកគេ ផ្គត់ផ្គង់និងផ្តល់ឱ្យគេនូវសេវានានារបស់យើង»។
លោកនិយាយថា ភោជនីយដ្ឋានទាំងអស់នៅទីនេះ កំពុងរង់ចាំការមកដល់របស់ពួកគេទាំងនោះ ដោយអន្ទះសារ។
ខណៈពេលដែលក្រុមទេសចរចិននានា ទើបតែចាប់ផ្តើមត្រឡប់មកកាន់ប្រទេសក្រិកនោះ ប្រទេសនេះរំពឹងថា ចំនួនទេសចរចិននឹងមានការហក់ឡើងខ្ពស់នៅក្នុងរដូវក្តៅនេះ ដែលអាចមានចំនួនលើសទេសចរចិន២សែននាក់ ដែលបានមកទស្សនាក្រិកកាលពីមុនការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានកិច្ចប្រជុំមួយចំនួនរវាងមន្ត្រីក្រិកនិងចិន ដើម្បីជួយសម្រួលលើការរឹតបន្តឹងទិដ្ឋាការ។ ជើងហោះហើរផ្ទាល់ត្រូវបានបន្តឡើងវិញ ហើយក៏មានការបង្កើនចំនួនទីតាំងទេសចរណ៍សំខាន់ៗ សម្រាប់លើកកម្ពស់ទេសចរមកពីចិនផងដែរ។
វិស័យទេសចរណ៍ផ្តល់ចំណូលប្រមាណជាង១ភាគ៤ នៃប្រាក់ចំណូលសេដ្ឋកិច្ចទាំងមូលរបស់ក្រិក។ ហើយជាមួយនឹងការព្យាករណ៍ទុកជាមុនថា នឹងមានទេសចរប្រមាណជាង៣០លាននាក់ នឹងចូលមកទស្សនាក្រិកនៅក្នុងរដូវក្តៅនេះ ហាងទំនិញនិងមន្ត្រីជាច្រើនរបស់ក្រិកនិយាយថា ការវិលត្រឡប់មកវិញនៃក្រុមទេសចរចិននោះ នឹងជួយជំរុញម៉ាស៊ីនកំណើនសេដ្ឋកិច្ចរបស់ក្រិក ដែលបានចុះអន់ថយក្នុងរយៈពេល១ទសវត្សរ៍កន្លងទៅ ក៏ដូចជាក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ផងដែរ។
លោកស្រី Sofia Zacharaki អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្រិក បានថ្លែងដូចនេះថា៖
«ក្នុងអតីតកាល យើងបានឃើញពីការចំណាយជាមធ្យមរបស់ទេសចរចិន មានចំនួនលើសទ្វេដងនៃទេសចរមកពីអឺរ៉ុប ពេលគេមកលេងប្រទេសក្រិក»។
អារម្មណ៍កក់ក្តៅរាក់ទាក់ និងស្វាគមន៍សប្បាយរីករាយ គឺជារឿងថ្មីមួយនៅក្រិក។
ប៉ុន្តែកាលពី៥ឆ្នាំមុន និងមុនជំងឺកូវីដ១៩ឆ្លងរាតត្បាតនោះ ហាងទំនិញនិងពលរដ្ឋក្រិកជាច្រើននាក់និយាយថា ពួកគេអន់ចិត្តនឹងអ្វីដែលគេហៅថាជាទង្វើហួសហេតុនៃក្រុមទេសចរចិន។ ពលរដ្ឋក្រិកលើកឡើងដោយយោងទៅលើអ្វី ដែលគេនិយាយថា ជាការធ្វើពាណិជ្ជកម្មហួសហេតុទៅលើការរៀបអាពាហ៍ពិពាហ៍តាមលក្ខណៈប្រពៃណីយចិននៅលើទីតាំងថ្ងៃលិចដ៏ប្រណិតនៅតាមកោះពេញនិយមនានា ដូចជាកោះ Santoriniរបស់ក្រិកជាដើម។
ពួកគេក៏និយាយផងដែរថា នៅលើកោះ Santorini និងកោះដទៃទៀត ការអនុវត្តច្បាប់ ការប្រមូលសម្រាម និងសេវាដទៃផ្សេងៗទៀតបានធ្វើការហួសសមត្ថភាពដោយសារតែការហូរចូលដ៏គំហុកនៃទេសចរចិន។ ការបារម្ភដទៃទៀតក៏ត្រូវបានលើកឡើងផងដែរ គឺការសាងសង់គ្មានសណ្តាប់ធ្នាប់ ខណៈពេលដែលដែលអ្នករៀបចំទទួលនៅលើកោះទាំងនោះ គិតតែពីរឿងកន្លែងស្នាក់នៅរបស់ទេសចរទាំងនោះ។
ក្រុមប្រជាពលរដ្ឋក្រិកក្នុងមូលដ្ឋានជាច្រើនពេលនោះ បានចាប់ផ្តើមបារម្ភថា ជនជាតិចិន និងទេសចរផ្សេងៗទៀត ជាការកំរាមកំហែងដល់សាមគ្គីភាពសង្គម។
ពេលនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើការបារម្ភដែលធ្លាប់តែចាក់ឫសរឹងមាំកាលពីពេលមុននោះ នឹងកើតឡើងជាថ្មីម្តងទៀតឬយ៉ាងណានោះ។
ប៉ុន្តែបច្ចុប្បន្ននេះ បញ្ជីមុខម្ហូបនានានៅតាមភោជនីយដ្ឋាន ត្រូវបានបកប្រែទៅជាភាសាចិន និងហាងទំនិញជាច្រើនមានតុបតែងលម្អរដោយទង់ជាតិចិន។ ក្រុមបុគ្គលិកដែលបម្រើការនៅតាមបណ្តាសណ្ឋាគារនានា កំពុងនាំគ្នាសម្រុករៀនភាសាចិន៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ