យន្តហោះដឹកទំនិញអ៊ុយក្រែនមួយគ្រឿងផ្ទុកអាវុធយុទ្ធភណ្ឌ១១តោនពីប្រទេសស៊ែប៊ី ទៅកាន់ប្រទេសបង់ក្លាដែស បានធ្លាក់នៅភាគខាងជើងប្រទេសក្រិក កាលពីល្ងាចថ្ងៃសៅរ៍។
អាវុធយុទ្ធភណ្ឌទាំងនោះត្រូវបានទិញដោយក្រសួងការពារជាតិបង់ក្លាដែស។ អ្នកជំនាញខាងគ្រឿងផ្ទុះត្រូវបានហៅទៅកន្លែងកើតហេតុ។ អាជ្ញាធរមិនអាចដកយកប្រអប់ខ្មៅពីយន្តហោះ Meridian ទេ រហូតទាល់តែអ្នកជំនាញបញ្ចប់ការងាររបស់ពួកគេ។
មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា សមាជិកក្រុមអកាសយានិកអ៊ុយក្រែនទាំងប្រាំបីនាក់បានស្លាប់នៅក្នុងការធ្លាក់នៅជិតទីក្រុង Kavala។ អ្នកស្រុកបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះជិតពីរម៉ោងបន្ទាប់ពីការធ្លាក់យន្តហោះ។ ពួកគេបានឃើញយន្តហោះបានឆាបឆេះមុនពេលវាធ្លាក់។
អ្នកស្រី Aimilia Tsaptanova បានប្រាប់អ្នកកាសែតថា «អស្ចារ្យណាស់ វាមិនធ្លាក់មកលើផ្ទះរបស់យើងព្រោះមើលទៅ ដូចនៅចំលើផ្ទះរបស់យើង។ មើលទៅសុទ្ធតែផ្សែង។ វាមានសំឡេងផ្ទុះដែលខ្ញុំមិនអាចពណ៌នាបាន ហើយបានហោះហួសភ្នំ បត់ ហើយធ្លាក់ចូលទៅក្នុងវាល»។
អ្នកបើកយន្តហោះបានសុំការអនុញ្ញាតពីអាជ្ញាធរអាកាសចរណ៍ក្រិកសម្រាប់ចុះចតគ្រាអាសន្ន ប៉ុន្តែអាជ្ញាធរក្រិកបានដាក់ទំនាក់ទំនងជាមួយយន្តហោះនោះភ្លាមៗបន្ទាប់ពីការស្នើសុំ។ របាយការណ៍ដំបូងបាននិយាយថា យន្តហោះនេះមានទិសដៅទៅប្រទេសហ្សកដានី ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា យន្តហោះនេះហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Queen Alia នៅប្រទេសហ្ស៊កដានីដើម្បីចាក់សាំងតែប៉ុណ្ណោះ៕