ជនជាប់ចោទបានឡើងសវនាការនៅកោះ Lesvos ប្រទេសក្រិក ជាង៤ឆ្នាំក្រោយមានបទចោទកាលពីឆ្នាំ២០១៨។ អ្នកដែលប្រឈមមុខនឹងសវនាការសុទ្ធតែជាសមាជិក ឬអ្នកស្ម័គ្រចិត្តនៃអង្គការក្រៅរដ្ឋាភិបាលរបស់ក្រិកមួយឈ្មោះថា មជ្ឈមណ្ឌលអន្តរជាតិឆ្លើយតបគ្រាអាសន្ន ឬ ERCI។
អ្នកស្រី Liz Throssell អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានថ្លែងថា សកម្មជនទាំង២៤នាក់បានស្ថិតក្នុងច្បាប់ស្រពិចស្រពិលជាច្រើនឆ្នាំ។ អ្នកស្រីបានថ្លែងបន្តថា សកម្មជន ២ នាក់ត្រូវបានឃុំខ្លួនមុនសវនាការអស់រយៈពេល១០៦ថ្ងៃ។ អ្នកស្រីថា ពួកគេប្រឈមនឹងបទចោទផ្សេងៗដូចជាបទមជ្ឈឹម ដែលពាក់ព័ន្ធនឹងសកម្មភាពចារកិច្ច និងការផ្ទេរព័ត៌មានរដ្ឋ។ អ្នកស្រីថា ពួកគេក៏ជាប់ចោទពីបទជួយនិងញុះញង់ឱ្យមានការរៀបចំបទល្មើសព្រហ្មទណ្ឌផងដែរ។
អ្នកស្រី Liz Throssell បានថ្លែងក្នុងសម្តីដើមថា៖ «សវនាការដូចនេះមានការបារម្ភខ្លាំង ដោយសារពួកគេដាក់ទោសព្រហ្មទណ្ឌលើកិច្ចការជួយសង្គ្រោះអាយុជីវិត និងបង្កើតទម្លាប់ដ៏គ្រោះថ្នាក់មួយ។ តាមពិត វាមានផលប៉ះពាល់ដល់ការអនុវត្តសិទ្ធិស្របច្បាប់រួចទៅហើយ ដោយអ្នកការពារសិទ្ធិមនុស្ស និងអង្គការមនុស្សធម៌ត្រូវបានបង្ខំឱ្យផ្អាកការងារសិទ្ធិមនុស្សរបស់ពួកគេនៅក្នុងប្រទេសក្រិក និងប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប។ យើងសូមធ្វើការអំពាវនាវម្តងទៀតឱ្យមានការទម្លាក់បទចោទប្រឆាំងនឹងសកម្មជនទាំង ២៤ នាក់»។
នៅចន្លោះឆ្នាំ២០១៦ និង២០១៨ អង្គការ ERCI បានជួយមនុស្សជាង ១.០០០ នាក់ដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៅសមុទ្រដើម្បីស្វែងរកកន្លែងសុវត្ថិភាពនិងជំនួយនៅលើកោះ Lesvos ប្រទេសក្រិក។ រដ្ឋាភិបាលក្រិកបានបង្ខំឱ្យអង្គការនេះបិទប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៩។
អ្នកស្រី Throssell បានថ្លែងថា អង្គការក្រៅរដ្ឋាភិបាល ជាច្រើនផ្សេងទៀតក៏បានបញ្ឈប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះចាប់ពីខែឧសភា ឆ្នាំ២០១៩ មកផងដែរ។ នោះកើតឡើងនៅពេលដែលរដ្ឋាភិបាលនាពេលបច្ចុប្បន្នឡើងកាន់អំណាច និងបានចេញវិធានការច្បាប់តឹងរ៉ឹងជាច្រើន។
ចាប់តាំងពីពេលបេសកកម្មស្វែងរក និងជួយសង្គ្រោះជនស៊ីវិលនៅក្រៅប្រទេសក្រិកត្រូវបានបញ្ចប់ អ្នកស្រីបានថ្លែងថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិបានកត់ត្រាជនទេសន្តរប្រវេសន៍ចំនួន ៤៩២ នាក់ដែលបានស្លាប់ ឬបាត់ខ្លួននៅសមុទ្រ។ អ្នកស្រីថា វាពិបាកនឹងស្វែងរកហេតុផលទូទៅនៃការស្លាប់ទាំងនោះណាស់។ អ្នកស្រី Throssell បានថ្លែងក្នុងសម្តីដើមថា៖
«ប៉ុន្តែខ្ញុំគិតថា វាច្បាស់ណាស់ថា លោកអ្នកឃើញមានមនុស្សជាប់នៅសមុទ្រ មនុស្សដែលនៅលើទូកដែលអាចនឹងក្រឡាប់ និងអាចលិចបាត់។ ពួកគេនៅក្នុងទឹក ហើយគ្មានមនុស្សទៅជួយសង្គ្រោះពួកគេ។ ដូច្នេះ នេះហើយជាមូលហេតុដែលយើងនិយាយថា សវនាការនេះ និងសវនាការប្រហាក់ប្រហែលនេះជាក្តីបារម្ភខ្លាំងមួយ ដោយសារពួកគេបានដាក់ទោសព្រហ្មទណ្ឌលើសកម្មភាពជួយសង្គ្រោះជីវិតមនុស្ស»។
អ្នកស្រី Throssell បានកត់សម្គាល់ថា កាលពីថ្ងៃទី១៣ ខែមករា រដ្ឋអាជ្ញាបានស្នើឱ្យទម្លាក់បទចោទមួយចំនួនប្រឆាំងនឹងជនជាប់ចោទ។ ខណៈដែលស្វាគមន៍ការវិវឌ្ឍថ្មីនេះ អ្នកស្រីនៅតែលើកឡើងម្តងទៀតពីការអំពាវនាវរបស់ក្រុមមន្ត្រីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិឱ្យទម្លាក់បទចោទទាំងអស់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សទាំង ២៤ នាក់៕