រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកជាច្រើនទៅកាន់ទ្វីបអឺរ៉ុបនៅថ្ងៃសុក្រនេះ ដោយមានការចូលរួមនៅឯសន្និសីទសន្តិសុខនៅក្នុងទីក្រុង Munich (មុយនិច) ប្រទេសអាល្លឺម៉ង់។ លោកក៏នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីនិងក្រិកមុនខួបថ្ងៃទី២៤ ខែកុម្ភៈនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ហើយនឹងនៅពេលដែលតួកគីបន្តកិច្ចប្រតិបត្តិការជួយសង្គ្រោះរបស់ខ្លួន បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង ដែលបានធ្វើឱ្យមានវិនាសកម្មដល់ប្រទេសជាសមាជិករបស់អង្គការអូតង់មួយនេះកាលពីសប្តាហ៍មុន។
សន្និសីទសន្តិសុខទីក្រុង Munich ដែលមានរយៈពេល៣ថ្ងៃបើកធ្វើឡើងនៅថ្ងៃសុក្រនេះ។ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris អធិការបតីអាល្លឺ ម៉ង់លោក Olaf Scholz ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានអង្គការអូតង់លោក Jens Stoltenberg និងអ្នកការទូតកំពូលចិនលោក Wang Yi ក៏នឹងស្ថិតនៅក្នុងចំណោមអ្នកដែលចូលរួមក្នុងសន្និសីទនេះផងដែរ។
នៅទីក្រុង Munich លោក Blinken នឹងចូលរួមនៅក្នុងជំនួបជាបន្តបន្ទាប់ដើម្បីពិភាក្សាការបន្តការគាំទ្រប្រទេសអ៊ុយក្រែននិងការជួយឧបត្ថម្ភដល់ពលរដ្ឋតួកគីនិងស៊ីរីបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមក។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
នៅពេលដែលប្រទេសអ៊ុយក្រែនប្រុងប្រៀបទប់ទល់ការវាយប្រហារថ្មីដ៏ធំមួយពីរុស្ស៊ី ពួកមេដឹកនាំប្រទេសលោកខាងលិចនៅឯជំនួបនេះទំនងជាបន្តការតាំងចិត្តរបស់ខ្លួនដើម្បីជួយឧបត្ថម្ភដល់រដ្ឋាភិបាលអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើការលើកញ្ចប់ជំនួយសន្តិសុខដ៏ធំមួយដែលនឹងត្រូវប្រកាសនៅជិតខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ កម្មវិធីនៃការដាក់ទណ្ឌកម្មថ្មីមួយទៀតដែលសំដៅលើប្រទេសរុស្ស៊ីនិងបរិវាររបស់ខ្លួនក៏អាចត្រូវគេរំពឹងនឹងកើតមានផងដែរ។
មន្ត្រីក្រសួងការបរទេសរូបនោះបានប្រាប់ពួកអ្នកយកព័ត៌មានថាមិនមានការចង្អុលបង្ហាញថាប្រធានាធិបតីរុស្ស៊ីលោកVladimir Putin មានការគិតគូរខ្លាំងអំពីការចរចាខាងការទូតនោះទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើសេដ្ឋកិច្ចរបស់រុស្ស៊ីដើម្បីបង្ខំឱ្យលោក Putinមកកាន់តុចរចា។
ដំណើរទស្សនកិច្ចរបស់លោកBlinken កើតមានឡើងនៅពេលការខិតខំជួយសង្គ្រោះដើម្បីជួយមនុស្សដែលជាប់នៅក្នុងគំនរថ្មបាក់បែកអស់ជាងមួយសប្តាហ៍ បន្ទាប់ពីការរញ្ជួយដីដែលមានកម្លាំង៧,៨រិជ្ជទ័របានបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំងទាំងនៅតំបន់ភាគអាគ្នេយ៍ប្រទេសតួកគីនិងតំបន់ភាគខាងជើងប្រទេសស៊ីរី។ ការរញ្ជួយដីនេះបានសម្លាប់មនុស្សជាង៤ម៉ឺន១ពាន់នាក់៕
លោក Blinken ធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ តួកគី និងក្រិក នៅពេលមានសង្គ្រាមនៅអ៊ុយក្រែននិងក្រោយការរញ្ជួយដី
ក្រសួងការបរទេសសហរដ្ឋអាមេរិក —