ក្រុមអ្នកការពារសិទ្ធិកម្មករនៅថ្ងៃចន្ទនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាសំណើរបស់ក្រុមអ្នកបញ្ជាទិញទំនិញកាត់ដេរពីប្រទេសកម្ពុជា ដែលបានសុំឲ្យមានការបើកទូលាយឡើងវិញនូវសេរីភាពដល់កម្មករក្នុងការចងក្រងសហជីព និងលុបចោលច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញចំនួនជាង២០ ក្នុងនោះមានក្រុមហ៊ុនល្បីៗដូចជា Adidas និង Puma បានថ្លែងក្នុងលិខិតមួយផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេសកម្ពុជា ត្រូវកែប្រែលក្ខខណ្ឌច្បាប់លើការអនុវត្តសិទ្ធិសហជីព បញ្ឈប់ការគាបសង្កត់លើអង្គការក្រៅរដ្ឋាភិបាល និងលើកលែងការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំសហជីព នៅគ្រាដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងពិចារណា និងស្នើឲ្យពិនិត្យប្រព័ន្ធឋាន:អនុគ្រោះពាណិជ្ជកម្មដែលបានផ្តល់ដល់ប្រទេសកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាប្រាប់ VOA នៅថ្ងៃចន្ទនេះថា កម្ពុជានឹងប្រឈមហានិភ័យធំមួយ ប្រសិនបើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានភាពយឺតយ៉ាវ ក្នុងការឆ្លើយតបទៅនឹងការចង់បានរបស់ក្រុមអ្នកបញ្ជាទិញនោះ ទាក់ទងនឹងការលើកកម្ពស់សិទ្ធិការងារ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា វាធំ ដោយសារតែ នៅក្នុងសំណូមពរច្បាស់ៗហើយ ទីមួយពន្លឿនការកែប្រែច្បាប់សហជីព និងច្បាប់សមាគមអីផ្សេងៗហ្នឹង ហើយរួមទាំងដោះស្រាយពាក្យបណ្តឹងទាំងអស់ដែលប្តឹង មកលើមេដឹកនាំសហជីពហ្នឹង ធ្វើម៉េចឲ្យវាបានលឿន ហើយត្រូវធានាថា សេរីភាពកម្មករនិយោជិតហ្នឹង វាមានសេរីភាពក្នុងការធ្វើការសកម្មភាព សហជីពហ្នឹងឲ្យស្របតាមច្បាប់ ហើយធានាដល់សិទ្ធិកម្មករ»។
លិខិតរបស់ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផលិតផលកាត់ដេរពីប្រទេសកម្ពុជាបានស្នើឲ្យរដ្ឋាភិបាលប្រទេសក្រីក្រមួយនេះ កែប្រែចំណុចគន្លឹះចំនួនបួនសំខាន់ៗ។
ពួកគេ បានថ្លែងថា រដ្ឋាភិបាលកម្ពុជាត្រូវ «ធ្វើជាបន្ទាន់នូវវិសោធនកម្មច្បាប់ស្តីសហជីព» ដោយសារតែវិសោធនកម្មដែលបានធ្វើឡើងនៅដើមខែមករានេះ «មិនស្របតាមបទដ្ឋានសិទ្ធិការងារអន្តរជាតិ ហើយខកខានមិនបានលុបចោលរនាំងជាច្រើនសម្រាប់ចុះបញ្ជីការសហជីព និងបានរឹតត្បិតលើលទ្ធភាពរបស់សហជីពទាំងអស់ ដើម្បីធ្វើជាតំណាងពេញលេញរបស់សមាជិក»។
រដ្ឋាភិបាលកម្ពុជាក៏ត្រូវ «លុបចោលច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល» ដែលបង្កឲ្យមានបរិយាកាសនៃការយាយី និងការគាបសង្កត់លើអង្គការសង្គមស៊ីវិល និងសហជីព ទម្លាក់ចោល «បទឧក្រិដ្ឋដែលនៅមានប្រឆាំងមេដឹកនាំសហជីព» ហើយត្រូវ «គោរព និងលើកតម្កើងតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។ ជាងនេះទៀត រដ្ឋាភិបាលគួរតែគោរពលទ្ធភាពរបស់សហជីពទាំងអស់ដើម្បីធ្វើជាតំណាងកម្មកររបស់ពួកគេនៅមុខក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លិខិតរបស់ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញបានថ្លែងដោយសង្កត់ធ្ងន់ថា៖ «យើងមានការបារម្ភថា ស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា កំពុងបង្កឲ្យមានហានិភ័យនៃការបាត់ឋាន:អនុគ្រោះពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា»។
លិខិតដដែលបានលើកឡើងអំពីសហភាពអឺរ៉ុប ដែលកំពុងធ្វើការពិនិត្យសើរើឡើងវិញ ចំពោះឋាន:អនុគ្រោះពាណិជ្ជកម្ម«គ្រប់មុខទំនិញលើកលែងសព្វាវុធ» (Everything But Arms) ដល់ប្រទេសកម្ពុជា ដោយសារការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) យល់ថា រដ្ឋាភិបាលកម្ពុជាគួរមានការឆ្លើយតបជាវិជ្ជមានមួយទៅក្រុមតំណាងអ្នកបញ្ជាទិញទាំងនោះ ដើម្បីរក្សាទីផ្សារទំនិញកាត់ដេររបស់កម្ពុជា។
លោកបញ្ជាក់ប្រាប់ VOA ថា៖ «ធម្មតារោងចក្រយើង យើងរោងចក្រផលិត ហើយយើងដេរសម្លៀកបំពាក់ ដេរស្បែកជើងអីចឹងមែន ក៏ប៉ុន្តែបើសិនជាគេអត់ទិញពីស្រុកយើង អាហ្នឹង គឺជាដើមចមសំខាន់ក្នុងការណ៍ ដែលរោងចក្រហ្នឹងមិនអាចផលិតអីតទៅទៀតទេ។ អីចឹង ខ្ញុំគិតថា វាជារឿងមួយដែលចាំបាច់បំផុតដែលរដ្ឋាភិបាល លោកត្រូវឆ្លើយដោយវិជ្ជមាន ហើយមានផែនការឲ្យជាក់លាក់ អំពីថា តើខ្លួននឹងកែលម្អ ស្ថានភាពសិទ្ធិការងារ សិទ្ធិមនុស្សលំហូររបស់សហជីព ឬក៏អង្គការសង្គមហ្នឹងប៉ុណ្ណា»។
VOA បានព្យាយាមសុំការអធិប្បាយពីក្រុមមន្ត្រីផ្លូវការនៃក្រសួងដែលមានសមត្ថកិច្ចក្នុងការស្នើ និងបង្កើតច្បាប់ សហជីព និងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល តែមិនទាន់អាចទាក់ទងបានទេ ដោយសារទូរស័ព្ទរោទិ៍ តែមិនមានអ្នកទទួល។
ទោះយ៉ាងណា លោក ជិន ម៉ាលីន មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការធ្វើច្បាប់មានគោលដៅបម្រើដល់ប្រយោជន៍សាធារណជន ប៉ុន្តែការអនុវត្តច្បាប់ទាំងនោះអាចប្រឈមនឹងបញ្ហាមួយចំនួន ដែលភាគីពាក់ព័ន្ធនៃសា្ថប័នរដ្ឋ និងអង្គការសង្គមស៊ីវិលអាចពិភាក្សាគ្នារកច្រកកែលម្អ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះនិយាយថា៖ «ច្បាប់ដែលធ្វើមកហើយ វារមែងតែងតែមានចន្លោះហើយ វាមិនមែនល្អឥតខ្ចោះទេ។ អ៊ីចឹងនៅពេលដែលការអនុវត្តជួបប្រទះនឹងបញ្ហាណាមួយ អាហ្នឹងគេអាចពិនិត្យលទ្ធភាពនៃការធ្វើវិសោធនកម្មបានគ្រប់ពេល ហើយលទ្ធភាពហ្នឹងគឺមានយន្តការហើយតាមរយៈក្រសួងការងារ គេមានយន្តការនៃការជួបពិភាក្សា ពិគ្រោះជាមួយហ្នឹងសហជីព អីចឹងគេអាចពិភាក្សាទៅលើចំណុចណាដែលគួរធ្វើវិសោធនកម្ម ក្រោយពីការអនុវត្តន៍ច្បាប់ហ្នឹង មួយរយៈមកហ្នឹង»។
លោកបានបន្ថែមថា ពាក់ព័ន្ធនឹងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ភាគីពាក់ព័ន្ធក៏បានប្រើយន្តការវេទិការបស់ក្រសួងមហាផ្ទៃ និងអង្គការក្រៅរដ្ឋាភិបាល ពិភាក្សាគ្នារកផ្លូវសម្រួលដល់ការធ្វើវិសោធនកម្មច្បាប់នេះផងដែរ នៅពេលមានការពិបាកក្នុងការអនុវត្តច្បាប់នេះ។
សហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តចុងក្រោយ ថានឹងទុកកម្ពុជាក្នុងប្រព័ន្ធឋាន:អនុគ្រោះពន្ធ EBA ទៀតឬយ៉ាងណា នៅថ្ងៃទី១២ ខែកុម្ភ:ខាងមុខ ក្រោយការវាយតម្លៃរបស់ខ្លួនលើការស្តារឡើងវិញនៃស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានធ្លាក់ចុះដុនដាបខ្លាំងក្រោយការរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា។សមាជិកសភាសហរដ្ឋអាមេរិកជាច្រើននាក់ក៏បានស្នើច្បាប់ដើម្បីសុំឲ្យរដ្ឋាភិបាលអាមេរិកពិនិត្យឡើងវិញប្រព័ន្ធឋាន:អនុគ្រោះពន្ធទូទៅ GSP សម្រាប់ប្រទេសកម្ពុជាផងដែរ។
លិខិតរបស់ក្រុមតំណាងអ្នកបញ្ជាទិញបានបញ្ជាក់ឲ្យដឹងទៀតថា ភាពដែលជឿជាក់បាននៃវិស័យផលិតសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
ពួកគេបានថ្លែងក្នុងលិខិតដដែល ដោយ«ទទូចដល់រដ្ឋាភិបាលកម្ពុជា បង្ហាញជាសាធារណ:នូវផែនទីបង្ហាញផ្លូវឲ្យមានយន្តការត្រីភាគីកម្រិតថ្នាក់ជាតិរួមមួយ ដែលនឹងកំណត់ ហើយអនុវត្តជំហានដែលទាន់ពេល ជាក់លាក់ និងមាំទាំ ដើម្បីនាំយកកម្ពុជាឲ្យមកត្រូវតាមបន្ទាត់នៃបទដ្ឋានអន្តរជាតិដូចដែលបានលើកឡើងខាងលើនោះ»៕