លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះបានថ្លែងថា ប្រទេសកម្ពុជានៅមានលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មិនមានអ្វីត្រូវស្ដារឡើយ ជាការឆ្លើយតបមួយទៅកាន់ការទាមទាររបស់បណ្ដារដ្ឋាភិបាលលោកខាងលិច ដែលចង់ឲ្យកម្ពុជាស្តារស្ថានភាពទាំងនោះឡើងវិញ។
ក្នុងខួប៤១ឆ្នាំនៃការផ្តួលរំលំរបបខ្មែរក្រហម ៧ មករា ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា រដ្ឋាភិបាលរបស់លោកការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាពជាតិ ទោះស្ថិតក្នុងកាលៈទេសៈនិងស្ថានភាពណាក្តី ហើយ«ការប៉ុនប៉ងណាដែលធ្វើឲ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យនិងនីតិរដ្ឋ ដោយដាក់បង្ខំឲ្យកម្ពុជាមិនអាចអនុវត្ត សូម្បីតែច្បាប់ជាតិរបស់ខ្លួននោះគឺពុំអាចទទួលយកបានឡើយ»។
លោក ហ៊ុន សែន ដែលបានកាន់អំណាច៣៥ឆ្នាំមកហើយ បានការពារចំណាត់ការរបស់រដ្ឋាភិបាលកាលពីកន្លងទៅ ក្នុងនោះមានការរំលាយគណបក្សសង្រ្គោះជាតិ ដោយតុលាការកំពូល តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលនិងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង។
នៅចំពោះមុខសមាជិកគណបក្ស និងអ្នកគាំទ្រដ៏ច្រើនកុះករ លោក ហ៊ុន សែន បានថ្លែងថា៖ «ការពិតជាក់ស្តែងបានបង្ហាញថា លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងត្រូវបានគោរព ថែរក្សា និងលើកកម្ពស់ឥតឈប់នៅក្នុងផលប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។ ដូច្នេះពុំមានមូលហេតុត្រឹមត្រូវណាមួយដែលមជ្ឈដ្ឋានខាងក្រៅខ្លះ បានលើកឡើងដដែលៗអំពីការស្តារឡើងនូវលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជានោះទេ»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា មជ្ឈដ្ឋានទាំងនោះនឹងពិចារណាឲ្យបានត្រឹមត្រូវចំពោះការវិវត្តប្រកបដោយភាពវិជ្ជមាននៅកម្ពុជា ហើយគោរពចំពោះសិទ្ធិនៃការជ្រើសរើសរបស់ប្រជាជនកម្ពុជា»។
សហភាពអឺរ៉ុបកំពុងពិចារណាដំណើរការនីតិវិធីដកឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅកាត់ថា EBA បើសិនជារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនស្តារស្ថានការណ៍ឱ្យមកដូចដើមវិញទេ។ ការសម្រេចជាចុងក្រោយថា ត្រូវព្យួរ EBA ឬយ៉ាងណានឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២០ ដែលនឹងប៉ះពាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។
សហភាពអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិនយោបាយ«ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» ក្នុងនោះមានការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ឃុំឃាំង ការរំលាយអតីតគណបក្សប្រឆាំងដ៏ធំនេះនិងការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏បានរិះគន់កម្ពុជាទាក់ទងនឹងការបោះឆ្នោតមួយ ដោយពុំមានវត្តមានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលជាដៃគូប្រជែងដ៏មានសក្តានុពលជាមួយគណបក្សប្រជាជនកម្ពុជា។
ទោះបែបនេះក្ដី នៅក្រោយពីមានការបង្ក្រាបនយោបាយនិងខណៈដែលសហភាពអឺរ៉ុបទាមទារឱ្យមានការពិចារណាលើការស្ដារលំហប្រជាធិបតេយ្យ រដ្ឋាភិបាលកម្ពុជាបានបើកឱ្យអ្នកនយោបាយជាប់បម្រាមអាចដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ រីឯមនុស្សមួយចំនួនត្រូវបានលើកលែងទោស ឬដាក់ឱ្យនៅក្រៅឃុំ ដូចលោក កឹម សុខា ជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានការពារចំណាត់ការរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំងនិងបញ្ហាសិទ្ធិមនុស្ស ដែលសហភាពអឺរ៉ុបបានទាមទារឲ្យមានការស្តារឡើងវិញ។ លោកបញ្ជាក់ថា ការទាមទារឲ្យមានការទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា «គឺជាការរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជាដែលជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ យល់ថា ការសម្របសម្រួលផ្នែកនយោបាយ ហាក់ដូចជាមិនអាចកើតឡើងនោះទេ ដោយសារគណបក្សសង្រ្គោះជាតិបានកើនឡើងការគាំទ្រគួរឲ្យព្រួយបារម្ភសម្រាប់គណបក្សប្រជាជនកម្ពុជា។ លោកមើលឃើញថា ការស្តារស្ថានការណ៍នយោបាយឡើងវិញគឺ «ស្មើនឹងការលេបថ្នាំសម្លាប់ខ្លួនឯង» សម្រាប់គណបក្សកាន់អំណាច។
អ្នកវិភាគនយោបាយរូបនេះបានថ្លែងថា៖«វាជាការពិបាកណាស់ដែលឲ្យគណបក្សកាន់អំណាច (ធ្វើឲ្យស្ថានភាព) វិលទៅរកភាពប្រក្រតីវិញ គឺដោយសារតែការព្រួយបារម្ភលើស្ថិរភាពអំណាចរបស់ខ្លួន»។
លោក មាស នី បន្តថា ប្រទេសចិនក៏មិនអាចជួយកម្ពុជាក្នុងករណីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ក្នុងរយៈពេលវែងនោះទេ បើទោះបីជាប្រទេសចិនធ្លាប់បានសន្យាធានាថាជួយកម្ពុជារឿង EBA នេះ នាពេលកន្លងមកក៏ដោយ៕