សហព័ន្ធសហជីពកម្ពុជាដែលធ្វើការការពារសិទ្ធិកម្មករក្នុងឧស្សាហកម្មកាត់ដេរ បានដាក់ញត្តិមានស្នាមមេដៃកម្មកររោងចក្រជាង១,៣០០នាក់ អំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បំពេញតាមសំណើរបស់សហភាពអឺរ៉ុប ដើម្បីរក្សាទុកប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅកាត់ថា(EBA)។
សហភាពអឺរ៉ុបបានផ្តួចផ្តើមឲ្យមានការដកប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBAជាបណ្តោះអាសន្នពីកម្ពុជា ដោយសារតែការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធអស់ជាច្រើនឆ្នាំមកនេះ ដែលការរំលោភបំពានទាំងនោះ មានការបង្ក្រាបលើគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ក្នុងញ្ញត្តិរបស់សហព័ន្ធសហជីពកម្ពុជា ដែលស្ថិតក្រោមសហភាពសហជីពកម្ពុជា របស់លោករ៉ុង ឈុន បានស្នើឲ្យលោកហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បើកចំហរប្រព័ន្ធនយោបាយឲ្យមានលក្ខណៈទូលាយ ដែលជាផ្នែកសំខាន់មួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការធានាការគោរពសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋក្នុងគ្រប់វិស័យ។
ញ្ញតិ្តដែលបានផ្ញើទៅលោក ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា៖ «បើយើងខ្ញុំបាត់បង់ការងារធ្វើដោយសារតែការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប យើងខ្ញុំនឹងចាត់ទុកថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកទទួលខុសត្រូវ ហើយជាអ្នកនាំមកនូវទុក្ខលំបាកដល់យើងខ្ញុំ និងក្រុមគ្រួសារ»។
បន្ថែមលើការដាក់ញ្ញត្តិនេះ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទព័ត៌មាននៅថ្ងៃសុក្រនេះ ដោយលោកទទូចសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនដែលជាប្រធានគណបក្សកាន់អំណាចផងនោះ ធ្វើទៅតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សាស្ថិរភាពចំណូល និងការងាររបស់កម្មករ។
ថ្លែងនៅស្នាក់ការរបស់សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន សង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាត្រូវបាត់បង់ EBA នោះកម្ពុជានឹងប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ។
«បើសង្គមកម្ពុជាយើង ពលរដ្ឋរបស់ខ្លួនបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ពេលហ្នឹងចលាចលហើយ។ នៅពេលចលាចលហ្នឹងហើយ សង្គមមានអសន្តិសុខសង្គម ប្រជាពលរដ្ឋកាប់ចាក់ លួចប្លន់ ដណ្តើមគ្នារស់ អាហ្នឹងហើយវាជាបញ្ហា»។
ខុទ្ទកាល័យរបស់លោក ហ៊ុន សែន បានបដិសេធមិនទទួលយកញ្ញត្តិរបស់ក្រុមសហជីពដែលដឹកនាំដោយលោក រ៉ុង ឈុន នោះទេ។
លោករ៉ុង ឈុនដែលជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប.) បានចាត់ទុកថា ការច្រានចោលញ្ញតិ្តក្រុមសហជីពដែលមានស្នាមមេដៃកម្មករ ជាចេតនាបញ្ជាក់ពីការមិនខ្វាយខ្វល់របស់រដ្ឋាភិបាលចំពោះទុក្ខកង្វល់របស់កម្មករ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកគង់ ចំរើន មន្ត្រីបម្រើការនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេនៅថ្ងៃសុក្រនេះ។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ចំណែកប្រព័ន្ធអនុគ្រោះពន្ធដែលហៅថា «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ EBA បានផ្តល់ប្រាក់ចំណេញដល់កម្ពុជាប្រមាណជា៦០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ តាមរយៈការនាំចេញទំនិញដោយមិនបង់ពន្ធ។ សហភាពអឺរ៉ុបបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះដល់កម្ពុជាតាំងពីឆ្នាំ២០០១ ដោយភ្ជាប់ជាមួយលក្ខខណ្ឌសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៩ សហភាពអឺរ៉ុបបានបញ្ជូនរបាយការណ៍វាយតម្លៃពីស្ថានភាពប្រទេសកម្ពុជាលើកទីពីរ ក្រោមក្របខណ្ឌឋានៈអនុគ្រោះពន្ធ EBAនេះ ទៅកាន់រដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលកម្ពុជាកាលពីដើមខែធ្នូកន្លងទៅ ក៏បានផ្ញើរបាយការណ៍ឆ្លើយតបមួយទៅកាន់សហភាពអឺរ៉ុប។ ក៏ប៉ុន្តែ គេមិនបានដឹងថា រដ្ឋាភិបាលកម្ពុជាមានការឆ្លើយតបយ៉ាងណា ទៅតាមការចង់បានរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការស្តារដំណើរការប្រជាធិបតេយ្យឡើងវិញនោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់ VOA ថា រដ្ឋាភិបាលមិនចង់ឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះទេ ប៉ុន្តែលោកថា ការបាត់បង់ EBA ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះដែរ។
«យើងអត់ចង់ឲ្យបាត់បង់ទេ ក៏ប៉ុន្តែគណៈកម្មការអឺរ៉ុបហ្នឹងដោយសារគាត់មាននិន្នាការអ្នកនេះអ្នកនោះ គាត់ចង់គៀបសង្កត់រាជរដ្ឋាភិបាលកម្ពុជា អញ្ចឹងមិនអាចឲ្យរដ្ឋាភិបាលកម្ពុជាហ្នឹងធ្វើទោរទន់ទៅតាមគាត់ ដើម្បីដោះដូរយកឯករាជ្យរបស់ខ្លួនហ្នឹង ទៅដូរយក EBA ដែលគាត់សម្លុតគេនោះទេ»។
បន្ទាប់ពីសហភាពអឺរ៉ុបដាក់របាយការណ៍លើកទីពីរស្តីពីស្ថានភាពកម្ពុជាក្រោមឋានៈអនុគ្រោះពន្ធEBAនោះមក សហគមន៍ដែលមានសមាជិក២៨ប្រទេសនេះនឹងសម្រេចថា ខ្លួនត្រូវព្យួរ EBAពីកម្ពុជា ឬយ៉ាងណា នៅខែកុម្ភៈ ឆ្នាំ២០២០។ ការសម្រេចនេះអាចនឹងបង្កផលប៉ះពាល់ដល់កម្មករក្នុងឧស្សាកម្មកាត់ដេរជិត៨០ម៉ឺននាក់ដែលភាគច្រើនជាស្ត្រី និងប្រជាពលរដ្ឋ៣លាននាក់ទៀត ដែលមិនមែនជាកម្មករ។
VOA បានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងអ្នកនាង Mina Andreeva ប្រធានក្រុមអ្នកនាំពាក្យរបស់សហគមន៍អឺរ៉ុប ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃសុក្រនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
ក្រៅពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ក៏បានព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យផងដែរ។ ការព្រមានដកពន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប ក៏កំពុងធ្វើឲ្យមានការបារម្ភថា សហរដ្ឋអាមេរិកដែលបានអនុគ្រោះពន្ធលើការនាំចេញផលិតផលមួយចំនួនក៏អាចនឹងដកការអនុគ្រោះនេះផងដែរ៕