ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយរបាយការណ៍មួយកាលពីពេលថ្មីៗនេះដោយលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នឹងសម្រេចបានក្នុងអត្រា៦,៥ភាគរយ ដែលថមថយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ប្រសិនបើរងឥទ្ធិពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬហៅថា EBA។
ក្រសួងបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនេះ ថមថយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលត្រូវបានប៉ាន់ស្មានថាអាចសម្រេចបាន៧,១ភាគរយ។ ក្រសួងបានបញ្ជាក់នៅក្នុងរបាយការណ៍ថា៖ «កំណើននៃវិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថានឹងមានការថមថយមកក្នុងរង្វង់អត្រា៨,៩%ក្នុងឆ្នាំ២០២០ធៀបនឹង១០,៧% ក្នុងឆ្នាំ២០១៩ ដោយសារការរំពឹងទុកនូវកំណើនយឺតនៃអនុវិស័យកាត់ដេរ និងកំណើនយឺតបន្តិចនៃអនុវិស័យសំណង់»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមថា៖ «អនុវិស័យកាត់ដេរត្រូវបានព្យាករណ៍ថានឹងមានកំណើនទាប ដោយសារការថមថយកំណើននៃសេដ្ឋកិច្ចពិភពលោកនិងការរំពឹងទុកនូវផលប៉ះពាល់ដែលអាចបណ្តាលមកពីភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាមួយដៃគូមួយចំនួន»។
បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចដដែល «វិស័យសំណង់ក៏អាចប្រឈមនឹងការកែតម្រូវផ្នែកទីផ្សារ ដែលនឹងអាចធ្វើឲ្យកំណើននៃវិស័យនេះ មានការថមថយខ្លះ»។ របាយការណ៍ឲ្យដឹងទៀតថា វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ដូចជាម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្គុំអេឡិកត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិម និងស៊ីម៉ង់ត៍ជាដើម ទាំងសម្រាប់ប្រើឲ្យការនាំចេញ និងតម្រូវការទីផ្សារក្នុងស្រុក នឹងមានសន្ទុះកំណើនខ្ពស់ទាំងក្នុងទិដ្ឋភាពនៃការពង្រីកការវិនិយោគដែលមានស្រាប់ និងទាំងក្នុងទិដ្ឋភាពនៃការវិនិយោគថ្មី។ ចំណែកវិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹងមានកំណើនយឺត ក្នុងរង្វង់៦,៤ភាគរយ ធៀបនឹង៦,៧ភាគរយ ក្នុងឆ្នាំ២០១៩។
អតិផរណាជាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា២,៩ភាគរយក្នុងឆ្នាំ២០២០។
កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្រមានថា កម្ពុជានឹងប្រឈមហានិភ័យខ្ពស់ក្នុងការថមថយកំណើនសេដ្ឋកិច្ច បើបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBAដែលផ្ដល់ដោយសហភាពអឺរ៉ុបតាំងពីឆ្នាំ២០០១។
មូលនិធិ IMFបានសរសេរក្នុងរបាយការណ៍របស់ខ្លួនថា៖
«ការព្យួរ[ឋានៈអនុគ្រោះពន្ធ EBA]នឹងនាំទៅរកការធ្លាក់ចុះជាអចិន្ត្រៃយ៍នៃផលិតផល និងការងារក្នុងឧស្សាហកម្មកាត់ដេរសម្រាប់រយៈពេលវែង»។
មូលនិធិIMFក៏បានព្យាករណ៍ថា ការនាំទំនិញចូលទៅសហភាពអឺរ៉ុបនឹងធ្លាក់ចុះប្រមាណ១៣ភាគរយ ជាចំនួនស្មើនឹងការថយចុះ៥ភាគរយនៃការនាំចេញសរុប។ ហើយផលប៉ះពាល់នេះ នឹងធ្វើឲ្យកំណើននៃផលិតផលក្នុងស្រុកសរុប ឬ GDPថយចុះកម្រិត៣ភាគរយ នៅឆ្នាំដំបូងដែលកម្ពុជាជាប់កាតព្វកិច្ចបង់ពន្ធឲ្យសហភាពអឺរ៉ុប។
សហភាពអឺរ៉ុបកំពុងពិចារណាដំណើរការនីតិវិធីដកឋានៈអនុគ្រោះពន្ធ បើសិនជារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនស្តារស្ថានការណ៍ឱ្យមកដូចដើមវិញទេ។ ការសម្រេចជាចុងក្រោយថាត្រូវព្យួរ EBA ឬយ៉ាងណា នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២០ ដែលនឹងប៉ះពាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។
សហភាពអឺរ៉ុបបានរកឃើញថារដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិនយោបាយ«ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» ក្នុងនោះមានការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ឃុំឃាំង ការរំលាយអតីតគណបក្សប្រឆាំងដ៏ធំនេះនិងការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការសម្រេចដកឬមិនដក EBA នេះ ជាសិទ្ធិរបស់សហភាពអឺរ៉ុប ហើយប្រទេសកម្ពុជាមិនអាចធ្វើតាមការចង់បានរបស់សហភាពអឺរ៉ុបនោះទេ។
លោកបានថ្លែងប្រាប់VOAថា៖ «មិនដឹងសម្របសម្រួលយ៉ាងម៉េច បើគេអ្នកដាក់ យើងមិនចង់ឲ្យគេដាក់ណា។ ក៏ប៉ុន្តែសហគមន៍អឺរ៉ុបជាអ្នកដាក់តើ អាហ្នឹងគេប្រើអំណាចរបស់គេ អាហ្នឹងជាសិទ្ធិរបស់គេ»។
អ្នកនាំពាក្យរូបនោះបន្តការពារចំណាត់ការរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំងនិងបញ្ហាសិទ្ធិមនុស្ស ដែលសហភាពអឺរ៉ុបបានទាមទារឲ្យមានការស្តារឡើងវិញ។ លោកបញ្ជាក់ថា ការទាមទារឲ្យមានការដោះលែង លោក កឹម សុខា «គឺជាការរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាដែលជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោក សុខ ឥសាន មានប្រសាសន៍បន្ថែមថា៖ «ខ្ញុំយល់ថាដូចវៀតណាម ដូចជាថៃអី គេមានEBA ណា គេក៏រស់កើតរហូតមកដល់បច្ចុប្បន្ន។ ហើយកម្ពុជាអីក៏អភ័ព្វម្ល៉េះ ក៏អត់ EBA វាត្រូវងាប់ភ្លាមនោះ វាអត់ត្រូវរឿងទេ»។ ទោះជាយ៉ាងណា លោកថាលោកកំពុងរង់ចាំមើលថាតើប្រព័ន្ធអនុគ្រោះពន្ធនោះនឹងត្រូវព្យួរឬយ៉ាងណាក្នុងខែកុម្ភៈខាងមុខនេះ។
លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ យល់ថា ការសម្របសម្រួលផ្នែកនយោបាយ ហាក់ដូចជា មិនអាចកើតឡើងនោះទេ ដោយសារគណបក្សសង្រ្គោះជាតិបានកើនឡើងការគាំទ្រគួរឲ្យព្រួយបារម្ភសម្រាប់គណបក្សប្រជាជនកម្ពុជា។ លោកមើលឃើញថាការស្តារស្ថានការណ៍នយោបាយឡើងវិញ គឺ«ស្មើនឹងការលេបថ្នាំសម្លាប់ខ្លួនឯង»សម្រាប់គណបក្សកាន់អំណាច។
លោកបានថ្លែងថា៖ «វាជាការពិបាកណាស់ដែលឲ្យគណបក្សកាន់អំណាច(ធ្វើឲ្យស្ថានភាព)វិលទៅរកភាពប្រក្រតីវិញ គឺដោយសារតែការព្រួយបារម្ភលើស្ថិរភាពអំណាចរបស់ខ្លួន»។ លោកបន្តថា ប្រទេសចិនក៏មិនអាចជួយកម្ពុជានូវការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ក្នុងរយៈពេលវែងនោះទេ៕