អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនិងអ្នកច្បាប់បានចោទសួរពីសារៈសំខាន់ចំពោះការផ្សះផ្សាជាតិនៃច្បាប់ដែលដាក់ទោសទណ្ឌដល់អ្នកដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមនិងបានផ្តល់ការរិះគន់ថាវាត្រូវបានគេតាក់តែងឡើងគ្រាន់តែដើម្បីបម្រើដល់ប្រយោជន៍នយោបាយតែប៉ុណ្ណោះ។
សភាជាតិកម្ពុជាគ្រោងនឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» នៅថ្ងៃសុក្រខាងមុខនេះ។ ច្បាប់នេះត្រូវបានស្នើឡើងដោយសមាជិកសភាមួយក្រុមនៃគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានចង់ឱ្យមានការដាក់ទោសដល់អ្នកដែលហ៊ាននិយាយថាមិនមានការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម។
លោកឡាត់ គី អ្នកសម្របសម្រួលគម្រោងគាំពារជនរងគ្រោះនៃសមាគមអាដហុកបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃពុធនេះថា។
«បើតាមការអង្កេតទៅលើព្រឹត្តិការណ៍ដែលកើតឡើងហើយនឹងហេតុការណ៍ដែលកើតឡើងនេះវាគឺវាមានសារៈប្រយោជន៍ប៉ុន្តែវាមានតែក្នុងរយៈកាលអន្តរកាលមួយដ៏ខ្លីដែលវានឹងមិនស្ថិតស្ថេរយូរអង្វែងទេ»។
លោកឡាត់ គីបានបន្ថែមថាច្បាប់នេះត្រូវបានគេតាក់តែងឡើងយ៉ាងតក់ក្រហល់បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានរិះគន់ដល់លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិចោទថាលោកបានធ្វើអត្ថាធិប្បាយប្រឆាំងនឹងការកាប់សម្លាប់លើប្រជាពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហម។
«បើតាមយើងខ្ញុំសង្កេតមើលទៅវាគ្រាន់តែជាកំហុសផ្នែកសីលធម៌របស់អ្នកនយោបាយហើយជាការពិតធ្វើឱ្យគាត់ទទួលលទ្ធផលអវិជ្ជមានវិញទេតាមរយៈការបាត់តម្លៃខ្លួនឯងចំពោះការដែលលើកឡើងទាំងអស់នេះដូច្នេះកាលៈទេសៈបែបនេះហើយនឹងការបង្កើតច្បាប់នៅក្នុងកាលៈទេសៈអន្តរកាលបែបនេះយើងខ្ញុំយល់ឃើញថាវាអត់ជាការឆ្លើយតបទាំងស្រុងទេសម្រាប់ជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ»។
លោកកឹម សុខាបដិសេធថាលោកមិនដែលធ្វើអត្ថាធិប្បាយបែបនោះទេ។
លោកអ៊ូ ច័ន្ទឫទ្ធិតំណាងរាស្រ្តមកពីខាងគណបក្សប្រឆាំងបានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិគាំទ្រឱ្យមានច្បាប់ផ្តន្ទាទោសអ្នកណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មប៉ុន្តែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាច្បាប់ដោយសារតែមានរយៈពេលដែលផ្តល់ជូនតិចពេកមុននឹងច្បាប់នេះត្រូវយកមកពិភាក្សា។ លោកស្នើឡើងថារង់ចាំពេលបោះឆ្នោតជាតិហើយចាំយកច្បាប់នេះមកពិភាក្សាក៏មិនទាន់ហួសពេលដែរ។
លោកអ៊ូ ច័ន្ទឫទ្ធិបន្ថែមទៀតថាមានចំណុចមួយចំនួនដែលគណបក្សរបស់លោកចង់បន្ថែមទៅក្នុងច្បាប់នោះ៖
«យើងស្នើសុំឱ្យហាមឃាត់អ្នកណាដែលមានតួរនាទីជាទាហានខ្មែរក្រហមមិនឱ្យកាន់តំណែងធំៗនៅក្នុងរដ្ឋាភិបាលទេព្រោះ ជាការលើកទឹកចិត្តដល់អ្នកចូលរួមក្នុងការសម្លាប់មនុស្ស»។
លោក សុខ សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិបានបញ្ជាក់ថានឹងមិនមានប្រសិទ្ធភាពអ្វីខ្លាំងដែលកើតឡើងពីច្បាប់នេះទេ៖
«មិនជឿថាអ្នកណាមួយអាចមានទោសដោយសារច្បាប់ហ្នឹងកើតទេដូច្នេះប្រសិនបើជាអញ្ចឹងគឺមានន័យថាអត់មានផលប្រយោជន៍ធំដុំពីច្បាប់ហ្នឹងព្រោះ ថាបើយើងប្រកាសអញ្ចឹងហើយអ្នកណាហ៊ានថាទៀតថ្ងៃក្រោយដល់អញ្ចឹងទៅគ្រាន់តែមិនថាមិនទៅ លំបាកអី។ ....ប៉ុន្តែបើផលប្រយោជន៍ក្នុងពេលបោះឆ្នោតគឺមាន អាចថាមានអ្នកខ្លះគេថាដូចជាកឹម សុខានិយាយអញ្ចឹងទៅប៉ះពាល់ទឹកចិត្តគេទៅដូច្នេះវាចំណេញសម្រាប់ក្រុមបែបនោះ»។
លោកគ្រីសស្តូហ្វឺ ដៀរីង ទីប្រឹក្សាច្បាប់នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជាក់នៅក្នុងអត្ថាធិប្បាយមួយដែលដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាថាកម្ពុជាគួរតែជៀសវាងបទពិសោធន៍ដែលបានកើតមានឡើងនៅក្នុងប្រទេសរ៉្វាន់ដាដែលមានការរិះគន់ថាយកច្បាប់ប្រឆាំងនឹងការមិនទទួលស្គាល់អំពើប្រល័យពូជសាសន៍មកបម្រើគោលបំណងផ្នែកនយោបាយ។
លោកគ្រីសស្តូហ្វឺ បានបន្ថែមថា៖
«ប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍ក្នុងការបង្វែរចំណាប់អារម្មណ៍ជាថ្មីទៅរកមធ្យោបាយជំនួសផ្សេងក្នុងនោះមានដូចជាការអប់រំពីអំពើប្រល័យពូជសាសន៍ ដើម្បីដោះស្រាយជាមួយនឹងជនទាំងឡាយណាដែលបដិសេធមិនទទួលស្គាល់អំពើប្រល័យពូជសាសន៍ កែប្រែអំពើប្រល័យពូជសាសន៍និងការមិនផ្តល់សារៈសំខាន់ដល់អំពើប្រល័យពូជសាសន៍»៕