ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​ស្នើ​ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួលស្គាល់​ថា​មាន​ឧក្រិដ្ឋ​កម្ម​ក្នុង​របប​ខ្មែរ​ក្រហម


វិមានរដ្ឋ​សភាខ្មែរ។
វិមានរដ្ឋ​សភាខ្មែរ។
សមាជិក​នៃ​គណបក្ស​កាន់​អំណាច​បាន​ស្នើ​សុំ​ច្បាប់​មួយ​ដើម្បីដាក់​ទោស​ជន​ទាំងឡាយ​ណា​ដែលបដិសេធ​មិន​ទទួលស្គាល់​ថា​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​សេចក្តី ព្រាង​ច្បាប់​ដែល​វីអូអេ​ខេមភាសា​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ​បញ្ជាក់​ថា​រាល់​ការ​មិន​ទទួលស្គាល់​ឬ​ការ​សម្រាល​ ការបដិសេធ​ឬ​ការ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ឬ​ការ​លើក​ដំឡើងឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុងរបប​ខ្មែរក្រហម ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ដល់​ទៅ​២ឆ្នាំ​និង​ពិន័យ​ជាប្រាក់​ពី​១លាន​រៀល​ដល់​បួន​លាន​រៀល​ហើយ​សម្រាប់​នីតិបុគ្គល​អាច​ពិន័យ​ពី​៥០.០០០.០០០​ដល់​៥០០.០០០.០០​រៀល។

របបខ្មែរក្រហម​បាន​កាន់​កាប់​ប្រទេស​កម្ពុជា​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩ ហើយ​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​១,៧​លាន​នាក់​ត្រូវ​បាន​សម្លាប់​និង​ស្លាប់​ដោយ​សារ​ការ​បង្អត់​អាហារ​និង​ធ្វើ​ពលកម្ម​ហួសកម្លាំង។​

សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវ​បានដឹកនាំស្នើ​ឡើង​ដោយ​លោក​ជាម យៀប សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​និង​ចុះហត្ថលេខា​គាំទ្រ​ដោយ​សមាជិ​សភា​គណបក្ស​ប្រជាជន​៦នាក់​ផ្សេង​ទៀត។
លោក​ជាម យៀប បាន​បញ្ជាក់​ក្នុង​លិខិតថ្លែង​ហេតុ​ផ្ញើ​ជូន​ទៅលោក​ហេង សំរិន​ ប្រធាន​សភាជាតិ​ថា៖
«ការមិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខាងលើ​នេះ​គឺ​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុងសម័យ​នោះ​និង​ធ្វើ​ឱ្យ​មាន​ការឈឺចាប់​ដល់​គ្រួសារ​ជន​រងគ្រោះ​ដែល​នៅរស់​រាន​មាន​ជីវិត​ដល់​សព្វថ្ងៃ»។

យ៉ាងណា​ក៏ដោយ​ច្បាប់​នេះ​ត្រូវ​បាន​គេ​គិត​ថា​ជា​ការ​ឆ្លើយ​តប​នឹង​អត្ថាធិប្បាយ​របស់​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់​ទង​នឹង​គុក​ទួលស្លែង​ដែល​ជា​អត្ថា​ធិប្បាយ​មួយ​ដែល​លោក​កឹម​សុខា​បដិសេធ​ថា​មិន​បាន​ថ្លែង​ឡើយ។ ជន​រងគ្រោះនៃ​គុក​ទួលស្លែង​ចោទ​ថា ​លោក​កឹម សុខា​បាន​ប្រមាថ​ថា​គុក​នេះ​សិប្បនិមិ្មត​ហើយ​រៀបចំ​ដោយ​វៀតណាម​ដែល​ជាការ​ប្រមាថ​ដល់​ការឈឺចាប់​របស់​ពួកគេ។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ថ្លែង​តាម​រយៈ​សារ​អ៊ីម៉េល​កាលពីថ្ងៃ​ច័ន្ទថា​ គណបក្ស​លោក​នឹង​ស្នើ​ឱ្យ​បន្ថែម​ចំណុច​ដែល​នឹង​ដាក់​ទោស​ជន​ទាំង​ឡាយ​ណា​ដែល​រំលោភ​នឹង​មុខ​តំណែង​នយោបាយ​ ហើយចូល​ជ្រៀតជ្រែក​ក្នុង​នីតិវិធី​របស់​តុលាការ​ដោយចាត់​ទុក​ថា នេះ​ជា​ការ​រំខាន​ដល់​យុត្តិធម៌​និង​រារាំង​ដំណើរ​ការ​កាត់​ទោស​អតីត​មេខ្មែរ​ក្រហម​ដែល​ទទួ​លខុសត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នេះ៕
XS
SM
MD
LG