កាលពីថ្ងៃពុធកន្លងទៅ ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍មកថា ត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ហើយក្រោយមកក៏ទទួលការចោទប្រកាន់ពីតុលាការរាជធានីភ្នំពេញពីបទហិង្សាដោយចេតនា បន្ទាប់ពីស្ត្រីរូបនោះត្រូវគេសង្ស័យថា បានធ្វើទារុណកម្មលើក្មេងស្រីវ័យ១៦ឆ្នាំ ដែលជាអ្នកបម្រើក្នុងផ្ទះខ្លួន។
ការចាប់ខ្លួនស្ត្រីដែលគេរាយការណ៍មកថាជាជនជាតិវៀតណាមកាត់ចិន មានឈ្មោះម៉េង រ័ត្នពិសី វ័យ៣៣ឆ្នាំកើតមានឡើង ក្រោយមានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានបណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ថា លោកចង់ឃើញម្ចាស់ផ្ទះផ្តល់តម្លៃ និងគោរពអ្នកបម្រើ និងត្រូវមានចិត្តមេត្តាករុណាដល់អ្នកបម្រើទាំងនោះផង បើម្ចាស់ផ្ទះមានលទ្ធភាពជួលអ្នកបម្រើមកធ្វើការងារផ្ទះឲ្យខ្លួននោះ។
ដោយយោងតាមបំណងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការការពារអ្នកបម្រើតាមផ្ទះ ឬកម្មករការងារផ្ទះនោះ ក្រសួងការងារ នៅក្នុងសប្តាហ៍នេះ បានចេញសេចក្តីប្រកាសស្តីពីលក្ខខណ្ឌការងារដែលបានកំណត់នូវគោលដៅ និយមន័យនៃប្រភេទការងារផ្ទះ និងការកំណត់លក្ខខណ្ឌនៃកិច្ចសន្យាធ្វើការ ក៏ដូចជា ការដោះស្រាយវិវាទរវាងនិយោជក និងកម្មករការងារផ្ទះ។
ប្រការ២របស់ប្រកាសនេះបានបញ្ជាក់ឲ្យដឹងថា «ពាក្យថា ការងារផ្ទះសំដៅយកកិច្ចការទាំងឡាយ ដែលត្រូវប្រតិបត្តិនៅក្នុងរង្វង់គ្រួសារមួយ ឬសម្រាប់គ្រួសារមួយជាកំណត់ ដូចជាការបោសសំអាត ការចំអិនអាហារ ការបោកគក់ និងអ៊ុត ការថែទាំកុមារ ការថែទាំមនុស្សចាស់ ការថែទាំសមាជិកគ្រួសារ ការថែទាំសួន ការថែទាំទ្រព្យសម្បត្តិ ការបើកបររថយន្តសម្រាប់គ្រួសារ និងការថែទាំសត្វចិញ្ចឹមក្នុងគ្រួសារជាដើម»។
ចំណែកពាក្យថា «កម្មករការងារផ្ទះសំដៅយកជនណាដែលទទួលធ្វើកិច្ចការណាមួយ ឬលើសពីមួយនៃការងារផ្ទះដោយស្ម័គ្រចិត្ត និងទទួលកម្រៃ»។
ជនណាម្នាក់គ្រាន់តែទទួលធ្វើកិច្ចការណាមួយ ឬលើសពីមួយនៃការងារផ្ទះម្តងម្កាល ឬមិនទៀតទាត់ និងមិនឈរលើមូលដ្ឋាននៃវិជ្ជាជីវៈណាមួយ ជននោះមិនមែនជាកម្មករការងារផ្ទះទេ។
ប្រការ៤របស់សេចក្តីប្រកាសនេះបានបញ្ជាក់ថា កម្មករការងារផ្ទះត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង។ ក្មេងអាយុចាប់ពី១៥ឆ្នាំដល់ក្រោម១៨ឆ្នាំអាចអនុញ្ញាតឲ្យធ្វើការងារផ្ទះណាដែលស្រាលៗ មិនមានលក្ខណៈងាយបង្កឲ្យមានគ្រោះថ្នាក់ ឬប៉ះពាល់សុខភាព។
សេចក្តីប្រកាសនេះ ដែលធ្វើនៅថ្ងៃទី២៩ ខែឧសភា ហើយចេញដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ឲ្យដឹងថា សេចក្តីប្រកាសនេះអនុវត្តចំពោះកម្មករការងារផ្ទះទាំងអស់។ សេចក្តីប្រកាសនេះមិនអនុវត្តទេចំពោះជនណា ដែលត្រូវបានគ្រួសារណាមួយទទួលយកមកឲ្យរស់នៅជាមួយ ហើយត្រូវបានគ្រួសារនេះចាត់ចែងឲ្យជួយធ្វើការការងារក្នុងផ្ទះ ដោយទទួលបានសិទ្ធិប្រព្រឹត្តកម្ម ការការពារ និងផលប្រយោជន៍ដូចគ្នានឹងសមាជិកនីមួយៗនៃគ្រួសារ។
ដើម្បីបញ្ជាក់បានថា កម្មករការងារផ្ទះត្រូវបានទទួលខុសត្រូវទាំងខាងហិរញ្ញវត្ថុ និងសង្គមកិច្ចដោយចៅហ្វាយរបស់ខ្លួន សេចក្តីប្រកាសរបស់ក្រសួងការងារ បានកំណត់ឲ្យកម្មករការងារផ្ទះ និងនិយោជកនីមួយៗ ត្រូវធ្វើកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ ដោយមានភ្ជាប់ជាមួយលក្ខខណ្ឌជាច្រើន។
លក្ខខណ្ឌទាំងអស់នោះ រួមមាន ឈ្មោះ និងអាសយដ្ឋានរបស់និយោជក និងកម្មករការងារផ្ទះ ប្រាក់ឈ្នួល ម៉ោងធ្វើការ ការឈប់សម្រាកប្រចាំឆ្នាំមានប្រាក់ឈ្នួល ការផ្តល់អាហារ និងកន្លែងស្នាក់នៅ (បើមាន) និងលក្ខខណ្ឌសម្រាប់ការរៀបចំឲ្យកម្មករការងារផ្ទះ ត្រឡប់ទៅស្រុក ឬ(ផ្ទះ)វិញ និងលក្ខខណ្ឌដែលពាក់ព័ន្ធជាមួយនឹងការបញ្ចប់កិច្ចសន្យាការងារ ដូចជារយៈពេលនៃការជូនដំណឹងជាមុនដោយកម្មករការងារផ្ទះ ឬនិយោជកជាដើម។
ប្រការ១០នៃប្រកាសនេះបានសរសេរតាមន័យដើមថា៖ «និយោជកត្រូវបើកប្រាក់ឈ្នួលជាសាច់ប្រាក់ជូនកម្មករការងារផ្ទះ ដោយផ្ទាល់ ឬតាមធនាគារដោយផ្អែកទៅលើការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តរវាងកម្មករការងារផ្ទះ និងនិយោជក។ ការបើកប្រាក់ឈ្នួលសម្រាប់កម្មករការងារផ្ទះសម្រាប់ខែនីមួយៗ ត្រូវធ្វើឡើងនៅថ្ងៃធ្វើការដោយត្រូវមានការជូនដំណឹងជាមុនអំពីថ្ងៃបើកប្រាក់ឈ្នួលនេះ។ ការបើកប្រាក់ឈ្នួលនេះអាចធ្វើឡើងរៀងរាល់១៥ថ្ងៃម្តង ក្នុងករណីមានការស្នើសុំពីកម្មករការងារផ្ទះ ឬមានចែងនៅក្នុងកិច្ចសន្យាការងារ»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានសំដែងការសាទរចំពោះប្រកាសរបស់ក្រសួងការងារ ដែលអាចនឹងជួយទប់ស្កាត់ការកេងប្រវ័ញ្ចរបស់និយោជកមកលើកម្មករការងារផ្ទះ និងការលុបបំបាត់ចោលការប្រើអំពើហិង្សាមកលើកម្មករការងារផ្ទះ តួយ៉ាងដូចជាករណីស្ត្រីម៉េង រ័ត្នពិសី ដែលរងការចោទប្រកាន់ថា បានធ្វើបាបរាងកាយកម្មកររបស់ខ្លួន។
«តាមការណ៍ពិត យើងសាទរចំពោះប្រកាសរបស់ក្រសួងការងារ ដើម្បីតម្រែតម្រង់ ធ្វើម៉េចកុំឲ្យម្ចាស់ផ្ទះដែលប្រើកម្មករនៅតាមផ្ទះហ្នឹង គាត់រំលោភទៅលើបងប្អូនកម្មករ ឬធ្វើបាបកន្លងមក។ ហើយថ្មីៗនេះ យើងបានឃើញហើយដែលម្ចាស់ផ្ទះបានធ្វើទារុណកម្ម ធ្វើបាបទៅដល់កុមារីម្នាក់ដែលអាយុជាង១០ឆ្នាំ។ ហើយយើងគិតថា ការប្រកាសដែលចេញដោយក្រសួងការងារទាក់ទងទៅនឹងអ្នកបម្រើការតាមផ្ទះហ្នឹង វាជារឿងមួយល្អ ដើម្បីការពារពួកគាត់បាទ»។
តាមប្រការ១២នៃសេចក្តីប្រកាសស្តីពីលក្ខខណ្ឌរបស់កម្មករការងារផ្ទះបានសរសេរតាមន័យដើមថា៖
«រាល់ការងារផ្ទះ ដែលមានលក្ខណៈជាការងារដោយបង្ខំ ឬជាកាតព្វកិច្ច ការងារកាត់ជំពាក់ ការងារមានលក្ខណៈជាទម្រង់ធ្ងន់ធ្ងរ និងបែបទាសភាព ត្រូវបានហាមឃាត់»។
រីឯប្រការ១៣ បានសរសេរថា៖
«និយោជកត្រូវទទួលខុសត្រូវលើគ្រោះថ្នាក់ការងារទាំងអស់លើកម្មករការងារផ្ទះ និងរបបសន្តិសុខសង្គម ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា ដូចកម្មករនិយោជិតផ្សេងៗទៀតដែរ»។ ប្រការ១៤នៃប្រកាសនេះបានបញ្ជាក់ពីការដាក់ទោសទណ្ឌថា៖ «អ្នកប្រព្រឹត្តលើ្មសទៅនឹងប្រកាសនេះ ត្រូវទទួលការផាកពិន័យ ឬផ្តន្ទាទោស ដូចមានចែងក្នុងច្បាប់ និងបទបញ្ជាជាធរមាននៃព្រះរាជាណាចក្រកម្ពុជា»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា មានប្រសាសន៍ប្រាប់ VOA បន្ថែមថា រដ្ឋាភិបាលត្រូវបង្កើនការផ្សព្វផ្សាយអំពីខ្លឹមសារ និងការអនុវត្តប្រកាសនេះឲ្យបានទូលំទូលាយ ហើយអាជ្ញាធរមូលដ្ឋានក៏ត្រូវបង្កើតយន្តការស្រង់ស្ថិតិនៃចំនួនផ្ទះដែលបានជួលកម្មករការងារផ្ទះ។ លោកបានបន្តថា ការណ៍នេះ នឹងហុចប្រយោជន៍ដល់ការទប់ស្កាត់រាល់ទម្រង់នៃការបំពារបំពាន ក្នុងនោះមានការរាំងខ្ទប់កម្មករការងារផ្ទះពីសំណាក់ម្ចាស់ផ្ទះ មិនឲ្យរាយការណ៍ពីសកម្មភាពរំលោភបំពាន ប្រាប់អាជ្ញាធរជាដើម។
«កន្លងមកវា វាមានអាការណ៍ដែលធ្វើទណ្ឌកម្មទៅដល់អ្នកបម្រើហ្នឹង ជារឿយៗ ទម្រាំតែបែកធ្លាយរឿងហ្នឹងមកខាងក្រៅ គាត់បានបង្ខាំងអ្នកបម្រើហ្នឹង មិនឲ្យចេញក្រៅផ្ទះ ចេញអី។ អាហ្នឹង វាជារឿងមួយនឹងពិបាក។ អីចឹងឲ្យអាជ្ញាធរ ឃុំសង្កាត់ហ្នឹងត្រូវតែដឹងស្ថិតិ ឲ្យធ្វើស្ថិតិថា ផ្ទះហ្នឹងមានអ្នកបម្រើប៉ុន្មាននាក់? នៅក្នុងសង្កាត់ ឬឃុំរបស់ខ្លួនហ្នឹង អាជ្ញាធរត្រូវដឹងចំនួនកម្មករធ្វើការនៅតាមផ្ទះហ្នឹង ដើម្បីយើងជួយការពារនូវសុវត្ថិភាពរបស់គាត់។ ជួនកាលទៅ គាត់ត្រូវបានគេរំលោភបំពាន តែគាត់អត់មានឱកាស បានមកផ្តល់ព័ត៌មាន ត្រូវបានម្ចាស់ផ្ទះឃុំ អីរាប់សិបអាទិត្យអីចឹងទៅ រៀងយូរអីចឹងទៅ ទម្រាំមានឱកាសចេញមកក្រៅ បានបែករឿងហ្នឹងទៅបាទ ដូចជារឿងថ្មីៗនេះក្តី បាទ»។
អ្នកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា មានប្រសាសន៍ថា រដ្ឋាភិបាលគួរពិចារណាបង្កើតច្បាប់ដាច់ដោយឡែកមួយទៀត ដើម្បីជំរុញឲ្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវប្រកាសស្តីពីកម្មករការងារផ្ទះ។
«ត្រូវមានច្បាប់ដោយឡែក ទប់ស្កាត់មួយទៀត ដើម្បីបង្ហាញអំពីកាតព្វកិច្ច និងសិទ្ធិរបស់កុមារ ហើយនិងកុមារីដែលធ្វើការនៅផ្ទះហ្នឹង។ ហើយឥឡូវនេះ តាមមើលបែបយកច្បាប់ព្រហ្មទណ្ឌធម្មតាយកមកអនុវត្ត។ ប៉ុន្តែបើសិនណាជាយើងអត់មានច្បាប់ដើម្បីការពារអ្នកដែលធ្វើការនៅផ្ទះ កុមារា កុមារីដែលធ្វើការនៅផ្ទះ និងកាតព្វកិច្ចរបស់អ្នកដែលយកមនុស្សទៅធ្វើការទេ យើងមិនអាចអនុវត្តច្បាប់ហ្នឹងបានទេ។ ហើយអ្នកដទៃក៏មិនអាចអនុវត្ត ជួយអនុវត្តបានដែរ។ អីចឹងទៅច្បាប់ជារឿងមួយសំខាន់ ហើយយើងអត់មានទេច្បាប់ហ្នឹង»។
ប្រកាសថ្មីស្តីពីលក្ខខណ្ឌកម្មករការងារផ្ទះក៏ត្រូវបានដាក់ឲ្យអនុវត្តដោយនិយោជកជាជនបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា និងដែលមានកម្មករការងារផ្ទះជាជនជាតិខ្មែរធ្វើការក្នុងគ្រួសារ ឬសម្រាប់គ្រួសាររបស់ខ្លួន។
សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុកនានាបានឲ្យដឹងថា ស្ត្រីម៉េង រ័ត្នពិសី ដែលមានសញ្ជាតិចិនកាត់វៀតណាម អាចប្រឈមការជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ ប្រសិនបើស្ត្រីរូបនោះត្រូវបានរកឃើញថា មានទោសប្រើហិង្សាលើកម្មករការងារផ្ទះរបស់ខ្លួន។
ក្មេងស្រីដែលគេរាយការណ៍ថា បានទទួលរងការប្រើហិង្សាពីស្ត្រី ម៉េង រ័ត្នពិសី នោះ មានឈ្មោះថា ជា ស្រីនូ ដែលមានស្រុកកំណើតនៅខេត្តឧត្តរមានជ័យ។ ក្មេងស្រីរូបនេះបានមករស់នៅជាមួយស្ត្រីម៉េង រ័ត្នពិសី ក្នុងនាមជាកូនឈ្នួលអស់រយៈពេលបួនឆ្នាំមកហើយ៕