ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ខ្មែរ​​នឹង​ទៅ​បម្រើ​តាម​ផ្ទះ​​ម៉ាឡេស៊ី​ខែ​មិថុនា ​ប៉ុន្តែ​​អ្នក​ជំនាញ​នៅ​បារម្ភ​


អតីត​​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​ពីរ​រូប​ អង្គុយនៅការិយាល័យអាដហុកបន្ទាប់ពីមកដល់ក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែ​មីនា ឆ្នាំ២០១៦។​ (ផន​បុប្ផា/VOA)
អតីត​​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​ពីរ​រូប​ អង្គុយនៅការិយាល័យអាដហុកបន្ទាប់ពីមកដល់ក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែ​មីនា ឆ្នាំ២០១៦។​ (ផន​បុប្ផា/VOA)

ក្រសួង​ការងារ​កម្ពុជា​បាន​ប្រកាស​កាល​ពី​ខែ​មករា​ថា​ ស្ត្រី​បម្រើ​តាម​ផ្ទះ​ក្រុម​ទី​មួយ​នឹង​ចាក​ចេញ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា។

​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​ ប្រទេស​កម្ពុជា​នឹង​បញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ីឡើង​វិញ​ បន្ទាប់​ពី​បាន​បិទ​អស់​រយៈ​ពេល​៦ឆ្នាំ ប៉ុន្តែអ្នក​ជំនាញ​ខាង​សិទ្ធិ​ពលករ​សម្តែង​ការ​ព្រួយបារម្ភ​ដោយ​សារ​តែ​រដ្ឋាភិបាលកម្ពុជា​នៅ​មិន​ទាន់​ដាក់​យន្តការ​ត្រឹម​ត្រូវ​ដើម្បី​ការពារ​ពលការិនី​ទាំង​នោះ​នៅ​ឡើយ​ទេ។

លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ​ប្រចាំ​ខែ​ស្តី​ពី ​«ចំណាក​ស្រុក‍» ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា៖

«យើង​នៅ​តែ​ព្រួយបារម្ភ​រហូត​ពីព្រោះ​យើង​ឃើញ​ថា ​វិធានការ​នីតិវិធី​ព្រម​ទាំង​ការ​ចាត់​ការ​ទាំង​ឡាយនៃក្រសួង​ការងារ​យើង​មិន​ទាន់​ឃើញ​ថា​អាច​ទុកចិត្ត​បាន​ទេ‍‍»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រសួង​ការងារ​កម្ពុជា​បាន​ប្រកាស​កាល​ពី​ខែ​មករា​ថា​ ស្ត្រី​បម្រើ​តាម​ផ្ទះ​ក្រុម​ទី​មួយ​នឹង​ចាក​ចេញ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា។

លោក​ ឌី ថេហូយ៉ា​ មន្ត្រី​កម្មវិធី​នៃ​អង្គការ​ការពារ​សិទ្ធិ​ពលករ​សង់ត្រាល់​បានបញ្ជាក់​បន្ថែម​ថា លោកនៅតែ​មិន​ទាន់​ឃើញ​ថា ​រដ្ឋាភិបាល​ខ្មែរ​បាន​ចាត់​វិធានការ​អ្វី​ជា​ធំ​កំភួន​ដើម្បី​ធានា​សុវត្ថិភាព​ស្ត្រី​ដែល​ត្រូវ​ទៅ​បម្រើ​នៅ​តាម​គេហដ្ឋាន​នៅឡើយ។

លោក​ ហូយ៉ា​ បាន​បន្ថែម​ក្នុង​កម្មវិធី​ពិភាក្សា​នោះ​ថា៖

«យើង​ក្រឡេក​មើល​ពី​យន្តការ​នៃ​ការ​ការពារ​វិញ​យើង​នៅ​ឃើញ​ថា​ មាន​ការ​ខ្វះ​ចន្លោះ​ខ្សោយ​មែនទែន​ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​កើត​ឡើង​ហើយ​ជា​ការ​ព្រួយ​បារម្ភ​ដដែលហើយ​ក៏​មិន​មាន​ប្រព័ន្ធ​ណា​មួយ​ដែល​អាច​ធានា​បាន​នូវ​សុវត្ថិភាព​ពួកគាត់​បាន​ដែរ‍»។

វិធានការ​បង្ការ​ដែល​លោក ​ហូយ៉ា​ ​ស្នើ​ឡើង ​គឺ​ត្រូវមាន​គណៈកម្មការ​ដែល​ចុះ​តាមដាន​ការ​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំងពីរ​ រក្សា​ទិន្នន័យ​ជាក់​លាក់​ពី​ចំនួន​ស្រ្តី​បម្រើ​តាម​ផ្ទះ​និង​កន្លែង​ដែល​ពួកគេ​ធ្វើការ​ និង​បង្កើតប្រព័ន្ធ​ផ្តល់​សញ្ញា​ណា​មួយ​ដែល​ពលការិនីអាច​ផ្តល់​មក​សមត្ថកិច្ច​នៅ​ពេល​មាន​ការ​រំលោភបំពាន។

លោក​បាន​បន្ថែម​ថា៖

«ស្ត្រី​ដែល​ធ្វើ​ការ​តាម​ផ្ទះ​គឺ​គាត់​នៅ​ពេល​ដែល​មាន​បញ្ហា​គាត់​អត់​ដឹង​ថា​ទៅ​រក​អ្នក​ណា​ទេ‍»។

អង្គការ​សង់ត្រាល់​ធ្លាប់​ជួប​ករណី​កន្លង​មក​ដែល​មាន​ការ​លក់​ស្ត្រី​បម្រើ​តាម​ផ្ទះបន្ត​ពី​ទី​ភ្នាក់ងារ​ពលករ​មួយ​ទៅ​មួយ​ទៀត​ដោយ​ពលការិនីមិន​ដឹង​ខ្លួន​ ហើយ​ធ្វើ​ការ​សង​ប្រាក់​ជំពាក់​មិន​រួច។

សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា ផ្អែក​តាម​អនុស្សរណៈ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី​ដែល​បាន​ចុះហត្ថលេខា​កាល​ពី​ឆ្នាំ​២០១៥ គឺស្ត្រី​ដែល​មក​ធ្វើការ​បម្រើ​តាម​ផ្ទះ​នឹង​ទទួល​បាន​ការ​ធានា​រ៉ាប់រង​ ត្រូវ​មាន​ទូរស័ព្ទ​ដៃ​ដើម្បី​ប្រើប្រាស់​ និង​ត្រូវ​មាន​គណនី​ធនាគារ​ផ្ទាល់​ខ្លួន។ ​

ម៉ាឡេស៊ី​រំពឹង​ថា​នឹង​ទទួល​យក​ស្ត្រី​បម្រើ​តាម​ផ្ទះ​ពី​កម្ពុជាចំនួន៥០.០០០នាក់​ក្នុង​មួយឆ្នាំៗ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ Malaysia Mail Online។

បច្ចុប្បន្ន​នេះ​មាន​ស្ត្រី​កម្ពុជា​ចំនួន​៨.០០០​នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ការងារ​ដែល​ពលករ​ខ្មែរ​ទៅ​ធ្វើគឺ​ជា​ប្រភេទ​ការងារ​ដែល​គ្មាន​ជំនាញ​ ដូច្នេះ​ពួកគេ​ទទួល​បាន​ប្រាក់ខែ​តិចតួច​បើ​ប្រៀបធៀប​នឹង​ពលករ​ដែល​មក​ពី​ប្រទេស​ដទៃ។ លោកស្រី​ មូរ សុខហួរ​ បាន​លើក​ឧទាហរណ៍​ថា​ ពលករ​មក​ពី​ប្រទេស​ហ្វីលីពីន​មួយ​ចំនួន​គឺ​ទៅ​ធ្វើ​ការងារ​ដែល​មាន​ជំនាញ​ខាង​សុខាភិបាល​ដូចជា​ទៅ​មើល​ថែ​មនុស្ស​ចាស់​ជរា​ជាដើម។ លោកស្រី​បន្ថែម​ទៀត​ថា​ នៅ​បណ្តា​ប្រទេស​អារ៉ាប់​ស្ត្រី​ខ្មែរ​ប្រឈម​មុខ​នឹង​ការ​រើសអើង​ដោយសារ​តែ​សាសនា​ខុសគ្នា​និង​គ្មាន​ជំនាញ​ដែល​ត្រូវ​ចាត់​ក្នុង​ប្រភេទ​ទទួល​បាន​ប្រាក់​ខែ​ទាប​ជាងគេ​បំផុត។

លោក​ស្រី​បន្ថែម​ថា៖

«យើង​ចាប់​ផ្តើម​ពី​ការអប់រំ​របស់​យើង។ យើង​យក​មនុស្ស​ចេញ​ទៅ​ស្ទើរ​តែ​គ្មាន​ការ​អប់រំ​ផង​ដូច្នេះ​យើង​យក​ពលករ​ដែល​អត់​មាន​ការ​អប់រំ​ខ្វះ​បច្ចេកទេស​យក​ទៅ​លក់​ក្នុង​តម្លៃ​ដ៏​ថោក​បំផុត‍»។​

ប្រទេស​កម្ពុជា​បាន​ដាក់​បម្រាម​មិន​ឱ្យ​នាំ​ស្ត្រី​បម្រើ​តាម​ផ្ទះ​ទៅ​ម៉ាឡេស៊ី​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១១​បន្ទាប់​ពី​មាន​របាយការណ៍​ពី​ការ​វាយ​ធ្វើ​បាប​រាង​កាយ​និង​រំលោភច្បាប់​ដោយ​ថៅកែ​ម៉ាឡេស៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG