លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងនៅថ្ងៃច័ន្ទនេះថា លោកស្រីបានចាប់ប្រមូលឯកសារពាក់ព័ន្ធនឹងការស្លាប់ពលករស្ត្រីបម្រើតាមផ្ទះកម្ពុជាចំនួន១០នាក់ នៅម៉ាឡេស៊ីក្នុងឆ្នាំ២០១១នេះសម្រាប់ប្តឹងទៅគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាម៉ាឡេស៊ី បន្ទាប់ពីលោកស្រីបានបញ្ចប់ទស្សនកិច្ចក្រៅផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុន។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីស្នាក់ការគណបក្សថា លោកស្រី បានចាប់ស្រាវជ្រាវរកព័ត៌មានច្បាស់លាស់អំពីអ្នកស្លាប់មួយករណីម្តងៗ ដើម្បីផ្តល់របាយការណ៍ និងពាក្យបណ្តឹងជូនទៅគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភាម៉ាឡេស៊ី។
«យើងត្រូវតែយកឯកសារឱ្យបានច្បាស់លាស់ពីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ឱ្យបានច្បាស់លាស់ណាស់ ទើបយើងបញ្ជូនជារបាយការណ៍ ជាពាក្យបណ្តឹងទៅប្រទេសម៉ាឡេស៊ី តាមរយៈគណៈកម្មការសិទ្ធិមនុស្សនៃសភាប្រទេសម៉ាឡេស៊ី»។
លោក អាន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជាបានស្វាគមន៍កិច្ចខំប្រឹងប្រែងរបស់លោកស្រីមូរ សុខហួរ ក្នុងការរកយុត្តិធម៌ដល់ពលករស្ត្រីកម្ពុជាបម្រើតាមផ្ទះនៅម៉ាឡេស៊ី។
«យើងធ្វើការជាមួយនីតិប្រតិបត្តិរបស់ប្រទេសម៉ាឡេស៊ី ហើយលោកជំទាវបានទំនាក់ទំនងជាមួយនីតិប្បញ្ញត្តិទៀត វារិតតែល្អ ហើយជួយការពារដល់សិទ្ធិជាមូលដ្ឋានរបស់ពលការិនីយើង»។
ពលករស្ត្រីកម្ពុជាបម្រើតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានទទួលរងការធ្វើទារុកម្ម ការរំលោភផ្លូវភេទ ការរំលោភសិទ្ធិការងារ ការផ្តល់ប្រាក់ខែមិនបានពេញលេញ និងការបង្អត់ចំណីអាហារ។
ក្នុងកិច្ចខំប្រឹងប្រែងដើម្បីលុបបំបាត់ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិការងាររបស់ពលករស្ត្រីកម្ពុជាបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី លោកស្រីមួរ សុខហួរ បានបន្តថាលោកស្រីបានសហការជាមួយគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាម៉ាឡេស៊ី ដើម្បីយកប្រភពពិតនៃការស្លាប់ ឬ ការធ្វើទារុណកម្ម។
លោក អាន ប៊ុនហាក់បានថ្លែងថា ពលការិនីកម្ពុជាបម្រើការតាមផ្ទះនៅម៉ាឡេស៊ីចំនួន១០នាក់នេះ បានស្លាប់ដោយសារជំងឺ និងការធ្វើអត្តឃាតដោយការផឹកថ្នាំ ឬការលោតពីលើអាគារជាន់ទី៩។
«ពលការិនីស្លាប់១០នាក់នេះ យើងស្នើសុំទៅរដ្ឋាភិបាលម៉ាឡេស៊ី ទៅអាជ្ញាធរនគរបាល ហើយបានធ្វើកោសល្យវិច្ឆ័យ។ ពេលខ្លះ យើងធ្វើកោសល្យវិច្ឆ័យរហូតដល់ពីរដងមិនតែប៉ុណ្ណោះ យើងអញ្ជើញឪពុកម្តាយ ឬសាច់ញាត្តិរបស់គាត់(សព) ទៅពិនិត្យផ្ទាល់ នៅប្រទេសម៉ាឡេស៊ី»។
លោក មឿន តុលា ប្រធានផ្នែកកម្មវិធីពលកម្ម0នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានបញ្ជាក់ថាលោកបានព្យាយាមរកព័ត៌មានលម្អិតអំពីការស្លាប់ពលការិនីកម្ពុជានៅម៉ាឡេស៊ី ប៉ុន្តែវានៅតែជាការស្រពិចស្រពិលនៅឡើយ។
វាហាក់បីដូចជាមានភាពមិនច្បាស់លាស់ច្រើនពាក់ព័ន្ធនឹងមូលហេតុនៃការស្លាប់នេះ ហើយនៅក្នុងហ្នឹងក៏អាចមានពលករ ដែលអាចនឹងសម្លាប់ខ្លួនដោយខ្លួនឯង។
លោក ហូ វុទ្ធី អនុប្រធាននាយកដ្ឋានការងារ នៃក្រសួងការងារ បានថ្លែងថា លោកមិនទាន់មានព័ត៌មានអំពីបញ្ហានេះទេ៕