បទយកការណ៍ភាគទី២នៃ៣ភាគ
ការចាកចេញទៅធ្វើការជាអ្នកបម្រើតាមផ្ទះគេនៅប្រទេសម៉ាឡេស៊ីគឺជាឱកាសមួយដើម្បីជួយសម្រួលជីវភាពដ៏ក្រីក្ររបស់ប្រជាជនក្នុងស្រុករវៀង ខេត្តព្រះវិហារបានមួយ ផ្នែក។ ប៉ុន្តែការធ្វើចំណាកស្រុកនេះហាក់ដូចជាកំពុងស្ថិតក្នុងភាពប្រថុយប្រថានខ្លាំង រងការកេងប្រវ័ញ្ចពលកម្ម ការធ្វើទារុណកម្មនិងការរំលោភបំពានផ្សេងៗ។
នៅពេលដែលតៃ ចំប៉ីបានវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជាវិញ កាលពីពីរខែមុន នាងមិនស្គាល់នរណាម្នាក់ឡើយ សូម្បីតែម្ដាយបង្កើតរបស់នាងផ្ទាល់។
យុវតីវ័យ២១ឆ្នាំនៅក្នុងភូមិតំណាក់ចិន ឃុំរស្មី នៃស្រុករវៀង ខេត្តព្រះវិហារនេះពីមុនធ្លាប់តែជាមនុស្សស្វាហាប់ តែពេលនេះប្រែជាមានអាការៈស្ពឹកស្រពន់ មានដំណើរមួយៗ ប្រៀបដូចជាមនុស្សដែលគ្មានកម្លាំងកំហែងក្នុងខ្លួនបន្តិចសោះ ក្រោយពីនាងបានទៅធ្វើការជាអ្នកបម្រើតាមផ្ទះគេក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង៧ខែមកនោះ។
អង្គុយបត់ជើងនៅលើរនាបក្ដារលើផ្ទះឈើរបស់នាង ដោយមានទឹកមុខម្តងស្រងូតស្រងាត់ម្តងញញឹមញញែម តៃ ចំប៉ីបានរំឭកអំពីទិដ្ឋភាពដែលនាងបានឃើញនៅពេលដែលនាងបានទៅដល់កន្លែងស្នាក់នៅបណ្ដោះអាសន្នមួយ ឬហៅថា Agency សម្រាប់ពលការិនីខ្មែរក្នុងប្រទេសម៉ាឡេស៊ី។
«ខ្ញុំចូលទៅ មុនដំបូងនៅកន្លែង Agency។ កន្លែងហ្នឹងមានគ្រូមួយ គ្រូខ្មែរ មហាសែនអាក្រក់។ ខ្ញុំបានឃើញទិដ្ឋភាពជាច្រើន ទម្រាំខ្ញុំបានទៅដល់ផ្ទះថៅកែ។ សូម្បីតែមនុស្សឆ្កួត ក៏គាត់វាយ មនុស្សឈឺក៏គាត់វាយ។ គាត់ថា ធ្វើឈឺ ធ្វើឆ្កួត ហើយហូបបាយសែនវេទនា កម្មមែនទែន បបររាល់ថ្ងៃ រាល់ព្រឹក។ បបរនោះឃើញតែម្ទេសជាមួយស្ពៃក្ដោប អត់មានកាកបាយទេ»។
តៃ ចំប៉ីបានសម្រេចចិត្តចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ ឬអ្នកជ្រើសរើសពលការិនីក្នុងភូមិម្នាក់ បន្ទាប់ពីនាងឃើញយុវតីជាច្រើនទៀតក្នុងភូមិជាមួយគ្នាបាននាំគ្នាចេញទៅតាមមេខ្យល់នោះជាហូរហែ បើទោះជានាងនិងម្ដាយរបស់នាងដឹងថា មេខ្យល់នោះជាម្ចាស់ផ្ទះបនមួយនៅក្នុងភូមិក៏ដោយ។
ចំប៉ីបានរៀបរាប់ថា នៅពេលដែលនាងបានទៅដល់ផ្ទះថៅកែរបស់នាងនៅក្នុងប្រទេសម៉ាឡេស៊ី ថៅកែនោះបានបង្ខំឲ្យនាងធ្វើការទាំងនៅផ្ទះផងទាំងនៅហាងលក់ដូររបស់ថៅកែនោះផង។ ចំប៉ីនិយាយថា នៅជាមួយថៅកែនោះ នាងមិនត្រឹមតែហូបមិនគ្រប់គ្រាន់ប៉ុណ្ណោះទេ គឺថែមទាំងត្រូវថៅកែវាយធ្វើបាបលើរូបកាយនិងបង្អត់បាយនាងទៀតផង។
«ខ្ញុំធ្វើការបានប្រហែលមួយខែ ថៅកែខ្ញុំចាប់ផ្តើមវាយខ្ញុំណាស់។ គាត់វាយខ្ញុំ។ គាត់ចាក់ទឹកក្តៅលើដៃខ្ញុំ។ ខ្ញុំចាំថា នៅយប់នោះ គាត់គម្រាមថា យកប៉ូលិសមកវាយខ្ញុំ ព្រឹកឡើងស្រាប់តែប៉ូលិសមកវាយខ្ញុំមែន។ អត់មាននិយាយជាមួយគ្នាអីទេ មកដល់យកកាំភ្លើងភ្ជង់ខ្ញុំ វាយខ្ញុំ។ ខ្ញុំចំណាំ»។
ចំប៉ីរៀបរាប់បន្តទៀតថា នាងត្រូវបានក្រុមហ៊ុនជ្រើសរើសពលករនៅក្នុងប្រទេសម៉ាឡេស៊ី បញ្ជូនឲ្យទៅធ្វើការជាមួយម្ចាស់ផ្ទះចំនួនបួនផ្សេងៗគ្នាក្នុងអំឡុងពេល៧ខែដែលនាងស្នាក់នៅក្នុងប្រទេសនោះ។
នាងអះអាងថា ម្ចាស់ផ្ទះចុងក្រោយដែលនាងស្នាក់នៅជាមួយ បានបញ្ជូននាងត្រឡប់មកឲ្យភ្នាក់ងាររបស់ក្រុមហ៊ុនវិញ ដោយចោទប្រកាន់ថា នាងធ្វើការមិនបានល្អ ហើយលួចរត់ចេញពីផ្ទះ។ នាងត្រូវបានភ្នាក់ងារក្រុមហ៊ុនឃុំនៅក្នុងបន្ទប់ដ៏ត្រជាក់មួយ ហើយនាងចាំថា នៅពេលនោះ ក្បាលរបស់នាងត្រូវបានគេវាយយ៉ាងដំណំរហូតដល់នាងសន្លប់បាត់ស្មារតី។
នៅពេលនាងដឹងខ្លួនឡើងវិញ នាងដឹងថា ខ្លួនឯងកំពុងស្ថិតនៅលើគ្រែនៃមន្ទីរពេទ្យវិកលចរិតមួយ។ ចំប៉ីអះអាងថា នាងបានទទួលការព្យាបាលរយៈពេល២សប្តាហ៍នៅក្នុងមន្ទីរពេទ្យនោះ មុនពេលត្រូវគេបញ្ជូនវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
អ្នកស្រីសៅ អ៊ោនគឺជាម្តាយរបស់យុវតីតៃ ចំប៉ី។ គាត់កំពុងត្រៀមច្រូតស្រូវជាមួយប្តីរបស់គាត់នៅឯចម្ការរបស់គាត់ក្នុងព្រៃចម្ងាយជាង២០គីឡូម៉ែត្រពីផ្ទះ។ អ្នកស្រីសៅ អ៊ោនបានពន្យល់ថា អ្នកស្រីសុខចិត្តបណ្ដោយកូនស្រីឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះគឺដោយសារតែជីវភាពគ្រួសាររបស់អ្នកស្រីខ្វះខាតពេក។
ប៉ុន្តែពេលនេះ អ្នកស្រីសៅ អ៊ោនបានមានប្រសាសន៍ទាំងទឹកភ្នែករលីងរលោងថា អ្នកស្រីមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង នៅពេលដែលឃើញកូនស្រីវិលត្រឡប់មកផ្ទះវិញក្នុងអាការៈខុសពីធម្មតាបែបនេះ។
«ខ្ញុំឆ្អែតដើមទ្រូងហើយ។ ខ្ញុំមិនចេះមាត់។ កូនខ្ញុំវាថ្នាក់ដល់ប៉ុណ្ណេះ។ ពេលទៅពីផ្ទះ កូនខ្ញុំគ្រាន់ ចុះហេតុអ្វីមកពីប្រទេសក្រៅ កូនខ្ញុំកើតជារម៉េចរម៉ឹម កើតជាឆ្កួតអញ្ចេះហ្អ៎ា?»
មានពលករខ្មែរប្រមាណ២ម៉ឺននាក់ត្រូវបានបញ្ជូនឲ្យទៅធ្វើការជាអ្នកបម្រើតាមផ្ទះនិងតាមហាងនានានៅក្នុងប្រទេសម៉ាឡេស៊ី ខណៈពេលប្រទេសនោះមានតម្រូវការខ្ពស់ខាងអ្នកបម្រើតាមផ្ទះ។ តម្រូវការខ្ពស់ខាងអ្នកបម្រើតាមផ្ទះនេះគឺដោយសារប្រទេសឥណ្ឌូនេស៊ីដែលធ្លាប់តែបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះបានឈប់បញ្ជូនពលកររបស់ខ្លួនឲ្យទៅធ្វើការនៅទីនោះទៀត បន្ទាប់ពីមានរបាយការជាហូរហែអំពីស្ថានភាពការងារមិនល្អនៅទីនោះ។
ការបញ្ជូនពលករខ្មែរឲ្យទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីគឺធ្វើឡើងតាមរយៈក្រុមហ៊ុនជ្រើសរើសពលករទាំងស្របច្បាប់និងមិនស្របច្បាប់។ បច្ចុប្បន្នមានក្រុមហ៊ុនជ្រើសរើសពលករទៅក្រៅប្រទេសដែលបានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាមានចំនួន៣១ក្រុមហ៊ុន។ ក្នុងនេះ ជាងពាក់កណ្តាលគឺជាក្រុមហ៊ុនជ្រើសរើសពលករទៅប្រទេសម៉ាឡេស៊ី នេះបើយោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។ ប៉ុន្តែគេពុំដឹងថា តើមានក្រុមហ៊ុនប៉ុន្មានដែលមិនបានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងការងារនោះទេ។
នៅក្នុងករណីជាច្រើន មេខ្យល់ ឬឈ្មួញកណ្ដាលនៅតាមភូមិស្រុកគឺជាអ្នកដើរជ្រើសរើសពលករដោយផ្ទាល់ ដោយសន្យាផ្តល់ការងារដែលទទួលបានប្រាក់ខែខ្ពស់ដល់ពួកគេ និងផ្តល់លុយកាក់ព្រមទាំងសម្ភារៈមួយចំនួនដល់ឪពុកម្ដាយរបស់ពលករនោះជាមុន ហើយថែមទាំងសន្យាជួយរត់ការ លិខិតស្នាមផ្លូវច្បាប់ផ្សេងៗដើម្បីធានាថា ពលករទាំងនោះនឹងមានសុវត្ថិភាពនៅពេលធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីនោះ។
ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ មានរបាយការណ៍ជាបន្តបន្ទាប់អំពីការរំលោភបំពានផ្សេងៗទៅលើពលករខ្មែរនៅក្នុងប្រទេសម៉ាឡេស៊ី និងការលួចរត់ចេញរបស់ពលករពីមណ្ឌលបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុនជ្រើសរើសពលករមួយចំនួនទៀតផង។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូស្តីអំពីពលករចំណាកស្រុកទៅប្រទេសម៉ាឡេស៊ីបានបង្ហាញថា គិតមកត្រឹមចុងខែកញ្ញាឆ្នាំ២០១០នេះ ពលករចំណាកស្រុកខ្មែរចំនួន៨៣នាក់ត្រូវបានជួយសង្គ្រោះពីការរំលោភបំពានផ្សេងៗទាំងនៅក្នុងស្រុកនិងក្នុងប្រទេសម៉ាឡេស៊ី។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ មានប្រសាសន៍ថា បញ្ហារំលោភបំពានលើពលករនេះនៅតែកើតឡើងគឺដោយសារតែកង្វះយន្តការរបស់រដ្ឋាភិបាលក្នុងការការពារពលករពីករណីល្មើសច្បាប់ទាំងនេះ។
«បើក្រសួងការងារយើ់ងលោកមានវិធានការ លោកឃើញហើយពេលហ្នឹង ឃើញថា តើពេលដែលក្រុមហ៊ុនមុនហ្នឹង យកទៅហ្នឹងមានការរំលោភសិទ្ធិមនុស្សហើយ ឬនៅ ព្រោះសិទ្ធិរបស់រដ្ឋាភិបាលអាចត្រួតពិនិត្យបាន ត្រួតពិនិត្យថា តើមានធ្វើបាបគេទេ នៅក្នុងជំរុំហ្នឹង? ពេលដែលយកទៅនោះ? បើរដ្ឋាភិបាលលោកបញ្ជូនមន្រ្តីរបស់លោកមួយឲ្យទៅជាមួយក្រុមហ៊ុន ហើយទៅជាមួយអ្នកចំណាកស្រុកហ្នឹង កម្មករអត់មានចំណោទទេ»។
លោកវង សូត រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់ក្រុមអ្នកតំណាងរាស្រ្តក្នុងសភាកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០១០នេះថា ក្រសួងរបស់លោកបានចាត់វិធានការយ៉ាងហ្មត់ចត់ដើម្បីការពារពលករដែលធ្វើចំណាកស្រុកទៅក្រៅប្រទេស ហើយក៏កំពុងរៀបចំអនុក្រិត្យថ្មីមួយស្តីពីការគ្រប់គ្រងពលករចំណាកស្រុក ដើម្បីផ្តល់ការការពារកាន់តែប្រសើរជាងមុនចំពោះពួកគេផងដែរ។
«ក្រសួងបានចាត់វិធានការយ៉ាងហ្មត់ចត់បំផុតនៅគ្រប់តំណាក់កាល ដោយសហការជាមួយក្រសួងមហាមផ្ទៃ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ»។
តែទោះជាយ៉ាងនេះក្តី អាជ្ញាធរមូលដ្ឋាននៅក្នុងស្រុករវៀងនេះបានអះអាងថា នៅទីនេះ ពុំទាន់មានយន្តការជាក់លាក់ណាមួយនៅឡើយ ដើម្បីការពារពលករដែលចេញទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ីនោះទេ។
តួយ៉ាង ខណៈដែលអាជ្ញាធរមូលដ្ឋានអះអាងថា គ្មានក្រុមហ៊ុនជ្រើសរើសពលករណាមួយត្រូវបានអនុញ្ញាតឲ្យជ្រើសរើសពលករនៅក្នុងស្រុកនេះក៏ដោយ ក៏ VOA សំឡេងសហរដ្ឋអាមេរិកបានរកឃើញថា យ៉ាងហោចណាស់មានតំណាងក្រុមហ៊ុនជ្រើសរើសពលករយ៉ាងតិចចំនួនពីរដែរនៅក្នុងស្រុករវៀងនេះ ដែលកំពុងធ្វើការជ្រើសរើសយុវតីក្មេងៗចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
លោកសៀ ទ្រីកួយ វ័យ៥៦ឆ្នាំ ជាអ្នកតំណាងម្នាក់ក្នុងការជ្រើសរើសពលករឲ្យក្រុមហ៊ុនជ្រើសរើសពលករទៅប្រទេសម៉ាឡេស៊ីមួយឈ្មោះ TSE។
លោកសៀ ទ្រីកួយបានមានប្រសាសន៍នៅអែបនឹងហាងខារ៉ាអូខេរបស់លោកថា លោកជ្រើសរើសពលការិនីវ័យក្មេងឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបានប្រមាណ៣០នាក់ហើយក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។
ដោយឡែកនៅក្នុងករណីរបស់ពលការិនីតៃ ចំប៉ី ដែលទើបវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញក្នុងអាការៈខុសប្រក្រតីនោះ លោកសៀ ទ្រីកួយ ដែលជាអ្នកបានជ្រើសរើសនាងផ្ទាល់ឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពី៩ខែមុននោះ មានប្រសាសន៍ថា លោកគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់របស់ក្រុមហ៊ុនដែលធ្វើការដើម្បីទទួលបានប្រាក់ខែពីក្រុមហ៊ុនតែប៉ុណ្ណោះ។
«ខ្ញុំគ្រាន់តែសាខាក្រុមហ៊ុន ពុំមានអ្វីគួរឲ្យអស្ចារ្យ។ តែបើថា ទៅឯណោះល្អ ឬអត់ល្អក៏លើគេ។ លោកគ្រូដឹងអី យើងគ្រាន់តែជាបុគ្គលិកគេមិនអញ្ចឹង»។
លោកសេង សិទ្ធិជ័យ អគ្គនាយកក្រុមហ៊ុន TSE មានប្រសាសន៍ដោយបដិសេធថា ពុំមានការប្រើហិង្សាណាមួយទៅលើពលករចំណាកស្រុកទៅប្រទេសម៉ាឡេស៊ីនោះទេ។ ដោយឡែកនៅក្នុងករណីយុវតីតៃ ចំប៉ីនោះ លោកសេង សិទ្ធិជ័យអះអាងថា គឺដោយសារតៃ ចំប៉ីនេះមានទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយពលការិនីខ្មែរមា្នក់ទៀតនៅក្នុងប្រទេសម៉ាឡេស៊ីនោះ ហើយបានបង្ករឿងដេញកាប់គេឯងនៅក្នុងទីភ្នាក់ងាររបស់ក្រុមហ៊ុននៅទីនោះ រហូតដល់សមត្ថកិច្ចរបស់ម៉ាឡេស៊ីចាប់ខ្លួន។
«អត់មាន Agency ណាវាយធ្វើបាបគាត់ទេ។ ក្រុមហ៊ុនយើងក៏អត់បានប្រព្រឹត្ត។ សំខាន់គាត់កើតរឿងនៅម៉ាឡេ ហើយសំខាន់ទៀតគឺរឿងដោយសាម៉ីខ្លួនគាត់ណា៎ មិនមែនអ្នកណាមួយដែលប្រព្រឹត្តលើគាត់ទេ។ បើសិនជាមានអ្នកណាប្រព្រឹត្តលើគាត់ ស្ថានទូតនឹងដោះស្រាយ ព្រោះយើងរាយការណ៍ជូនស្ថានទូតរហូត»។
លោកសេង សិទ្ធិជ័យមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកក៏បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន២លានរៀលដល់គ្រួសាររបស់យុវតីតៃ ចំប៉ីផងដែរ ក្រោយពីចំប៉ីត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញនោះ។
តែទោះជាយ៉ាងនេះក្តី ទឹកប្រាក់ចំនួន២លានរៀលនេះមិនអាចធ្វើឲ្យឪពុកម្តាយរបស់យុវតី តៃ ចំប៉ីរស់នៅដោយស្ងប់ចិត្តនោះទេ ដោយពួកគេបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក សៀ ទ្រីកួយ និងក្រុមហ៊ុនជ្រើសរើសពលកររបស់គាត់ ដើម្បីឲ្យពួកគេទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងមកលើកូនស្រីរបស់ពួកគេ។
សូមលោកអ្នករង់ចាំអានសេចក្តីរាយការណ៍ភាគទី៣របស់លោកពេជ្រ សំណាង ដែលជាភាគបញ្ចប់។ លោកពេជ្រ សំណាងនឹងរាយការណ៍ជូនលោកអ្នកអំពីលទ្ធផលនៃការដាក់ពាក្យបណ្តឹងដោយឪពុកម្តាយជនរងគ្រោះទាមទាររកយុត្តិធម៌ ឲ្យកូនស្រីដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះ។