លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានកោតសរសើរប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះការបង្កើតពានរង្វាន់ Fake News Award សម្រាប់ផ្តល់ឱ្យក្រុមអ្នកសារព័ត៌មានដែលមិនត្រឹមត្រូវនិងពុករលួយ។ លោក ហ៊ុន សែន បានលើកយកហេតុការណ៍នេះប្រៀបធៀបនឹងអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលរងការបង្ក្រាបនឹងឈានដល់ការបិទទ្វារកាលពីឆ្នាំទៅមិញ។
ថ្លែងទៅកាន់ក្រុមអ្នកចូលរួមក្នុងពិធីជួបជុំបាយពេលល្ងាចមួយនៅថ្ងៃអាទិត្យ ជាមួយអ្នកសារព័ត៌មាននិងមន្ត្រីអ្នកនាំពាក្យដែលភាគច្រើនជិតស្និទ្ធនឹងលោក ចំនួនប្រមាណសរុប៣.០០០នាក់ លោក ហ៊ុន សែន ថ្លែងថា៖
«ខ្ញុំគិតថា លោកប្រធានាធិបតី Donald Trump ពិតជាបង្កើតនៅពានរង្វាន់ដ៏ត្រឹមត្រូវមួយដែលលោកទើបតែចែកនៅប៉ុន្មានថ្ងៃមុននេះ នោះគឺសារព័ត៌មានក្លែងបន្លំ ជាសារព័ត៌មានភូតកុហក។ នោះហើយគឺជាប្រភេទ សូម្បីតែនៅអាមេរិកក៏មានសារព័ត៌មាននេះ រហូតដល់ប្រធានាធិបតីអាមេរិកបង្កើតនូវសារព័ត៌មានគេហៅថាពានរង្វាន់សម្រាប់ព័ត៌មានក្លែងក្លាយ ក្លែងបន្លំ ភូតកុហក»។
កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពានរង្វាន់ដល់ក្រុមអ្នកសារព័ត៌មានក្លែងក្លាយ ដែលលោក ហៅថា «Fake News Award» ទៅដល់ក្រុមអ្នកសារព័ត៌មានអាមេរិកមួយចំនួនដែលរិះគន់លោកកន្លងមក ដូចជាអ្នកសារព័ត៌មានរបស់កាសែត New York Times ទូរទស្សន៍ CNN ទូរទស្សន៍ ABC កាសែត Washington Post និង ទស្សនាវដ្ដី Newsweek ជាដើម។ ការផ្តល់ពានរង្វាន់បែបចំអកនេះ បានរងការរិះគន់យ៉ាងចាស់ដៃពីក្រុមអ្នកសារព័ត៌មានឯករាជ្យនានាទូទាំងពិភពលោក។
យ៉ាងណាក៏ដោយនៅថ្ងៃអាទិត្យកន្លងទៅ លោក ហ៊ុន សែន ក៏ឆ្លៀត ប្រើប្រាស់ការផ្តល់ពានរង្វាន់បែបចំអករបស់លោក Trump ដើម្បីធ្វើការវាយប្រហារសារជាថ្មី លើសារព័ត៌មានមួយចំនួនដែលមិនចំណុះនឹងខ្លួន ថាបានរំលោភច្បាប់កម្ពុជា ហើយបិទទ្វារដោយគេចមិនបានបង់ពន្ធដារ។
ដោយមិនបញ្ចេញ ឈ្មោះស្ថាប័នព័ត៌មានទាំងនោះ លោក ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ៖
«ឯនៅកម្ពុជា ក៏មានប្រភេទសារព័ត៌មាននេះកើតឡើងនៅកម្ពុជា រកស៊ីមិនបង់ពន្ធជាប់ប្រាក់ពន្ធ បន្លំ សំងំមិនគោរពច្បាប់កម្ពុជា។ ដល់ពេលរកឃើញ គេតាំងខ្លួនទៅជាជនរងគ្រោះ ដើម្បីការអាណិតអាសូរនៃរដ្ឋាភិបាលបរទេស។ រឿងនេះមិនត្រូវឱ្យកើតមានតទៅទៀតនោះទេ ក្រសួងព័ត៌មាន ត្រូវទទួលខុសត្រូវចំពោះរឿងនេះ»។
ចាប់តាំងពីខែសីហាកន្លងទៅ រដ្ឋាភិបាលកម្ពុជា បានបើការវាយប្រហារដ៏ធ្ងន់ធ្ងរមួយលើអង្គការសង្គមស៊ីវិល គណបក្សជំទាស់ និងអង្គភាពសារព័ត៌មានដែលមិនចំណុះនឹងខ្លួន។ ក្នុងនោះដែរសារព័ត៌មានមួយចំនួនរួមមាន កាសែតជាភាសាអង់គ្លេស The Cambodia Daily និង វិទ្យុអាស៊ីសេរី ត្រូវបង្ខំចិត្តបិទទ្វារដោយខ្លួនឯង ខណៈវិទ្យុក្នុងស្រុកមួយចំនួនត្រូវបានរដ្ឋាភិបាល បង្គាប់មិនឲ្យផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី និង VOA។
កាសែត The Cambodia Daily ដែលលោក ហ៊ុន សែន ធ្លាប់ហៅថាជា «មេចោរ» ក៏ត្រូវបង្ខំចិត្តបិទទ្វារ លែងដំណើរការតទៅទៀតដែរ ចាប់តាំងពីខែកញ្ញា ឆ្នាំមុន ក្រោយរងសម្ពាធឲ្យបង់ពន្ធជាទឹកប្រាក់ចំនួនជាង៦លានដុល្លារ ដែលរដ្ឋាភិបាលអះអាងថា កាសែតនេះ មិនបានបង់ជូនរដ្ឋជាច្រើនឆ្នាំមកនោះ។
អ្នកស្រី Judith Clarke សាស្ត្រាចារ្យចូលនិវត្តន៍ផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យ Hong Kong Baptist និងជាអ្នកធ្លាប់ស្រាវជ្រាវពីបញ្ហាសារព័ត៌មាននៅកម្ពុជា បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការធៀបសារព័ត៌មានកម្ពុជាទៅនឹងសហរដ្ឋអាមេរិកគឺវាខុសគ្នាទំាងស្រុង ដោយសហរដ្ឋអាមេរិកនៅមានសារព័ត៌មានជាច្រើនដែលមិនចំណុះ និងនៅតែអាចរិះគន់រដ្ឋបាលលោក Trump។
ថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិក អ្នកស្រី Judith Clarke បានបញ្ជាក់ថា៖
«លោកនាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើត្រាប់តាមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការដាក់ឈ្មោះឲ្យស្ថាប័នសារព័ត៌មានទូទៅដោយអយុត្តិធម៌ថាជា «សារព័ត៌មានមិនពិត» (Fake News) ប៉ុន្តែលោកត្រាំគឺជាសំឡេងមួយក្នុងសហរដ្ឋអាមេរិកទាំងមូល មិនមែនជាសំឡេងតែមួយគត់នោះទេ។ មតិផ្សេងទៀតអាចបញ្ចេញជាសាធារណៈឬឯកជន។ ហើយលោកត្រាំអាចកាន់តំណែងយ៉ាងច្រើនតែប្រាំបីឆ្នាំប៉ុណ្ណោះ និងអាចត្រូវបោះឆ្នោតឲ្យចុះពីតំណែង (មុននោះទៀត)។ ប្រទេសកម្ពុជាត្រូវការសំឡេងច្រើន រួមទាំងសារព័ត៌មានឯករាជ្យ ដើម្បីដោះស្រាយជាមួយនឹងបញ្ហាធំនានា ដូចជាភាពក្រីក្រ ភាពរិចរិលនៃបរិស្ថាន និងការរីកដុះដាលនៃអំពើពុករលួយ»។
មកដល់ពេលនេះយ៉ាងហោចណាស់អ្នកសារព័ត៌មានពីររូបត្រូវបានជាប់ក្នុងការឃុំឃាំងក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ អតីតអ្នកយកព័ត៌មាន ពីររូបនៃវិទ្យុអាស៊ីសេរី គឺលោក យាង សុធារិន និង លោក អ៊ួន ឈិន ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីខែវិច្ឆិកាកន្លងទៅ ក្រោមបទចោទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ អ្នកទាំងពីរប្រឈមនិងការជាប់ពន្ធនាគារដល់១៥ឆ្នាំ។
លោក Shawn Crispin តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃគណៈកម្មការការពារអ្នកកាសែត Committee to Protect Journalists ធ្លាប់ថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិកឬអ៊ីមែលពេលកន្លងមកនេះថា ការរឹតបន្តឹងរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបង្ហាញឲ្យឃើញពីគ្រោះថ្នាក់យ៉ាងច្បាស់ចំពោះសេរីភាពសារព័ត៌មានបច្ចុប្បន្ននេះ។ តាមរយៈការបំបិទមាត់សំឡេងឯករាជ្យតែបន្តិចបន្តួចក្នុងប្រទេសនេះ របបដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបម្រើពលរដ្ឋរបស់ខ្លួនទេ ហើយថា វាជាទង្វើមិនល្អសោះ សម្រាប់សិទ្ធិទទួលបានព័ត៌មានរបស់ពួកគេ។
លោក Shawn Crispin បានសរសេរបន្ថែមក្នុងន័យដើមថា៖
«យើងសូមអំពាវនាវឲ្យមានការដោះលែងអ្នកកាសែតដែលកំពុងជាប់ពន្ធនាគារទាំងអស់ និងឲ្យបញ្ឈប់ការបំភិតបំភ័យនិងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ទៅលើអ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយតទៅទៀត»។
ទោះយ៉ាងណាក៏ដោយ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាលើកទីពីរ កាលពីរាត្រីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការសម្រួលដល់អ្នកយកព័ត៌មានក្នុងស្រុកនិងអំពាវនាវឱ្យមានការសហការល្អរវាងអ្នកយកព័ត៌មាននិងមន្ត្រីរដ្ឋាភិបាលរបស់លោកផងដែរ៕