រដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះ សម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាចំនួន១៩៤ដុល្លារអាមេរិកដល់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២២ ក្រោយការបោះឆ្នោតកំណត់ប្រាក់ឈ្នួលថ្មីរបស់ភាគីសហជីព និយោជក និងក្រសួងការងារ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានកំណត់យកតួលេខ១៩២ដុល្លារអាមេរិកដែលទទួលបានសំឡេងគាំទ្រ៤៥សំឡេងលើ៥១សំឡេងជាប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ២០២២។ ប៉ុន្តែដោយមានកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសម្រេចផ្តល់២ដុល្លារបន្ថែមទៀតនោះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅឆ្នាំ២០២២ បានកើនដល់១៩៤ដុល្លារ។
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង លើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា ស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែមទឹកប្រាក់ចំនួន២ដុល្លារអាមេរិក។
លោក អ៊ិត សំហេងបានបន្ថែមថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន១៩៤ដុល្លារក្នុងមួយខែចំពោះកម្មករពេញសិទ្ធិ និងចំនួន១៩២ដុល្លារក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង។
យ៉ាងណាក៏ដោយ មេដឹកនាំសហជីពមួយចំនួនដែលបម្រើប្រយោជន៍កម្មករ និងដែលបានខិតខំទាមទារការដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានដល់២០៤ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២២នោះ បានបង្ហាញការស្រងាកចិត្តចំពោះការដំឡើងប្រាក់ឈ្នួលបានត្រឹមតែ២ដុល្លារ ដែលខុសពីការរំពឹងទុករបស់ពួកគេ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការដំឡើងប្រាក់ឈ្នួលត្រឹម២ ដុល្លារនេះ នៅតែមានកម្រិតទាបដដែល បើធៀបទៅនឹងការចំណាយប្រចាំថ្ងៃរបស់កម្មករ ដែលជាមធ្យមត្រូវការចន្លោះពី ២៥០ ទៅ៣០០ ដុល្លារអាមេរិក និងត្រូវបង្កើនម៉ោងធ្វើការ ខណៈចំនួនថ្ងៃឈប់សម្រាក ត្រូវបានកាត់បន្ថយ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ចំនួននេះ គឺជាចំនួនតិចតួចមែនទែន! ដែលបានកំណត់ដោយក្រសួង ហើយចេញប្រកាសអនុវត្តហើយ។ អ្វីដែលយើងគិតថា វាគួរតែអាចថាបានច្រើនជាងនេះ ប៉ុន្តែអ្វីៗមិនដូចការគិតរបស់យើង។ ហើយខ្ញុំគិតថា អាចជា[បណ្តាល] មក[ពី] ហេតុផលជាច្រើន ទី១អាចដោយសារបញ្ហាជំងឺកូវីដ ហើយមួយទៀតឥទ្ធិពលកម្មករដូចជាមិនមានឥទ្ធិពលខ្លាំងដូចមុនដែរ។ អញ្ចឹងបានធ្វើឲ្យចំនួននៃការឡើង[ប្រាក់ឈ្នួលអប្បបរមា] នឹងមិនបានច្រើនដែរ» ។
ក្នុងការបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីដល់កម្មករសម្រាប់ឆ្នាំ២០២២ នៅថ្ងៃអង្គារ តួលេខប្រាក់ឈ្នួល២០៤ដុល្លាររបស់ភាគីសហជីពទទួលបានការគាំទ្រតែ៦សំឡេង លើ៥១សំឡេង។ រីឯសំណើកំណត់ប្រាក់ឈ្នួលត្រឹម១៨៨ ដុល្លារដែលស្នើដោយភាគីនិយោជក មិនទទួលបានសំឡេងគាំទ្រទេ។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC លោក កាំង ម៉ូនីកា បាននិយាយថា ការដំឡើងប្រាក់ឈ្នួលចំនួន២ដុល្លារបន្ថែមលើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២១ដែលមាន ១៩២ដុល្លារនោះ ជាសម្ពាធមួយធ្ងន់ធ្ងរសម្រាប់រោងចក្រកាត់ដេរនៅកម្ពុជា។
លោកបន្ថែមថា ភាគីនិយោជកត្រូវបង្កើនខ្ទង់ចំណាយលើកម្មករនិយោជិតប្រមាណជិត១០ដុល្លារជាប្រចាំក្នុង១ខែ ដែលបូករួមទាំងប្រាក់សោធននិវត្តន៍ និងការដំឡើងវិភាគទានធានារ៉ាប់រងសុវត្ថិភាពសុខភាព សម្រាប់ការព្យាបាល និងបង្ការជំងឺកូវីដ១៩ជាដើម។
លោកប្រាប់វីអូអេថា៖ «បើយើងពិនិត្យលើទៅលើតួលេខ២ដុល្លារនឹង យើងឃើញថា វាហាក់បីដូចជាតិចណាស់ សម្រាប់ជីវភាពបងប្អូនកម្មករ។ ក៏ប៉ុន្តែបើយើងពិនិត្យទៅមើលទៅលើស្ថានភាពវិបត្តិសាកលដែលយើងកំពុងតែឆ្លងកាត់ ដូចជាតម្រូវការសម្រាប់ប្រទេសកម្ពុជាយើងក្នុងការងើបរើសេដ្ឋកិច្ចឡើងវិញ។ យើងឃើញថា រាល់ការដំឡើងណាមួយ វាជះឥទ្ធិពលជាអវិជ្ជមានទៅលើសេដ្ឋកិច្ចកម្ពុជា។ ហើយម៉្យាងវិញទៀត ការដំឡើង[ប្រាក់ឈ្នួលអប្បបរមា] នេះទៀតសោតក៏មិនមែនចំណុចតែមួយដែលប៉ះពាល់ទៅដល់ការចំណាយរបស់ភាគីនិយោជកដែរ»។
លោក រឿន សាវ៉ាន វ័យ ៤៦ឆ្នាំ ដែលជាកម្មករខាងផ្នែកដេរសម្លៀកបំពាក់ជាង៨ឆ្នាំ នៅរោងចក្រ Punctual Garment Factory Co,Ltd យល់ថា ការដំឡើងប្រាក់ឈ្នួលទាបបំផុតត្រឹម២ដុល្លារ ដែលស្មើនឹង៨០០០ រៀល ហាក់មិនអាចជួយសម្រួលទៅដល់ជីវភាពរបស់គាត់បានទេ ស្របពេលដែលទំហំនៃការចំណាយលើទំនិញនៅមិនមានទំនោរថយចុះក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលញាំញីដោយជំងឺកូវីដ១៩។
លោកនិយាយថា៖ «ហើយដំឡើងអីតិចម៉េសក្មួយ ហើយមិនដំឡើងដល់២០០[ដុល្លារ] ទៅគ្រាន់គ្នារួចនេះដែរទៅ ហើយឡើងតិចពេកចឹងដូចជាអត់ឡើងចឹងប៉ុណ្ណឹង។... ក្មួយអើយនៅតែពិបាកចឹង ដំឡើង២ដុល្លារ យក២ដុល្លារនឹងទៅទិញអីគេ ១ខែនឹង ២ដុល្លារ។ យើងគិតមើល ២ដុល្លារនឹង វានិយាយឲ្យចំទៅទិញម្ហូបឲ្យរួចត្រឹមមួយពេល និយាយទៅថា ទិញអីបាន។ ថ្លៃផ្ទះគេមិនព្រមចុះឲ្យយើងផងនឹង ថ្លៃផ្ទះមានតែឡើងរឿងថ្លៃចុះ អត់មានចុះទេ មានតែឡើង»។
ចំណែកកម្មការិនី នៅរោងចក្រវាយន្តភ័ណ្ឌ ឃេនធើរេន កញ្ញា ឆែម សុខលឹម អាយុ២៦ ឆ្នាំ បានសម្តែងការខកចិត្ត ចំពោះការដំឡើងប្រាក់ឈ្នួលតិចតួចស្តួចស្តើងនេះ។
កញ្ញាបានថ្លែងថា ៖«សម្រាប់ខ្ញុំគឺ ប៉ុណ្ណឹង គឺមានការកង្វះខាតរៀងច្រើនដោយសារ ឥឡូវបញ្ហាកូវីដ ហើយសម្ភារៈយើងប្រើប្រាស់នៅក្នុងសង្គមមានការឡើងថ្លៃច្រើន។ ហើយចឹងការឡើង២ ដុល្លារនឹងគឺវាអត់ទាន់បំពេញតម្រូវការខាងពួកខ្ញុំ[កម្មករ] ច្រើនចឹងហា៎» ។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង គឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះ បានស្រូបយកកម្លាំងពលកម្មប្រមាណជាង៨០ម៉ឺននាក់ដែលភាគច្រើន គឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងជនបទ។ ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩មួយផ្នែក និងមួយផ្នែកទៀតដោយសារការបាត់បង់ ២០%នៃប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាលពីខែសីហាឆ្នាំ២០២០ ក្រោយការរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេស៕