សេដ្ឋកិច្ចវៀតណាមបានរងការប៉ះពាល់ដោយរួញតូចយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣ បន្ទាប់ពីរលកនៃជំងឺកូវីដ១៩ដ៏ប្រល័យ ដែលបានបង្ខំឲ្យផ្អាកផលិតកម្មនៅក្នុងប្រទេសដែលពឹងផ្អែកលើការនាំចេញទំនិញមួយនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីវៀតណាមកាលពីថ្ងៃពុធ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានAFP។
ការិយាល័យស្ថិតិទូទៅ(GSO)បានប្រាប់ឲ្យដឹងថា ផលិតផលសរុបក្នុងស្រុក (GDP) បានរួញតូច ៦,១៧ភាគរយនៅក្នុងរវាងខែកក្កដានិងខែកញ្ញា។ វាជាការរួញតូចខ្លាំងបំផុតចាប់ តាំងពីវៀតណាម បានចាប់ផ្តើមកត់ត្រាតួលេខប្រចាំត្រីមាសនៅក្នុងឆ្នាំ១៩៨៦មក។
វៀតណាមកាលពីឆ្នាំទៅបានស្ថិតនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតនៅក្នុងតំបន់អាស៊ីហើយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចក្នុងពិភពលោកដែលមានសេដ្ឋកិច្ចរីកលូតលាស់ បន្ទាប់ពីការឆ្លងវីរុសមានចំនួនទាបនិងពាណិជ្ជកម្មភាគច្រើន បានបើកទ្វារនោះ។
ការិយាល័យស្ថិតិទូទៅ(GSO) ប្រាប់ឲ្យដឹងថា ក៏ប៉ុន្តែរលកវីរុសកូរ៉ូណានៅពេលថ្មីៗបំផុតនេះ ដែលបានចាប់ផ្តើមកាលពីខែមេសានៅក្នុងឧទ្យានឧស្សាហកម្មភាគខាងជើងហើយបានរាត ត្បាតដ៏ឆាប់រហ័សទៅកាន់ទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម«បានបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ង»ដល់សេដ្ឋកិច្ចរបស់វៀតណាម។
បណ្តាញព័ត៌មាន VNEzpress បានរាយការណ៍ថា វាជាលើកទី១ដែលវៀតណាម បានកត់ ត្រាការរីកលូតលាស់ប្រចាំត្រីមាសដោយអវិជ្ជមានចាប់តាំងពីឆ្នាំ២០០០មក។
ប្រជាពលរដ្ឋវៀតណាមចំនួន១ភាគ៣ ក្នុងចំណោមប្រពលរដ្ឋវៀតណាមសរុបទាំងអស់ចំនួន ១០០លាននាក់ បានប្រឈមបទបញ្ជាឲ្យស្ថិតនៅក្នុងផ្ទះអស់រយៈពេលជាច្រើនខែនៅក្នុងរដូវក្តៅនេះ ដោយមានរោងចក្រជាច្រើនកន្លែង ត្រូវបានបិទ ហើយសង្វាក់ផ្គត់ផ្គង់មានការអាក់ ខានយ៉ាងខ្លាំង។
ប្រទេសវៀតណាម មានអ្នកឆ្លងជំងឺងកូវីដ១៩ជាង៧៧០.០០០នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះជាង១៩.០០០នាក់៕