ការរលាកគឺជាប្រតិកម្មដោយធម្មជាតិនៃប្រព័ន្ធភាពស៊ាំរបស់យើង។
លោក Neil Bernard សាស្រ្តាចារ្យផ្នែកឱសថ នៅសាលាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ George Washington បានមានប្រសាសន៍ថា៖ « នេះគឺជារបៀបដែលរាងកាយរបស់យើងទប់ទល់នឹងមេរោគដែលជ្រៀតជ្រែករាងកាយ។ ដូច្នេះប្រសិនបើបាក់តេរី ឬវីរុសចូលមកក្នុងរាងកាយយើង ការរលាកគឺជាវិធីមួយក្នុងការកម្ចាត់ពួកវា»។
លោកបន្តថា ការរលាកក៏អាចបង្កឲ្យមានជំងឺផ្សេងៗ ដូចជា ជំងឺហឺត ជំងឺរលាកសន្លាក់ ជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម។ នៅពេលដែលការរលាកក្លាយជារ៉ាំរ៉ៃ រាងកាយយើងអាចចាប់ផ្តើមប្រឆាំងនឹងជាលិកាខ្លួនឯង។
លោកបន្ដថា៖ «បើតាមជីវវិទ្យា វាស្មើនឹងការបាញ់បោះមកលើទ័ពខ្លួនឯង។ ឧទាហរណ៍ សម្រាប់ជំងឺរលាកសន្លាក់ឆ្អឹង គឺសន្លាក់របស់យើងរលាក ដែលនេះមិនមែនជាការទប់ទល់នឹងបាក់តេរីទេ ប៉ុន្ដែវាគឺជាជំងឺទ្រនាប់ខាងក្នុងនៃសន្លាក់របស់យើង។ នេះគឺជាពេលដែលការរលាកបានក្លាយជាបញ្ហា»។
ជំងឺរលាកសន្លាក់ឆ្អឹងគឺជាស្ថានភាពមួយក្នុងចំណោមស្ថានភាពជាច្រើនដែលលោកស្រី Amanda Haas បានជួបប្រទះ។
លោកស្រី Haas និយាយថា៖ «ជំងឺផ្សេងៗដូចជា ការឆ្អល់ចុងដង្ហើមរ៉ាំរ៉ៃ ការឈឺក្នុងក្រពះ ការឈឺខ្នង ហើយខ្ញុំបានជួបអ្នកជំនាញផ្នែករោគប្រតិកម្មម្នាក់ ដែលបាននិយាយប្រាប់ខ្ញុំថា Amanda! ទាំងនេះគឺគ្រាន់តែជាទម្រង់នៃការរលាកផ្សេងៗនៅក្នុងរាងកាយរបស់អ្នកតែប៉ុណ្ណោះ។ ខ្ញុំគិតថា នេះគឺជាលទ្ធផលនៃអ្វីដែលអ្នកបានទទួលទាន។ ដោយហេតុថា អ្នកចំអិនម្ហូបអាហារទទួលទានដើម្បីរស់ ម៉េចក៏អ្នកមិនស្វែងរកអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ហើយចែករំលែករឿងនេះជាមួយអ្នកដទៃទៀតទៅ?»
លោកស្រី Amanda Haas ដែលជាចុងភៅអាជីពបានចាប់ផ្តើមពិនិត្យមើលយ៉ាងល្អិតល្អន់ទៅលើគ្រឿងផ្សំដែលគាត់ចំណាំប្រើក្នុងអាហារ។
លោកស្រីនិយាយថា៖ «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា យើងមិនគួរប្រើស្ករចម្រាញ់ ឬជាតិកាហ្វេអ៊ីនច្រើនពេកទេ។ មនុស្សជាច្រើនបានដឹងថា ប្រសិនបើអ្នកមានបញ្ហាសន្លាក់ អ្នកអាចនឹងងាយប្រតិកម្មជាមួយនឹងម្រេច ត្រប់វែង និងប៉េងប៉ោះ។ ខ្ញុំមានរឿងច្រើនណាស់ត្រូវធ្វើ។ ខ្ញុំចង់ឲ្យមនុស្សទាំងអស់យល់ថា របបអាហារដែលប្រឆាំងនឹងការរលាកក៏អាចមានឱជារសដែរ គ្រាន់តែថា អ្នកត្រូវទទួលទានអាហារបៃតង និងបន្លែស្លឹក។ ខ្ញុំប្រើគ្រឿងទេសច្រើនណាស់ ហើយក៏មានរុក្ខជាតិស្រស់ៗច្រើនដែរ។ អ្នកនឹងបានឃើញខ្ញុំប្រើក្រូចឆ្មារ និងជាតិផ្អែមធម្មជាតិជាច្រើនដូចជាទឹកឃ្មុំ និងទឹកសេរ៉ូ ធ្វើពីផ្លែ Maple។ អ្នកនឹងមិនឃើញខ្ញុំប្រើស្ករបន្សុទ្ធទេ»។
នៅក្នុងសៀវភៅធ្វើម្ហូបដែលប្រឆាំងនឹងការរលាក លោកស្រី Haas បានចែករំលែកវិជ្ជាមុខម្ហូបបួសជាច្រើន ដែលប្រើប្រូតេអ៊ីនពីសត្វ។
លោកស្រីនិយាយថា៖ «មនុស្សភាគច្រើនដែលព្យាយាមទទួលទានអាហារប្រឆាំងនឹងការរលាក មិនទទួលទានប្រូតេអ៊ីនសត្វច្រើនទេ។ តែខ្ញុំចង់ពន្យល់ថា តើពួកគេត្រូវទិញប្រូតេអ៊ីនប្រភេទណា ហើយហេតុអ្វីបានជាវាផ្តល់ផលល្អនៅពេលយើងប្រើវាក្នុងបរិមាណតិចនោះ។ ខ្ញុំបានយល់ដឹងច្រើនណាស់អំពីសាច់គោដែលបានមកពីសត្វគោស៊ីស្មៅ។ អ្វីដែលអស្ចារ្យនោះគឺថា ប្រសិនបើសត្វគោត្រូវបានចិញ្ចឹមដោយឲ្យស៊ីស្មៅ សាច់របស់វាមានសារធាតុអាស៊ីតខ្លាញ់ Omega-3 និង Omega-6 ដែលយើងអាចរកបាននៅក្នុងត្រីសាម៉ុង និងត្រីផ្សេងៗទៀតដែលមានជាតិខ្លាញ់ ហើយដែលខ្លាញ់ទាំងនោះគឺល្អសម្រាប់រាងកាយយើង។ វេជ្ជបណ្ឌិតភាគច្រើនបានមានប្រសាសន៍ថា ការទទួលទានសារធាតុខ្លាញ់ Omega ទាំងនេះ ក្នុងបរិមាណ ១១៣ ក្រាមឬតិចជាងនេះ អាចជាផ្នែកមួយដ៏ល្អនៃរបបអាហារដែលប្រឆាំងនឹងការរលាក»។
មុខម្ហូបមួយឈ្មោះថា Country Caption’s Chicken ដែលមានរមៀត និងគ្រឿងការីច្រើន គឺជាមុខម្ហូបចំណូលចិត្តរបស់អ្នកនិពន្ធរូបនេះ។
«នេះជាមុខម្ហូបដែលជីដូនខ្ញុំធ្លាប់ធ្វើឲ្យខ្ញុំញ៉ាំ។ វាត្រូវបានបង្កើតឡើងដោយអ្នកដែលរស់នៅក្នុងក្រុង Charleston នៃរដ្ឋ South Carolina ក្រុង Savannah នៃរដ្ឋ Georgia និងមនុស្សមកពីឥណ្ឌា ព្រមទាំងអ្នកមានដើមកំណើតអាស៊ី និងបារាំងផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺចាក់ប្រេងអូលីវខ្លះចូលទៅក្នុងខ្ទះ ចម្អិនសាច់មាន់អោយឡើងក្រហមត្នោត បន្ទាប់មកស្រង់សាច់មាន់ចេញ ហើយដាក់គ្រឿងផ្សំផ្សេងៗចូលទាំងអស់ ដូចជា ខ្ទឹមបារាំង និងបន្លែដើមតាំងអោ រួចចម្អិនឲ្យឆ្អិន។ បន្ទាប់មកទៀតដាក់ម្រេច និងម្សៅការីចូល។ រឿងតូចតាចមួយដែលគួរឲ្យចាប់អារម្មណ៍ ហើយគួរយល់ដឹងគឺថា រមៀតគឺជាគ្រឿងទេសមួយដែលប្រឆាំងនឹងការរលាក ប៉ុន្ដែដើម្បីបង្កើនជីវសុពលភាពរបស់វាគឺត្រូវបន្ថែមម្រេច។ បន្ទាប់មកបន្ថែមទឹកប៉េងប៉ោះ និងផ្លែប៉េងប៉ោះខ្លះដែលមានគ្រាប់ ហើយរំងាស់គ្រឿងទាំងអស់ចូលគ្នា។ ដាក់សាច់មាន់ចូលក្នុងឆ្នាំងវិញ រួចចម្អិនរយៈពេលប្រមាណ៤៥នាទី»។
លោកស្រី Hass បានជ្រើសរើសមុខម្ហូបមួយទៀតឲ្យពួកយើងដឹង ដែលដកស្រង់ចេញពីផ្នែកបង្អែមនៅក្នុងសៀវភៅរបស់អ្នកស្រី។
«ដោយសារទស្សនិកជនរបស់យើងមានចំនួនច្រើននិងមានចំណង់ចំណូលចិត្តខុសៗគ្នា ខ្ញុំគិតថានឹងលើកយករូបមន្តធ្វើនំសូកូឡាលាយដូង ដែលជាជំរើសល្អ។ វាមានខ្ទិះដូងដែលជាប្រភពមួយនៃសារធាតុខ្លាញ់។ យើងគិតថា ខ្ទិះដូងគឺមិនល្អសម្រាប់យើងទេ ប៉ុន្ដែវាមិនល្អមកពីវាត្រូវបានគេបន្សុទ្ធ។ ឥឡូវនេះ យើងកំពុងរកឃើញថា ខ្ទិះដូងអាចបញ្ចុះជាតិកូឡេស្តេរ៉ុលក្នុងខ្លួនមនុស្សយើបានច្រើនណាស់។ ដូច្នេះ វាគឺ នំសូកូឡាដ៏អស្ចារ្យមួយនេះហើយ ដែលមានលាយសារជាតិដ៏ល្អរបស់ខ្ទិះដូងនៅក្នុងនោះ»។
របៀបធ្វើនំសូកូឡានឹងត្រូវចុះផ្សាយនៅក្នុងគេហទំព័ររបស់យើង www.voanews.com ជាមួយនឹងវិជ្ជាធ្វើម្ហូបផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត Bernard មានសេចក្ដីសោមនស្សរីករាយណាស់ដែលបានឃើញប្រជាពលរដ្ឋមានការយល់ដឹងអំពីសារៈសំខាន់នៃការទទួលទានអាហារដើម្បីសុខភាព។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា៖ «យើងតែងតែជ្រើសរើសយករបបអាហារបួស ឬ អាហារដែលមានបន្លែច្រើន។ យើងចង់បញ្ជាក់ថា អាហារដូចជាគ្រាប់ធញ្ញជាតិ គឺជាអាហារសុខភាព ហើយគួរតែចៀសវាងអាហារដែលមានខ្លាញ់ច្រើន។ ជាអកុសល ពិភពវេជ្ជសាស្រ្តតែងតែពឹងផ្អែកលើវេជ្ជបញ្ជា ហើយជួនកាលយើងភ្លេចពីវិធីធម្មជាតិ របស់យើងដែលមានសុវត្ថិភាពរយៈពេលវែង និងមានប្រសិទ្ធភាពជាង»។
សៀវភៅវិជ្ជាធ្វើម្ហូបដែលប្រឆាំងនឹងការរលាក គឺជាបណ្តុំមុខម្ហូបក្នុងសតវត្សរ៍ទី២១ យកចេញពីដំបូន្មានបុរាណដែលនិយាយថា «សូមធ្វើអាហាររបស់អ្នកឲ្យក្លាយជាឱសថ»៕
ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច