បន្ទាប់ពីបានសិក្សាជាមួយក្រុមហ៊ុនចិនលើផែនការមេលើការកសាងប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងព្រះសីហនុនោះ រដ្ឋាភិបាលបានវាយតម្លៃថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះត្រូវការថវិកាជាង១៧០លានដុល្លារអាមេរិក។ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុវត្តផែនការដូចគ្នានេះនៅក្នុងខេត្តមួយចំនួនទៀតដែលកំពុងប្រឈមនឹងបញ្ហារំដោះទឹកកខ្វក់។
រដ្ឋាភិបាលត្រូវការថវិកាយ៉ាងតិច១៧៣លានដុល្លារសហរដ្ឋអាមេរិកដើម្បីកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងក្នុងខេត្តព្រះសីហនុ។
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីសិក្ខាសាលាស្តីពីការរៀបចំផែនការមេ និងការសិក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅទីក្រុងព្រះសីហនុ នៅថ្ងៃសុក្រនេះថា ទឹកប្រាក់ទាំងនេះនឹងត្រូវប្រើប្រាស់ទៅលើការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទឹកកខ្វក់ និងរំដោះទឹកភ្លៀង ការកសាងប្រព័ន្ធចម្រោះទឹកប្រព័ន្ធលូ និងកសាងប្រព័ន្ធបូមទឹកស្អុយចូលទីតាំងចម្រោះ។
«អ៊ីចឹងបូកសរុបប្រហែលជា១៧៣លានដុល្លារសហរដ្ឋអាមេរិកដើម្បីដោះស្រាយប្រព័ន្ធទឹកស្អុយដំណាក់កាលទីមួយ និងប្រព័ន្ធរំដោះទឹកភ្លៀងដំណាក់កាលទីមួយ»។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ ភ្លៀងធ្លាក់ជោគជាំបណ្តាលឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋ និងផ្លូវក្នុងខេត្តព្រះសីហនុមួយចំនួន។ ជនរងគ្រោះចំនួនបីនាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់នេះ ក្នុងនោះមានជនជាតិចិនម្នាក់និងខ្មែរពីរនាក់ប្តីប្រពន្ធដែលជាកម្មករសំណង់។
លោកយូ វាសនា ពលរដ្ឋម្នាក់រស់នៅក្នុងក្រុងព្រះសីហនុ និងជាសកម្មជនការពារសិទ្ធិមនុស្សរបស់សហព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC ស្វាគមន៍ចំពោះការរៀបចំកែលម្អប្រព័ន្ធទឹកកខ្វក់រដ្ឋាភិបាល។
«យើងក៏មានការអបអរសាទរដែរ ក៏ប៉ុន្តែយើងចាំតាមដានមើលដែរ។ ការអភិវឌ្ឍគាត់មានរយៈពេលលឿន ឬមួយក៏យូរតទៅមុខទៀត»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងព្រះសីហនុមានកំណើននៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ការអភិវឌ្ឍនេះបានជំរុញកំណើនចំនួនអគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អគារខុនដូ និងលំនៅដ្ឋានយ៉ាងឆាប់រហ័ស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុត្រូវបានប៉ាន់ប្រមាណថា នឹងមានចំនួនប្រមាណ២៥៧០០ម៉ែត្រគូប ក្នុងមួយថ្ងៃនៅឆ្នាំ២០១៨ និងមានបរិមាណប្រមាណ៤៧០០០ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ និងប្រមាណ៦៤០០០ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០។
ទន្ទឹមនឹងការត្រៀមរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ លោកយូ វាសនា សកម្មជនការពារសិទ្ធិមនុស្សរបស់សហព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC បង្ហាញកង្វល់ចំពោះការចាក់លុបអូរ បឹង និងព្រែកមួយចំនួនក្នុងក្រុងព្រះសីហនុដែលបានបង្កការជន់លិចក្នុងក្រុងជាប់មាត់សមុទ្រមួយនេះ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនោះ។
ក៏ប៉ុន្តែឆ្លើយតបទៅនឹងសំណួររបស់ VOA លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានច្រានចោលការលើកឡើងខាងលើនេះ។
«អ្នកដែលបានមើលឃើញ សូមឲ្យជាក់ស្តែងទៅតាមហ្នឹង គ្រាន់តែថា ការលុបនៅកន្លែងខ្លះគឺជាដីកម្មសិទ្ធិ ប៉ុន្តែកន្លែងខ្លះ វាជាការរំលោភ»។
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថា ការធ្វើប្រព័ន្ធដោះស្រាយទឹកកខ្វក់ដូចគ្នានេះនឹងត្រូវយកទៅអនុវត្តនៅខេត្តកំពត កែប កោះកុង បាត់ដំបង និងខេត្តកំពង់ចាមផងដែរ៕