ក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា ប្រទេសចិនបានលើកសរសើរប្រទេសកម្ពុជាជាច្រើនទាក់ទងនឹងសកម្មភាពមួយចំនួនដែល«បានជះផលប្រយោជន៍»ដល់ប្រទេសចិន។
កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងសរសើរប្រទេសកម្ពុជាដោយត្រង់ៗចំពោះការចាត់វិធានការរបស់ប្រទេសកម្ពុជាប្រឆាំងទៅនឹងបនល្បែងតាមអ៊ីនធើណែត ឬបនល្បែងអនឡាញ។
លោក Geng Shuang ប្រាប់សន្និសីទព័ត៌មានមួយក្នុងទីក្រុងប៉េកាំងថា រដ្ឋាភិបាលក្រុងប៉េកាំង«ពេញចិត្តជាទីបំផុត»ចំពោះការសម្រេចចិត្តរបស់កម្ពុជានេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៨ខែសីហា បានចេញសារាចរណ៍មួយដើម្បីចាត់វិធានការលើល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធអ៊ីនធឺណិត ក្រោយពេលដឹងថា ក្រុមឧក្រិដ្ឋជនបរទេសមួយចំនួនបានប្រើប្រាស់ល្បែងភ្នាល់នេះដើម្បីបោកប្រាស់ជម្រិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស។
ល្បែងភ្នាល់តាមអ៊ីនធើណែត ឬហៅថា ភ្នាល់តាមប្រព័ន្ធអនឡាញភាគច្រើនត្រូវគេដឹងថា កើតឡើងនៅក្នុងខេត្តព្រះសីហនុ និងវិនិយោគដោយជនជាតិចិន។
នៅក្នុងសារាចរណ៍នោះលោកហ៊ុន សែនបានចាត់ទុកថា សកម្មភាពរបស់ជនបរទេសទាក់ទងនឹងល្បែងភ្នាល់នៅប្រទេសនេះបានធ្វើឲ្យ«ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម» ហើយលោកបានដាក់បទបញ្ជាឲ្យអាជ្ញាធរចាត់វិធានការឲ្យបាន«ម៉ឺងម៉ាត់» និងមាន«ប្រសិទ្ធភាពខ្ពស់» និងបញ្ឈប់ការផ្តល់គោលការណ៍និង អាជ្ញាបណ្ណអនុញ្ញាតប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក ឬអនឡាញទាំងក្នុងនិងក្រៅប្រទេស។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងន័យដើមថា៖
«ការណ៍នេះនឹងជួយការពារផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងចិន» ហើយវាព្រមទាំងបាន ពង្រឹង«កិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ និងទំនាក់ទំនងមិត្តភាព»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអធិប្បាយថា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនបង្ហាញពីការគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
«យើងធ្វើកិច្ចស្វាគមន៍ក្នុងការផ្តល់តម្លៃនេះដែលបង្ហាញពីអ្វីទៅ ដែលជាអធិបតេយ្យភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសម្រេចកិច្ចការនេះ»។
កាលពីសប្តាហ៍មុន ឯករដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានឆ្លៀតពេលវាយប្រហារសហរដ្ឋអាមេរិកដោយសម្តីធ្ងន់ៗថា អាមេរិក«ធ្វើជាខ្នងបង្អែក»ដល់ក្រុមអ្នកតវ៉ានៅតំបន់រដ្ឋបាលពិសេសហុងកុង ដែលក្រុងប៉េកាំងបានហៅថា«ជាក្រុមសកម្មជនបង្កហិង្សាខុសច្បាប់»នោះ។ លោក Wang ក៏បានលើកសរសើរ និងអរគុណប្រទេសកម្ពុជាថា គឺជា«មិត្ត»ដែលគាំទ្រជំហររបស់ប្រទេសចិនពីដើមរៀងមក។
ភ្លាមៗនោះ កម្ពុជាក៏បានថ្លែងការណ៍ប្រកាសគាំទ្រ«ចំណាត់ការរបស់ចិន»លើក្រុមបាតុករហុងកុង ដោយចាត់ទុកថា ចំណាត់ការនេះគឺ«ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខុដុមរមនាក្នុងសង្គមក្នុងទីក្រុងហុងកុង»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយក្នុងប្រទេសកម្ពុជា បា្រប់ VOA ថា ជំហរគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលក្រុងប៉េកាំងនៅពេលនេះបញ្ជាក់ថា ចំណងទាក់ទងនេះមានកម្រិតខ្ពស់បំផុតលើសពីប្រទេសដទៃក្នុងតំបន់។
«ប្រហែលនៅក្នុងចំណោមប្រទេសអាស៊ីហ្នឹង បាទ ប្រហែលចិនមានមិត្តខ្មែរតែមួយទេ បាទ ដែលចិនចាត់ទុកជាមិត្តភាពដែកថែបនោះ»។
លោកប៉ូ សូវីនដា និស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី និងជាអ្នកស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ឬ CICP ព្រួយបារម្ភអំពីឥទ្ធិពលរបស់ប្រទេសចិនលាតសន្ធឹងពីផ្នែកសេដ្ឋកិច្ចរហូតដល់ប្រព័ន្ធរដ្ឋបាលរបស់កម្ពុជា។
«អ្វីដែលយើងកង្វល់ហ្នឹងគឺត្រង់ថា បើសិនជាឥទ្ធិពលហ្នឹងនៅតែបន្ត បន្តខ្លាំងទៅអ៊ីចឹងទៀត ថា តើអនាគតកម្ពុជាទៅជាយ៉ាងណា។ ចិនអាច គេហៅថា អាចមានសិទ្ធិរហូតទៅដល់គ្រប់គ្រងប្រព័ន្ធរដ្ឋបាលគឺថា មានឥទ្ធិពលរហូតទៅដល់អាចបញ្ជាលើប្រព័ន្ធរដ្ឋបាលរបស់ស្រុកខ្មែរក្នុងកម្រិតណាមួយ»។
ដោយឡែកលោកស្រីមូរ សុខហ៊ួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលយល់ថា កម្ពុជាត្រូវការការលើកសរសើរគ្នាទៅវិញទៅមកពីភាគីចិនដើម្បីការពារនិងរក្សាអំណាចរបស់គណបក្សកាន់អំណាច។
«យើងឃើញថា លោកហ៊ុន សែន ឥឡូវនេះ កំពុងតែត្រូវការការគាំទ្រពីប្រទេសចិន។ ទោះបីជាបាត់បង់ផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជាក៏ដោយ ក៏ត្រូវតែរដ្ឋាភិបាលប្រទេសចិន និងរបបលោកហ៊ុន សែនត្រូវតែការពារគ្នាទៅវិញទៅមក។ ដូច្នេះគ្មានអ្វីអស្ចារ្យទេ»។
យ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានឆ្លើយតបវិញថា ការវិភាគវែកញែកខាងលើមិនអាចយកជាការបាននោះទេ ដោយលោកថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជាចិនមិនបានបង្ហាញពីវិបត្តិណាមួយនៅឡើយ។
ដំណាលគ្នានេះ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រទេសកម្ពុជា បានជួយបន្ថែមថា កម្ពុជាមានទំនាក់ទំនងគ្រប់បណ្តាប្រទេសទាំងអស់ដោយបានតម្កល់អធិបតេយ្យភាពរបស់ប្រទេសជាធំ៕