ប្រទេសកម្ពុជានិងវៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅថ្ងៃពុធនេះដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យចំនួន២៨។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅទីក្រុងភ្នំពេញក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧នៃគណៈកម្មការចម្រុះកម្ពុជាវៀតណាមផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ច ផ្នែកវប្បធម៌ និងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
កិច្ចព្រមព្រៀងក្នុងវិស័យទាំង២៨នោះរួមមាន កិច្ចព្រមព្រៀងបង្កនូវលក្ខខណ្ឌអនុគ្រោះដល់សេដ្ឋកិច្ចទ្វេភាគី កិច្ចព្រមព្រៀងផ្នែកសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ពង្រឹងភាពជាដៃគូផ្នែកសន្តិសុខ និងការពារជាតិ កិច្ចព្រមព្រៀងផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្នែកវិស័យរ៉ែ និងថាមពល កិច្ចព្រមព្រៀងលើវិស័យក្សេត្រសាស្រ្ត ផ្នែកព័ត៌មាន និងសារគមនាគមន៍ ផ្នែកសុខាភិបាល ផ្នែកពលករ និងសង្គមកិច្ច កិច្ចសហការផ្នែកវប្បធម៌ កីឡា និងកិច្ចព្រមព្រៀងទេសចរណ៍និងផ្នែកបរិស្ថាន។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ភាគីកម្ពុជានិងវៀតណាមប្តេជ្ញានឹងបន្តកិច្ចប្រជុំកម្រិតខ្ពស់និងផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកក៏ដូចជាយន្តការសហប្រតិបត្តិការទ្វេភាគីផងដែរ៕