ប្រធានផ្នែកជំងឺឆ្លងសហរដ្ឋអាមេរិកលោក Anthony Fauci បានប្រកាសការព្រមានជាថ្មីកាលពីថ្ងៃអាទិត្យទៅលើការហក់ឡើងនូវករណីជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកជាពិសេសក្នុងតំបន់ដែលពលរដ្ឋជម្នះមិនទៅចាក់វ៉ាក់សាំងបើទោះបីជាវីរុសបំប្លែងថ្មីដែលតា (Delta) បានឆ្លងយ៉ាងលឿនក្តី។
លោកវេជ្ជបណ្ឌិត Fauci បានប្រាប់បណ្តាញទូរទស្សន៍ CNN នៅក្នុងកម្មវិធី«ស្ថានភាពសហព័ន្ធ» (State of the Union) ថា«យើងកំពុងធ្វើដំណើរខុសទិស។មនុស្សប្រមាណ៥០%ក្នុងសហរដ្ឋអាមេរិកមិនបានចាក់វ៉ាក់សាំងទេ។នេះជាបញ្ហាមួយ»។
ក្នុងសហរដ្ឋអាមេរិកចំនួនមនុស្សទៅព្យាបាលនៅមន្ទីរពេទ្យនិងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថយចុះខ្លាំងធៀបនឹងតួលេខដែលបានកើនឡើងខ្ពស់កាលពីរដូវត្រជាក់កន្លងទៅ។ ប៉ុន្តែការឆ្លងថ្មីៗនេះបានកើនឡើងច្រើននៅតាមកន្លែងមួយចំនួនក្នុងសហរដ្ឋអាមេរិកដែលនៅទីនោះមនុស្សនៅមិនទាន់មានជំនឿចិត្តទាំងស្រុងទៅលើភាពចាំបាច់នៃការចាក់វ៉ាក់សាំងសុវត្ថិភាពនៃវ៉ាក់សាំងនិងមិនស្តាប់ការណែនាំរបស់រដ្ឋាភិបាលឲ្យចាក់វ៉ាក់សាំងដែលនៅតែជាបញ្ហាដ៏ចម្បងមួយ។
កាលពីថ្ងៃសៅរ៍សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង៥១.០០០នាក់ដែលកើនឡើង១៧២%ក្នុងពេល២សប្តាហ៍កន្លងទៅហើយមានអ្នកស្លាប់ប្រចាំថ្ងៃប្រមាណជាង២៥០នាក់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
រហូតមកដល់ពេលនេះរដ្ឋាភិបាលអាមេរិកនិយាយថាពលរដ្ឋអាមេរិកប្រមាណ១៦២លាននាក់បានចាក់វ៉ាក់សាំងគ្រប់ដូសដែលគឺស្មើប្រមាណ៤៩%នៃប្រជាជនអាមេរិកសរុបឬចំនួន៦០%នៃមនុស្សពេញវ័យ។
ប៉ុន្តែការស្ទង់មតិបានបង្ហាញថាពលរដ្ឋអាមេរិកប្រមាណ៨០%ដែលមិនបានចាក់វ៉ាក់សាំងនិយាយថា ពួកគេនឹងមិនចាក់វ៉ាក់សាំងឬទំនងជាមិនចាក់នោះទេបើទោះបីជាមន្ត្រីរដ្ឋាភិបាលជំរុញឲ្យពួកគេចាក់វ៉ាក់សាំងយ៉ាងណាក្តី។
ថ្លែងអំពីអ្នកមិនចាក់វ៉ាក់សាំងអ្នកស្រី Kay Ivey អភិបាលរដ្ឋ Alabama ខាងគណបក្សសាធារណរដ្ឋបានលើកឡើងកាលពីសប្តាហ៍មុនថា«មនុស្សទាំងនេះកំពុងជ្រើសរើសយកផ្លូវជីវិតអាក្រក់គួរឲ្យភ័យព្រួយ»។
លោក Fauci បន្តថាអ្នកដែលបានចាក់វ៉ាក់សំាងរួចហើយ«ទទួលបានការការពារខ្ពស់»ដែលរួមទាំងការប្រឆាំងវីរុសបំប្លែងថ្មីដែលតាផងដែរ។ប៉ុន្តែល្បឿននៃការចាក់វ៉ាក់សាំងបានថយចុះជាង៨០%នៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីពាក់កណ្តាលខែមេសាមក៕