សមាជិកគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាចង់ផ្អាកការងារផ្នែកច្បាប់របស់ព្រឹទ្ធសភារហូតដល់ថ្ងៃទី ១៩ ខែតុលា ខាងមុខនេះ ស្របពេលដែលជំងឺកូវីដ១៩ ឆ្លងដល់សមាជិកព្រឹទ្ធសភា។
លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា បានថ្លែងកាលពីថ្ងៃសៅរ៍ថា សវនាការតែងតាំងចៅក្រមតុលាការកំពូលសម្រាប់អ្នកស្រី Amy Coney Barrett នឹងនៅតែចាប់ផ្ដើមធ្វើនៅថ្ងៃច័ន្ទ ទី១២ ខែតុលា ខាងមុខនេះ តាមការគ្រោងទុកដដែល ទោះបីជាគណបក្សប្រជាធិបតេយ្យយល់ព្រមផ្អាកការប្រជុំជាប្រចាំរបស់ព្រឹទ្ធសភាក៏ដោយ។
ការសម្រេចនេះត្រូវបានធ្វើឡើង ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋមួយចំនួនបានឆ្លងជំងឺកូវីដ១៩។
លោក McConnell បានបញ្ជាក់ដូច្នេះថា៖ «គម្រោងកាលវិភាគប្រជុំរបស់ព្រឹទ្ធសភានឹងមិនប៉ះពាល់ដល់ដំណើរការតែងតាំង [អ្នកស្រី Barrett] ដែលមានលក្ខណៈហ្មត់ចត់ យុត្តិធម៌ និងមានការគាំទ្រជាប្រវត្តិសាស្ត្រនេះទេ»។
លោកបានបន្ថែមថា៖ «ជាការពិត សមាជិកគណបក្សសាធារណរដ្ឋទាំងអស់នៃគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភា នឹងចូលរួមនៅក្នុងសវនាការដ៏សំខាន់នេះ»។
លោក Lindsey Graham ប្រធានគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភា បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអាចចូលរួមក្នុងសវនាការនេះតាមអនឡាញ។
ប៉ុន្តែ លោក Chuck Schumer មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា បាននិយាយថា ប្រសិនបើវាគ្រោះថ្នាក់ខ្លាំងសម្រាប់សមាជិកព្រឹទ្ធសភាក្នុងការធ្វើការ នោះវាក៏គ្រោះថ្នាក់ខ្លាំងក្នុងការបើកសវនាការតែងតាំងអ្នកស្រី Barrett សម្រាប់តំណែងចៅក្រមតុលាការកំពូលផងដែរ។
លោក Schumer បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា សមាជិកគណបក្សសាធារណរដ្ឋ «ប្រឹងប្រែងចង់តែងតាំងអ្នកស្រីចៅក្រម Barrett គ្រប់មធ្យោបាយទាំងអស់ដោយមិនខ្វល់អំពីការគំរាមកំហែងចំពោះសុខភាព និងសុវត្ថិភាពរបស់សមាជិកព្រឹទ្ធសភា បុគ្គលិក និងអ្នកដែលធ្វើការនៅវិមានសភានោះទេ»៕