លោកប្រធានាធិបតី Donald Trump ហាក់ដូចជាកំពុងផ្តោតអារម្មណ៍ទៅលើការជ្រើសរើសបេក្ខជនម្នាក់ក្នុងចំណោមចៅក្រមជាស្ត្រី ២ នាក់ ដែលលោកបានតែងតាំងឲ្យកាន់តំណែងក្នុងតុលាការឧទ្ធរណ៍សហព័ន្ធ ដើម្បីជំនួសតំណែងចៅក្រមតុលាការកំពូលលោកស្រី Ruth Bader Ginsburg ដែលបានស្លាប់កាលពីសប្តាហ៍មុន។
លោក Trump បានថ្លែងនៅក្នុងការឃោសនារកសំឡេងឆ្នោតមួយកាលពីយប់ថ្ងៃសៅរ៍ក្នុងទីក្រុង Fayetteville រដ្ឋ North Carolina ថា លោកនឹងធ្វើការតែងតាំងនៅសប្តាហ៍នេះ ហើយថា «បេក្ខជននោះនឹងជាស្ត្រី»។
នៅមុនលោកថ្លែងនេះ លោកបានបញ្ចេញឈ្មោះលោកស្រី Amy Coney Barrett នៃតុលាការឧទ្ធរណ៍សហព័ន្ធទី៧ នៅទីក្រុង Chicago និងលោកស្រី Babara Lagoa នៃតុលាការឧទ្ធរណ៍សហព័ន្ធទី១១ នៅទីក្រុង Atlanta ថាជាបេក្ខជនដែលលោកនឹងពិចារណា។
ក្រុមអ្នកគាំទ្រលោកបាននាំគ្នាស្រែកថា«បំពេញអាសនៈនោះទៅ» ហើយលោក Trump បានឆ្លើយវិញថានេះជារឿងដែលលោកគ្រោងនឹងធ្វើ។
ប៉ុន្តែបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានអំពាវនាវដល់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ កុំឲ្យបោះឆ្នោតជូនបេក្ខជនណាម្នាក់សម្រាប់តំណែងតុលាការកំពូលនេះ នៅកៀកពេលដែលការបោះឆ្នោតខែវិច្ឆិកាជិតចូលមកដល់ដូច្នេះ។
លោក Biden បានថ្លែងកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania ថា៖ «អ្នកបោះឆ្នោតនៃប្រទេសនេះគួរតែត្រូវគេស្តាប់។ ពួកគេជាអ្នកដែលរដ្ឋធម្មនុញ្ញចាត់ទុកថាជាអ្នកសម្រេចថាតើអ្នកណាមានអំណាចដើម្បីតែងតាំងអ្នកកាន់តំណែងនេះ។ ការតែងតាំងតាមព្រឹទ្ធសភាយ៉ាងបង្ខំនេះ គឺគ្រាន់តែជាការព្យាយាមប្រើអំណាចនយោបាយឆៅតែប៉ុណ្ណោះ»៕