កាលពីថ្ងៃអាទិត្យ បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានអំពាវនាវដល់ព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ឲ្យពន្យារពេលបោះឆ្នោតលើការតែងតាំងបេក្ខជនចៅក្រមតុលាការកំពូល ដែលលោកប្រធានាធិបតី Donald Trump បានស្នើឡើង ដោយលោកបានបញ្ជាក់ថា អ្នកបោះឆ្នោត «នឹងមិនបណ្ដោយឲ្យការរំលោភអំណាចនេះកើតឡើងឡើយ»។
លោក Biden បាននិយាយថា ព្រឹទ្ធសភាគួរពន្យារពេលលើរឿងនេះ រហូតដល់ក្រោយពេលដែលប្រធានាធិបតីថ្មីស្បថចូលកាន់តំណែងនៅខែមករាខាងមុខ។ ប៉ុន្តែលោក Trump បានបញ្ជាក់ថា ការតែងតាំងរបស់លោកឲ្យអ្នកស្រី Amy Coney Barrett ធ្វើជាចៅក្រមតុលាការកំពូល គឺជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញរបស់លោកក្នុងនាមជាប្រធានាធិបតី ទោះបីជាពីមុនមកមិនដែលមានការតែងតាំងចៅក្រមតុលាការកំពូលកៀកនឹងពេលបោះឆ្នោតយ៉ាងនេះក៏ដោយ។
ការលើកឡើងរបស់លោក Biden កើតឡើងស្របពេលដែលទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានងាកមកប្រើតំណែងចៅក្រមតុលាការកំពូលដែលនៅទំនេរ ក្រោយពីចៅក្រមតុលាការកំពូលអ្នកស្រី Ruth Bader Ginsburg បានស្លាប់នេះ ដើម្បីទាក់ទាញអ្នកបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
លោក Trump បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រោយពីបានស្នើតែងតាំងអ្នកស្រី Barrett មក លោកគិតថា អ្នកស្រីអាចចូលកាន់តំណែងមុនការបោះឆ្នោត។ ចំណែកឯលោក Biden វិញបានថ្លែងថា បើលោកជាប់ឆ្នោត ការតែងតាំងអ្នកស្រី Barrett នេះគួរតែដកចេញវិញ ហើយលោកនឹងជ្រើសរើសអ្នកផ្សេងឲ្យកាន់តំណែងចៅក្រមតុលាការកំពូលនេះ៕