ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍បានតែងតាំងចៅក្រមអភិរក្សនិយមអ្នកស្រី Amy Coney Barrett ជាចៅក្រមតុលាការកំពូល ដើម្បីជំនួសតំណែងរបស់ចៅក្រមសេរីនិយមអ្នកស្រី Ruth Bader Ginsburg ដែលបានស្លាប់កាលពីពេលថ្មីៗនេះ។
ការតែងតាំងនេះអាចធ្វើឲ្យលោក Trump មានឱកាសធ្វើឲ្យតុលាការកំពូលមានចៅក្រមអភិរក្សនិយមច្រើនជាងចៅក្រមសេរីនិយម នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចូលមកដល់នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
លោក Trump បានពណ៌នាអំពីអ្នកស្រី Barrett ថាជា «មនុស្សម្នាក់ដែលមានគំនិតផ្នែកច្បាប់ពោរពេញដោយទេពកោសល្យអស្ចារ្យពីធម្មជាតិ» នៅពេលដែលលោកប្រកាសអំពីការតែងតាំងអ្នកស្រីនៅសួនផ្កាកុលាបនៃសេតវិមាន។
លោក Trump បានបញ្ជាក់ថា លោកជឿថា ការអនុម័តរបស់ព្រឹទ្ធសភាលើការតែងតាំងនេះ គួរតែ «ធ្វើឡើងដោយគ្មានភាពស្មុគស្មាញ និងជាបន្ទាន់»។ លោកបានជំរុញសមាជិកសភា និងប្រព័ន្ធផ្សព្វផ្សាយកុំឲ្យវាយប្រហារជាលក្ខណៈបុគ្គល និងបែបប្រកាន់បក្សពួកលើអ្នកស្រី Barrett។
លោក Trump បានបន្ថែមថា គណបក្សប្រជាធិបតេយ្យនឹងប្រាកដជា «លំបាកខ្លាំង» នៅក្នុងការច្រានចោលបេក្ខភាពជាចៅក្រមតុលាការកំពូលរបស់អ្នកស្រី Barrett ដោយសារតែលក្ខណៈសម្បត្តិរបស់អ្នកស្រី។
ការស្ទង់មតិបានបង្ហាញថា ភាគច្រើននៃពលរដ្ឋអាមេរិកាំង ក៏ដូចជាសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យផងដែរ ចង់ឲ្យប្រធានាធិបតីនៅអាណត្តិបន្ទាប់ជាអ្នកតែងតាំងចៅក្រមតុលាការកំពូលនេះ។
នៅពេលដែល VOA សួរអំពីចំណុចនេះ លោក Trump បានឆ្លើយថា៖ «ខ្ញុំមិនគិតថា ពួកគេស្គាល់អ្នកស្រី Barrett នោះទេ» និងបានទស្សន៍ទាយថា៖ «ខ្ញុំគិតថា ការតែងតាំងនេះនឹងជោគជ័យមុនការបោះឆ្នោតមកដល់»។
ប្រសិនបើការតែងតាំងនេះទទួលបានជោគជ័យ នោះអ្នកស្រី Barrett អាយុ ៤៨ ឆ្នាំ ដែលមានកូន ៧ នាក់ នឹងក្លាយជាចៅក្រមតុលាការកំពូលជាស្ត្រីដំបូងគេបង្អស់ដែលមានកូនតូចនៅសិក្សាកម្រិតមុនឧត្តមសិក្សានៅឡើយ និងជាចៅក្រមក្មេងជាងគេបំផុតក្នុងចំណោមចៅក្រមទាំង ៩ រូបនៃតុលាការកំពូល៕