ប្រតិកម្មបានធ្វើឡើងភ្លាមៗពីក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្តី្រហ៊ុន សែន បន្ទាប់ពីការចេញផ្សាយរបាយការណ៍របស់អង្គការ Global Witness មានចំណងជើងថា«ការក្ដោបក្ដាប់តាមបែបប្រទូសរ៉ាយ»។ របាយការណ៍នេះបានរៀបរាប់ពីការកសាងទ្រព្យសម្បត្តិរាប់រយលានដុល្លារ ចាប់តាំងពីលោកហ៊ុន សែន បានដឹកនាំប្រទេសជាសហនាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៩៣ រហូតដល់ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ។
ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកនេះ បានប្រតិកម្មភ្លាមៗប្រឆាំងតបទៅនឹងរបាយការណ៍របស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងអំពីការក្ដោបក្ដាប់ក្រុមហ៊ុនធំៗជាង១០០ជាសម្ងាត់ និងដោយការរំលោភអំណាច ហើយក្រុមហ៊ុនខ្លះក៏បានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សផងដែរ។
របាយការណ៍កម្រាស់ជាង៥០ទំព័រ និងមានឈ្មោះថា «ការក្តោបក្តាប់តាមបែបប្រទូសរ៉ាយ» ឬនិយាយជាភាសាអង់គ្លេសថា Hostile Takeover របស់អង្គការ Global Witness ដែលមានទីតាំងនៅក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស បានឲ្យដឹងថា គ្រួសាររបស់នាយករដ្ឋមន្ត្រីរូបនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយរក្សាភាពស្ថិតស្ថេរយូរអង្វែងនៃអាជីពនយោបាយរបស់គាត់។
ពួកគេកាន់តំណែងសំខាន់ៗក្នុងកិច្ចការនយោបាយ កងកម្លាំងយោធា នគរបាល ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នមនុស្សធម៌ ដែលសុទ្ធតែជាផ្នែកដែលជួយគាំទ្រគណបក្សរបស់លោក ហ៊ុន សែន តាមរយៈការឃោសនា ការបរិច្ចាគផ្នែកនយោបាយ ឬក៏ការប្រើកម្លាំងព្រៃផ្សៃជាដើម។
ក្រុមហ៊ុនក្នុងស្រុកមួយចំនួន ដែលពាក់ព័ន្ធនឹងពួកគេ ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានជាច្រើន រួមមាន ការលួចយកដីធ្លី និងធនធានធម្មជាតិ អំពើហិង្សា និងការបំភិតបំភ័យលើប្រជាជនក្នុងមូលដ្ឋាន និងការបំផ្លិចបំផ្លាញបរិស្ថាន។
លោកហ៊ុន តូ ដែលជាក្មួយបង្កើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនបានដឹងអំពីរបាយការណ៍របស់អង្គការ Global Witness នោះទេ។ តែនៅពេល VOAចោទសួរអំពីឈ្មោះរបស់លោក ដែលត្រូវបានសរសេរនៅក្នុងរបាយការណ៍នោះ លោកថ្លែងយ៉ាងដូច្នេះថា៖
«ចុះឥឡូវ ខ្ញុំសួរលោកឯងវិញ បើសិនជាគេរកស៊ីស្របច្បាប់ គេរកស៊ីត្រឹមត្រូវ ម៉េចខុសច្បាប់ដែរ?»
នៅពេលដែល VOA សួរលោកអំពីការលើកឡើងរបស់របាយការណ៍អំពីទំនាក់ទំនងរបស់ក្រុមហ៊ុន លោកហ៊ុន តូថ្លែងបន្ថែមទៀតថា៖
«អ្ហេ លោកឯង អីចឹងៗ ខ្ញុំមិនសូវដឹងទេ កុំសួរខ្ញុំ!»
លោកហ៊ុន តូគឺជាកូនប្រុសបង្កើតរបស់លោកហ៊ុន ណេង ដែលជាបងប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ នៅក្នុងរបាយការណ៍នោះ លោកហ៊ុន តូត្រូវបានជាប់ឈ្មោះថា ជា «អ្នករត់ពន្ធថ្នាំញៀនដ៏ធំជាងគេ»។ ប៉ុន្តែ គេពុំឃើញមានការបញ្ជាក់លម្អិតថា តើលោកហ៊ុន តូពាក់ព័ន្ធយ៉ាងណា ក្នុងមុខជំនួញ ដែលត្រូវបានចោទប្រកាន់ក្នុងរបាយការណ៍របស់អង្គការ Global Witness នេះទេ។
បន្ថែមលើការអធិប្បាយតិចតួចរបស់ហ៊ុន តូ ជាមួយ VOA កូនប្រុសស្រីរបស់លោកហ៊ុន សែនបានថ្លែងបដិសេធរបាយការណ៍នោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគេ។
លោកស្រីហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជានាយិកាទូរទស្សន៍បាយ័ន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកស្រីក្នុងន័យដើមថា៖
«នាងខ្ញុំបានដឹងច្បាស់ថា ពួកអ្នកចង់បានអ្វីពីគ្រួសារយើងខ្ញុំ គឺឲ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ ពួកអ្នកតែងតែធ្វើរឿងបែបនេះក្នុងគោលដៅបំផ្លាញឪពុករបស់នាងខ្ញុំ តែនាងខ្ញុំនិងគ្រួសារគួរតែអរគុណដល់អស់លោក លោកស្រីដែលបានជួយដល់ឪពុករបស់នាងខ្ញុំឲ្យឈ្នះឆ្នោតគ្រប់អាណត្តិ ព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នក ធ្វើឲ្យអ្នកបោះឆ្នោតកាន់តែមានការទុកចិត្ត និងបោះឆ្នោតជូនឪពុកខ្ញុំថែមទៀត»។
រីឯលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី និងជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍មួយរូប បានថ្លែងស្រដៀងគ្នាទៅនឹងប្អូនស្រីរបស់លោកគឺលោកស្រីហ៊ុន ម៉ាណា លើទំព័រហ្វេសប៊ុករបស់លោក ក្នុងន័យដើមថា៖
«ខ្ញុំនៅចាំបានថា ប៉ុន្មានអាណត្តិហើយ ឲ្យតែពេលជិតបោះឆ្នោត គឺជាពេលវេលា ដែលអង្គការមួយឈ្មោះ Global Witness បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេសលើឪពុកខ្ញុំតែម្តង»។
លោកបាននិយាយដល់កាសែតផ្សាយជាភាសាអង់គ្លេសចំនួនពីរក្នុងន័យដើមថា៖
«ហើយលើកនេះក៏មិនមានអ្វីថ្មីដែរ...គ្រាន់តែខុសត្រង់ថា តាមរយៈការផ្សាយអត្ថបទតែមួយជួនគ្នា (បង្ហាញពីការសហការគ្នាដ៏ល្អក្នុងរឿងនេះ) រវាង Phnom Penh Post និង Cambodia Daily លើកនេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់ខ្ញុំនោះទេ គឺគេបានបង្កើតរឿងវ៉ៃទាំងគ្រួសារតែម្តង ពោលគឺមិនឲ្យរួចខ្លួនម្នាក់ណាឡើយ។ ចាំមើលចេញរឿងអ្វីទៀត!»។
លោកស្រីហ៊ុន ម៉ាណាត្រូវរបាយការណ៍នេះឲ្យដឹងថា លោកស្រីមានការកាន់កាប់មុខជំនួញច្រើនជាងគេបង្អស់ក្នុងចំណោមសមាជិកគ្រួសារនេះ ដោយមានប្រាក់ហ៊ុននៅក្នុងក្រុមហ៊ុនចំនួន២២ ដោយមានចំណែកទុនដែលបានចុះបញ្ជីមានទឹកប្រាក់ចំនួន៦៦លានដុល្លារសហរដ្ឋអាមេរិក។ តួលេខនេះហាក់ដូចជាខ្ពស់ខ្លាំងគួរឲ្យកត់សម្គាល់ ដោយសារតែវាមិនបានរាប់បញ្ចូលនូវទឹកប្រាក់ទុនវិនិយោគរបស់ក្រុមហ៊ុនប្រាំ ដែលអង្គការ Global Witness មិនអាចស្វែងរកឃើញទិន្នន័យហិរញ្ញវត្ថុ។
ប្រាក់ហ៊ុនមុខជំនួញរបស់លោកស្រីហ៊ុន ម៉ាណាលាតសន្ធឹងលើវិស័យធំៗជាច្រើនរបស់ប្រទេសកម្ពុជា ក្នុងនោះរួមមានវិស័យថាមពល សំណង់ ទេសចរណ៍ សេវាកម្មហិរញ្ញវត្ថុ និងបនល្បែង។
ថ្មីៗនេះ លោកស្រីកំពុងតែសម្លឹងមើលដើម្បីពង្រីកអាណាចក្រមុខជំនួញរបស់លោកស្រី ហើយកំពុងតែអនុវត្តការគាបសង្កត់ខ្លាំងទៅលើក្រុមហ៊ុនឯកជនក្នុងស្រុក ដើម្បីទទួលបានភាគហ៊ុនរបស់គាត់ ក្នុងនោះដែរ។
ក្រៅពីលោកស្រីហ៊ុន ម៉ាណា របាយការណ៍ក៏បានបង្ហាញថា កូនប្រុសទាំងបីរបស់លោកហ៊ុន សែនត្រូវបានចុះបញ្ជីជាម្ចាស់ក្រុមហ៊ុនអគ្គិសនីឯកជនកម្ពុជាមួយ ជាភាសាអង់គ្លេសហៅថា Cambodia Electricity Private ដែលបានផ្គត់ផ្គង់ថាមពលទៅដល់រដ្ឋ។
ក្រុមអ្នកស៊ើបអង្កេតដែលសរសេររបាយការណ៍«ការក្ដោបក្ដាប់តាមបែបប្រទូសរ៉ាយ»នេះ បានរកឃើញថា គ្រួសារផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីរូបនេះមានអាជីវកម្មចុះបញ្ជីដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងៗ ដែលមានចំណែកដើមទុនចុះបញ្ជីសរុបចំនួនជាង២០០លានដុល្លារជាមួយក្រុមហ៊ុនអន្តរជាតិ ជាច្រើន ដូចជា Apple, Nokia, Visa, Unilever, Proctor, Gamble និង Honda ជាដើម។
របាយការណ៍នេះបានឲ្យដឹងថា គ្រួសារត្រកូលហ៊ុន រួមមានសមាជិក ដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធអាភៀនដែលមានតម្លៃ១ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធការបាញ់បោះ បុកស្លាប់ហើយរត់ និងសកម្មភាពទន្ទ្រាន យកដីដែលបណ្ដាលឲ្យប្រជាជនជាច្រើនគ្រួសារត្រូវបាត់បង់លំនៅស្ថាន និងរស់នៅក្នុងភាពទាល់ក្រនៅតំបន់ជនបទក្រីក្រនៃប្រទេសកម្ពុជា។
លោក Patrick Alley សហស្ថាបនិកនៃអង្គការ Global Witness ត្រូវបានដកស្រង់សម្ដីនៅក្នុងន័យដើមថា៖
«គំហើញទាំងនេះបានបង្ហាញពីផលវិបាកនៃការប្រតិបត្តិគំរូនៃការដឹកនាំបែបផ្ដាច់ការរបស់ លោកហ៊ុន សែន។ គ្រួសាររបស់គាត់ត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហេតុដូចនេះ ពលរដ្ឋក្រុងភ្នំពេញហាក់ដូចជាមិនអាចជៀសផុតពីការរួមចំណែករកលុយចូលហោប៉ៅរបស់អ្នកជិះជាន់គាបសង្កត់របស់ពួកគេជាច្រើនដងក្នុងមួយថ្ងៃឡើយ។ ចំណែកឯវិនិយោគិនបរទេសវិញអាចនឹងពុំចូលរួមគាំទ្ររបបដែលសម្លាប់ បំភិតបំភ័យ ឬឃុំខ្លួនអ្នករិះគន់របបនេះទេ»។
របាយការណ៍នេះ ដែលបានចេញនៅគ្រាដែលកម្ពុជាត្រូវគេដឹងថា កំពុងជួបវិបត្តិនយោបាយនោះ ក៏បានរំឭកឡើងវិញនូវព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងខែមេសាឆ្នាំ២០១១ គឺនៅគ្រាដែលលោកហ៊ុន សែនបានលើកក្រដាសប្រកាសទ្រព្យសម្បត្តិរបស់លោក ដើម្បីបង្ហាញកាមេរ៉ា ដែលផ្ដិតយករូបភាពក្នុងពេលលោកកំពុងថ្លែងនៅក្នុងបន្ទប់មួយពេញដោយអ្នកព័ត៌មាន។
គ្រានោះ ជាលើកដំបូងបំផុតហើយដែលលោកហ៊ុន សែនបានប្រកាសទ្រព្យសម្បត្តិរបស់លោកជាសាធារណៈដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។ លោកហ៊ុន សែនបានអះអាងថា ប្រាក់ខែរបស់នាយករដ្ឋមន្ត្រីជាប្រភពចំណូលតែមួយគត់របស់លោក ដែលផ្ដល់ចំណូល១.១៥០ដុល្លារក្នុងមួយខែ ឬ ១៣.៨០០ដុល្លារក្នុងមួយឆ្នាំ។
របាយការណ៍នោះបន្តថា ចម្ងល់បានកើតឡើងដោយសារតែត្រកូលហ៊ុនត្រូវបានគេដឹងយ៉ាងទូលំទូលាយថា ជាគ្រួសារមានបំផុតមួយ។ បើមិនមានបំផុតក៏ជាគ្រួសារមានអំណាចបំផុត នៅក្នុងប្រទេសដែរ ដោយមានទ្រព្យសម្បត្តិបូកបញ្ចូលគ្នាទៅមានក្នុងចន្លោះពីប្រាំរយលាន ទៅមួយពាន់លានដុល្លារអាមេរិក។ នេះបើយោងទៅតាមការប៉ាន់ស្មានដោយអ្នកជំនាញការ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា របាយការណ៍របស់អង្គការ Global Witness មានចរិតមួលបង្កាច់ការណ៍ពិត និងមិនអាចទទួលយកបាន។
«រឿងរបាយការណ៍ហ្នឹង ខ្ញុំយល់ថា វាមាននិន្នាការលំអៀង អត់មានមូលដ្ឋានច្បាស់លាស់ មានតែនិយាយតាមវប្បធម៌លាបពណ៌ តាមវប្បធម៌ច្រណែនឈ្នានីស ចង្អៀតចង្អល់ ហើយនិងចង់មួលបង្កាច់។ អាហ្នឹងរឿងតែប៉ុណ្ណឹងទេបាទ»។
លោកបន្ថែមថា នេះមិនមែនជាលើកទីមួយនោះទេ ដែលអង្គការនេះបានធ្វើការវាយប្រហារមកលើក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកថា របាយការណ៍នេះក៏នឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ដោយហេតុថា ប្រជារាស្ត្រខ្មែរបានទទួលស្គាល់ពីស្នាដៃដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រី។
របាយការណ៍ដដែលរបស់អង្គការ Global Witness ដែលមានឈ្មោះថា «ការក្ដោបក្ដាប់តាមបែបប្រទូសរ៉ាយ»នេះ ក៏បានរៀបរាប់ពីរយៈពេលនៃការដឹកនាំប្រទេសរបស់លោកហ៊ុន សែន យ៉ាងដូច្នេះថា លោកហ៊ុន សែនគឺជានាយករដ្ឋមន្ត្រីគ្រប់គ្រងតំណែងយូរជាងគេលំដាប់ទីប្រាំមួយនៅក្នុងពិភពលោក ពោលគឺកា្តប់អំណាចរយៈពេលជាង៣០ឆ្នាំ ដែលជាឆ្នាំមានការបន្លំសន្លឹកឆ្នោត និងការដាក់គំនាបយ៉ាងខ្លាំងក្លាលើគណបក្សនយោបាយប្រឆាំង ដូចជា តាមរយៈការធ្វើឃាត ធ្វើទុក្ខបុកម្នេញ និងការចាប់ដាក់ពន្ធនាគារតាមអំពើចិត្ត។
របាយការណ៍នេះឲ្យដឹងបន្ថែមថា ខ្លួនមានមូលដ្ឋានភស្តុតាងដើម្បីបញ្ជាក់ពីអ្វីដែលប្រជាជនកម្ពុជាសង្ស័យថា លោកហ៊ុន សែនបានបំពានលើតួនាទីរបស់ខ្លួនជានាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យសាច់ញាតិរបស់លោកកាន់កាប់ទាំងស្រុង ឬក៏កាន់កាប់ចំណែកភាគច្រើននៅក្នុងឧស្សាហកម្មសំខាន់ៗភាគច្រើននៅកម្ពុជា។
របាយការណ៍ដដែលនេះបានចែកផ្សាយដល់ប្រព័ន្ធព័ត៌មានតាំងពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែត្រូវគេហាមប្រាមមិនឲ្យផ្សព្វផ្សាយជាសាធារណៈ រហូតដល់ថ្ងៃព្រហស្បតិ៍ទី៧ ខែកក្កដាឆ្នាំ២០១៦នេះ៕