ក្រុមអង្គការសង្គមស៊ីវិលចំនួន៧០ក្នុងប្រទេសកម្ពុជានៅថ្ងៃច័ន្ទទី១១ ខែកក្កដានេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះឃាតកម្មដ៏យង់ឃ្នងទៅលើលោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យដ៏លេចធ្លោមួយរូប ដែលបាននិយាយរិះគន់ខ្លាំងៗទៅលើចំណុចខ្សោយនានារបស់រាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ននេះ។
សេចក្តីថ្លែងការណ៍របស់ពួកគេបានកើតឡើងមួយថ្ងៃ បន្ទាប់ពីខ្មាន់កាំភ្លើងដែលមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណច្បាស់ដោយអាជ្ញាធរមានសមត្ថកិច្ចនៅឡើយនោះបានបាញ់លោក កែម ឡី ចំនួនពីរគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងហាងលក់ទំនិញមួយរបស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច (Caltex) ដែលស្ថិតនៅក្បែរភ្លើងស្តុបបូកគោ ក្នុងខណ្ឌចំការមន។
ក្រុមអង្គការសង្គមស៊ីវិលបានស្នើឲ្យមានការស៊ើបអង្កេតជាបន្ទាន់មួយប្រកបដោយភាពហ្មត់ចត់ និងឯករាជ្យអំពីការបាញ់សម្លាប់លោក កែម ឡី នៅម៉ោងជិត៩ព្រឹក នាថ្ងៃអាទិត្យកន្លងទៅនេះ។
លោកស្រី ទេព វន្នី ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices របស់ស.រ.អា. និងជាអ្នកតំណាងនៃសហគមន៍តំបន់បឹងកក់ ត្រូវបានដកស្រង់សម្តីដើមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការតក់ស្លុត និងសោកសង្រេងទៅនឹងឃាតកម្មចំពោះលោក កែម ឡី»។
លោកស្រីបន្តថា៖ «គាត់បានក្រោកឈរដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៌ និងប្រទេសកម្ពុជាមួយដែលមានលក្ខណៈកាន់តែប្រសើរឡើង ហើយឥឡូវយើងដល់ពេលត្រូវទាមទារយុត្តិធម៌ចំពោះគាត់ គ្រួសារគាត់ និងប្រជាជនខ្មែរទាំងមូល»។
លោក កែម ឡី ត្រូវគេស្គាល់ថា ជាអ្នកវិភាគឯករាជ្យអំពីកិច្ចការសង្គម និងនយោបាយ ដែលរិះគន់ធ្ងន់ៗទៅលើរដ្ឋាភិបាល និងគណបក្សប្រឆាំង ជាពិសេសនៅពេលដែលមានភាពតានតឹងនយោបាយក្រោយការបោះឆ្នោត។
របាយការណ៍របស់អង្គការ Global Witness ដែលមានចំណងជើងថា «ការគ្រប់គ្រងដែលមានប្រទូសសារ៉ាយ» ត្រូវគេរាយការណ៍ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកពាក់ព័ន្ធនឹងការកាន់កាប់ក្រុមហ៊ុននិងសេដ្ឋកិច្ចប្រទេសដែលមានទឹកប្រាក់ជាង២០០លានដុល្លារ។
របាយការណ៍នោះមិនបានរួមបញ្ចូលអចលនទ្រព្យរបស់ក្រុមគ្រួសារនេះ ដែលមានច្រើនសន្ធឹកសន្ធាប់នោះទេ ប៉ុន្តែរបាយការណ៍នោះបានដកស្រង់សម្តីរបស់អ្នកជំនាញការនានាដែលថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារនេះអាចមានតម្លៃពី៥០០លានដុល្លារទៅ១ពាន់លានដុល្លារ។
នេះគឺជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ បើក្រឡេកមើលទៅលើការអះអាងរបស់លោក ហ៊ុន សែន ដែលថា លោកមានចំណូលត្រឹមតែប្រមាណ១៣៨០០ដុល្លារតែប៉ុណ្ណោះក្នុងមួយឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះ។ ប្រជាជនកម្ពុជាប្រហែល៤០ភាគរយរស់នៅក្បែរ ឬស្ថិតក្នុងស្ថានភាពក្រីក្រ។ កុមារ៤០ភាគរយ ខ្វះអាហារូបត្ថម្ភ ហើយការបែងចែករវាងអ្នកមាន និងអ្នកក្រកំពុងតែលេចឡើងជាបញ្ហាសង្គមដ៏ធំមួយ។
លោកស្រី Naly Pilorge នាយិកានៃអង្គការសិទ្ធិមនុស្សលីកាដូ ត្រូវបានសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលដងស្រង់សម្តីផងដែរថា ប្រជាជនកម្ពុជាត្រូវតែមានសេរីភាពអំពីការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ ដោយគ្មានការភ័យខ្លាច។ លោកស្រីបន្ថែមថា ឃាតកម្មទៅលើលោក កែម ឡី គឺជាការបាត់បង់ដ៏ធំសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ក្រោយការបាញ់ស្លាប់នេះ អាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងជាបឋមថា ជនសង្ស័យ ដែលជាឃាតករបានសារភាពថា ខ្លួនមានឈ្មោះ ជួប សម្លាប់ ហើយថា ខ្លួនបាញ់លោក កែម ឡី គឺដោយសារលោក កែម ឡី បានជំពាក់លុយខ្លួនចំនួន៣០០០ដុល្លារ។
យ៉ាងណាក៏ដោយ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា សមត្ថកិច្ចមិនអាចជឿបានទេថា ជនសង្ស័យដែលជាឃាតករនេះពិតជាមានឈ្មោះ ដូចដែលបានសារភាពនោះទេ។
លោកក៏មិនទាន់អាចបញ្ជាក់ឲ្យដឹងពីអត្តសញ្ញាណពិតប្រាកដនៃជនសង្ស័យនេះទាក់ទងនឹងទីកន្លែងស្នាក់នៅនិងមុខរបរទេ។ លោកថា អាជ្ញាធរមានសមត្ថកិច្ចបានចាត់ទុកថា ជនសង្ស័យនេះគឺជាឃាតករពិតប្រាកដ និងបន្តធើ្វការស៊ើបអង្កេត រកអ្នកនៅពីក្រោយខ្នង ឬជនសមគំនិតប្រព្រឹត្តអំពើឃាតកម្មដែលបានកើតឡើងកណ្តាលរាជធានីភ្នំពេញនេះ។
សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលនេះបានឲ្យដឹងថា អង្គការអន្តរជាតិជាច្រើន រួមទាំងស្ថានទូតនៅរាជធានីភ្នំពេញជាច្រើនផង បានធើ្វការថ្កោលទោសឃាតកម្មនេះ។ ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ ព្រមានមិនឲ្យសហគមន៍ជាតិ និងអន្តរជាតិផ្តល់ព័ត៌មាន ដែលមិនមានការបញ្ជាក់ច្បាស់លាស់ ដើម្បីចៀសវាងកុំឲ្យសាធារណជន មានការយល់ខុស។ រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះដែរ បានទទូចឲ្យសាធារណជន កុំចាត់ទុកករណីឃាតកម្មនេះថាជារឿងនយោបាយនោះ៕