លោក កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យនេះ។ តាមការឲ្យដឹងពីសមត្ថកិច្ច លោក កែម ឡី ត្រូវបានជនសង្ស័យបាញ់ជាច្រើនគ្រាប់ និងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងក្នុងស្ថានីយប្រេងឥន្ធនៈមួយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលចេញក្រោយពេលការបាញ់សម្លាប់ ឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ជួប សម្លាប់ អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយធ្លាប់ទៅធ្វើការជាកម្មករចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ក្រោយពេលបាញ់សម្លាប់លោក កែម ឡី ជនល្មើសរូបនេះ បានរត់គេចខ្លួនរហូតដល់វត្តស្វាយពពែផ្លូវសុធារសដែល«មានជាប់ខ្លួននូវអាវុធខ្លីមួយដើមម៉ាក Glock» មុនត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ច។
ស្របគ្នានោះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចុះផ្សាយអត្ថបទមួយផ្សាយតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ចូលរួមសោកស្ដាយនិងសម្ដែងមរណៈទុក្ខចំពោះការស្លាប់របស់លោក កែម ឡី ហើយហៅករណីបាញ់ប្រហារនាព្រឹកថ្ងៃអាទិត្យនេះថាជា «ការបាញ់ប្រហារយ៉ាងឃោរឃៅ»។
គួរបញ្ជាក់ផងដែរថា លោកបណ្ឌិត កែម ឡី ទើបតែផ្ដល់បទសម្ភាសន៍ផ្ដាច់មុខមួយជាមួយនឹង VOA អំពីការវិភាគរបស់លោកទៅលើរបាយការណ៍ចេញផ្សាយដោយអង្គការ Global Witness អំពី «ការក្ដោបក្ដាប់ដ៏ប្រទូសរ៉ាយ» របស់ក្រុមគ្រួសារត្រកូល ហ៊ុន។
ក្រោយពីការពិនិត្យ និងធ្វើកោសល្យវិច័យ ដោយមន្ត្រីមានសមត្ថកិច្ចរួចមក នាល្ងាចថ្ងៃអាទិត្យដដែលនេះ មានមនុស្សរាប់ពាន់នាក់ បានចូលរួមដង្ហែសពរបស់លោក កែម ឡី ទៅតម្កល់នៅវត្តក្ដីចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕