កម្មកររោងចក្រលេងល្បែងកម្សាន្តទាំងនេះ ដើម្បីជាផ្នែកមួយនៃសិក្ខាសាលាបណ្តុះបណ្តាលក្នុងការលើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្ស ដែលរៀបចំឡើងដោយអង្គការមិនស្វែងរកប្រាក់កម្រៃមួយ ឈ្មោះថា មូលនិធិ Pacific Links។ អង្គការនេះបានសហការជាមួយក្រុមហ៊ុនបរទេសជាច្រើនដែលទិញទំនិញពីសហគ្រាសនៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនបរទេសទាំងនោះមានដូចជា ក្រុមហ៊ុន Walmart ក្រុមហ៊ុនAbercrombie & Fitch ក្រុមហ៊ុនExpress និងក្រុមហ៊ុន Victoria's Secret ជាដើម។
នៅក្នុងសិក្ខាសាលាទាំងនោះ ពលរដ្ឋវៀតណាមអាចរៀនសូត្រអំពីល្បិចកលដែលឈ្មួញជួញដូរមនុស្សប្រើ ដើម្បីចាប់ពួកគេនៅតាមតំបន់ឧស្សាហកម្មនានា។ នេះជាប្រធានបទដ៏សំខាន់មួយ បើទោះជាអ្នកណែនាំអំពីប្រធានបទនេះបានបន្ថែមល្បែងកម្សាន្តសប្បាយខ្លះ ដែលមានដូចជាការផ្តល់រង្វាន់សម្រាប់អ្នកចូលរួមឆ្លើយសំណួរក៏ដោយ។
អ្នកស្រី Diep Vuong ដែលជាសហស្ថាបនិកនៃមូលនិធិ Pacific Links បានពន្យល់ពីចំណុចសំខាន់ដែលមូលនិធិនេះផ្តោតទៅលើក្មេងៗនិងកម្មកររោងចក្រ ដែលងាយនឹងចាញ់ល្បិចពួកឈ្មួញ ដែលសន្យាផ្តល់ការងារមិនច្បាស់លាស់នៅប្រទេសក្រៅ។ អ្នកស្រីបានថ្លែងថា «តាមរយៈការងាររបស់យើងជាមួយនឹងអ្នកដែលនៅរស់រានមានជីវិត យើងបានឃើញពីនិន្នាការមួយកំពុងកើនឡើង ដែលជនរងគ្រោះត្រូវបានគេយកពីតំបន់ឧស្សាហកម្ម»។
អ្នកស្រីបានបន្តថា ការជួញដូរមនុស្សគឺកំពុង «ឆក់យកអនាគតរបស់យុវជននិងកម្មកររបស់យើង»។
ជនរងគ្រោះអាចត្រូវបានគេបញ្ឆោតដោយសារការសន្យាទទួលបានការងារល្អនៅប្រទេសក្រៅ ប៉ុន្តែនៅពេលពួកគេបានទៅដល់ទើបដឹងថា ប្រាក់កម្រៃដែលទទួលបានគឺតិចជាងអ្វីដែលបានផ្សព្វផ្សាយ ហើយលិខិតឆ្លងដែនរបស់ពួកគេក៏ត្រូវបានរឹបអូសទុក ឬពួកគេត្រូវធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែថ្លៃឈ្នួលធ្វើដំណើរនិងថ្លៃឈ្នួលរបស់ភ្នាក់ងាររកការងារឲ្យធ្វើ។ នេះបើយោងតាមការបញ្ជាក់របស់សកម្មជនប្រឆាំងនឹងការជួញដូរមនុស្ស។
សម្រាប់បណ្តាក្រុមហ៊ុនវិញ ការចូលរួមក្នុងយុទ្ធនាការបែបនេះបានក្លាយទៅជាវិធីមួយដើម្បីសម្រេចគោលបំណងទទួលខុសត្រូវសាជីវកម្មសង្គមរបស់ពួកគេ។
លោក Scott Price អនុប្រធានប្រតិបត្តិខាងឥទ្ធិពលសកលលោករបស់ក្រុមហ៊ុន Walmart បានថ្លែងនៅក្នុងសន្និសីទកាសែតមួយជាមួយនឹងមូលនិធិ Pacific Links កាលពីដើមខែវិច្ឆិកានេះថា «ប្រទេសវៀតណាមគឺជាប្រភពទីផ្សារដ៏សំខាន់មួយ។ គោលដៅយូរអង្វែងរបស់យើង គឺយើងចង់ធ្វើការនៅកន្លែងណា ដែលយើងអាចទប់ស្កាត់ការបង្ខំកម្លាំងពលកម្មចាប់តាំងពីដំបូងឡើយ»។
ក្រុមហ៊ុន Walmart គាំទ្រសិក្ខាសាលានានារបស់មូលនិធិ Pacific Links ដែលត្រូវគេស្គាល់ជារួមថា កម្មវិធី "FACT" ដែលបានចាប់ផ្តើមកាលពីខែមីនាមក។ ក្រៅពីបានជួយឧបត្ថម្ភជាថវិកានិងរកអ្នកស្ម័គ្រចិត្ត ក្រុមហ៊ុននេះក៏បានជួយឧបត្ថម្ភដល់គម្រោងដែលពាក់ព័ន្ធនានា ដូចជាបង់ថ្លៃសាលានិងផ្តល់កង់ដល់ក្មេងស្រីវៀតណាម ក្នុងគោលបំណងជួយឲ្យពួកគេបានបន្តការសិក្សា ជាពិសេសជួយដល់គ្រួសារនៅតាមទីជនបទ ដែលពេលខ្លះពួកគេផ្តល់អាទិភាពលើក្មេងប្រុសជាង នៅពេលដែលពួកគេមិនមានលទ្ធភាពសម្រាប់ផ្គត់ផ្គង់កូនៗទាំងអស់ឲ្យទៅសាលារៀនបាន។
នាង Nguyen Le Anh Thu គឺជាអ្នកទទួលបានអាហារូបករណ៍ម្នាក់ពីកម្មវិធីនេះ។ នាងបានរៀបរាប់ពីភាពលំបាកលំបិនរបស់នាងកាលពីមុនថា ការព្រួយបារម្ភធំជាងគេនៅក្នុងគ្រួសាររបស់នាងគឺការហូបចុកគ្រប់គ្រាន់ មិនមែនការដែលបានទៅរៀនសូត្រនោះទេ។ ដើម្បីបានប្រាក់មួយឬពីរដុល្លារក្នុងមួយថ្ងៃ នាងត្រូវជួយម្តាយរបស់នាងបកសំបកផ្លែឈើដើម្បីលក់ និងត្រូវសន្សំលុយទាំងនោះដើម្បីទិញថ្នាំឲ្យជីដូនរបស់នាងទៀតផង។
នាង Anh Thu ធ្វើឲ្យអ្នកមិនស្គាល់នាងចូលចិត្ត តាមរយៈការនិយាយបែបអៀនៗជាមួយនិងស្នាមញញឹមជាញឹកញាប់របស់នាង ដោយសារតែនាងកំពុងហ្វឹកហាត់និយាយភាសាអង់គ្លេស ដែលនាងទើបតែបានរៀន។ នាងបាននិយាយថា «ខ្ញុំគិតថា មានតែការអប់រំទេ ដែលជាមធ្យោបាយតែមួយគត់ដែលអាចធ្វើឲ្យខ្ញុំចេញផុតពីភាពក្រីក្របាន»។
គោលគំនិតនៃកម្មវិធីនេះគឺដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ មុនពេលដែលឈ្មួញជួញដូរមនុស្សធ្វើបាបពួកគេ ហើយនិងសហការជាមួយនឹងពួកគេដើម្បីសម្រេចនូវស្ថិរភាពសេដ្ឋកិច្ចឲ្យបានកាន់តែច្រើន ដូច្នេះពួកគេមានការលើកទឹកចិត្តរឹតតែតិចចំពោះការទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស។
អ្នកស្រី Mary Tarnowka អគ្គកុងស៊ុលអាមេរិក ដែលមានការិយាល័យនៅទីក្រុងហូជីមិញ បានរៀបចំសន្និសីទនេះ។ អ្នកស្រី Tarnowka បានមានប្រសាសន៍ថា «វិធានការបង្ការទុកជាមុន ដូចជាការតាមដានកម្មវិធីជ្រើសរើសពលករ ការតស៊ូរបស់សហគមន៍និងការជំរុញសេដ្ឋកិច្ច ហើយនិងយុទ្ធនាការលើកកម្ពស់ការយល់ដឹង សុទ្ធតែជាវិធានការសំខាន់ៗក្នុងការជួយអប់រំសហគមន៍ដែលប្រឈមនឹងគ្រោះថ្នាក់ និងជួយពង្រឹងដល់ការការពារពួកគេ កុំឲ្យមានករណីជួញដូរកើតឡើងទៀតនាពេលអនាគត»។
មូលនិធិ Pacific Links បានឲ្យដឹងថា ពួកគេធ្វើការលើវិធានការបង្ការដូចជា ការបង្កើនចំណេះដឹងខាងហិរញ្ញវត្ថុ ដើម្បីឲ្យក្រុមគ្រួសារនីមួយៗចេះគ្រប់គ្រងថវិការបស់ខ្លួន ហើយមូលនិធិនេះក៏ធ្វើការទៅលើវិធានការប្រតិកម្មផងដែរ ដូចជាការផ្តល់ជម្រកនិងបញ្ចូលជនរងគ្រោះដែលបានត្រឡប់មកប្រទេសវៀតណាមវិញទៅក្នុងសហគមន៍របស់ពួកគេជាថ្មីផងដែរ។ យោងតាមមូលនិធិនេះ បញ្ហាដែលគួរឲ្យព្រួយបារម្ភនោះគឺ ថា ឈ្មួញជួញដូរមនុស្សជាច្រើននាក់ក៏ធ្លាប់ជាជនរងគ្រោះដែរ។ នេះមានន័យថាពួកគេបន្តនាំឲ្យមនុស្សកាន់តែច្រើនធ្លាក់ចូលទៅក្នុងអន្ទាក់ការងារដែលពួកគេធ្លាប់ជួបប្រទះ៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង