អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាលើកទីបួនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ ដើម្បីពិនិត្យមើលសិទ្ធិកុមារ និងស្ថានភាពសិទ្ធិមនុស្សទូទៅ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលVOA ទទួលបាននារសៀល ថ្ងៃពុធនេះ។
សេចក្ដីប្រកាសព័ត៌មាននេះ បានដកស្រង់សម្ដីអ្នកស្រី ស្មីត ក្នុងន័យដើមថា៖ «នៅក្នុងដំណើរបេសកកម្មរបស់ខ្ញុំលើកនេះ ខ្ញុំនឹងផ្ដោតលើសិទ្ធិកុមារ ដែលជាផ្នែកមួយនៃការងារដែលខ្ញុំកំពុងធ្វើលើវិស័យនៃការរើសអើង និងក្រុមដែលងាយរងគ្រោះ»។
អ្នកស្រីបាននិយាយបន្តថា៖ «ខ្ញុំមានបំណងស្វែងយល់ជាពិសេសអំពីការជួញដូរ និងកេងប្រវ័ញ្ចលើកុមារ រួមទាំងគោលជំហរក្នុងការមើលថែកុមារ»។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់អ្នកស្រី ស្មីត មកកាន់កម្ពុជា អ្នករាយការណ៍ពិសេសរូបនេះ នឹងជួបប្រជុំជាមួយក្រុម និងមន្ត្រីជាច្រើន រួមមាន សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកនៃសហគមន៍ការទូត។
ដំណើរទស្សនកិច្ចមកកម្ពុជារបស់អ្នកស្រី រ៉ូណា ស្មីត កើតមានឡើង ក្រោយការដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់មួយរូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ក្នុងដំណើរទស្សនកិច្ចលើកទី៣រយៈពេល១០ថ្ងៃនៅកម្ពុជាកាលពីខែតុលាឆ្នាំ២០១៦ អ្នកស្រី រ៉ូណា ស្មីត លើកឡើងថា ការមិនចុះសម្រុងនៅក្នុងចំណោមគណបក្សនយោបាយធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ និងភាពមិនឯករាជ្យនៃប្រព័ន្ធតុលាការនៅកម្ពុជា គឺជាឧបសគ្គចម្បងក្នុងការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រី ស្មីត ក៏បង្ហាញការមិនសប្បាយចិត្តចំពោះការណ៍ដែលរដ្ឋាភិបាលកម្ពុជាមិនបានរាយការណ៍អំពីការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាឲ្យបានត្រឹមត្រូវ ដែលជាកាតព្វកិច្ចមួយនៃប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស៕