បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីរដ្ឋាភិបាលមួយចំនួន បានប្រតិកម្មលើរបាយការណ៍មួយរបស់ទូរទស្សន៍ CNN ពីការជួញដូរក្មេងស្រីក្នុងប្រទេសកម្ពុជា នឹងគំរាមបិទអង្គការមេត្រីអន្តរជាតិ (ហៅកាត់ថា AIM) ធ្វើការពាក់ព័ន្ធនឹងការជួញដូរកុមារនៅតំបន់ស្វាយប៉ាក នារសៀលថ្ងៃចន្ទនេះ លោក ដុន ប្រ៊ូស្ទើ (Don Brewster) នាយកប្រតិបត្តិអង្គការបានធ្វើសន្និសីទកាសែតមួយបញ្ជាក់ថា អង្គការរបស់លោកមិនមានជាប់ពាក់ព័ន្ធណាមួយជាមួយសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN ដូចការចោទរបស់រដ្ឋាភិបាលនោះទេ។
អង្គការមេត្រីអន្តរជាតិដែលរងការគំរាមបណ្តេញចេញពីលោក ហ៊ុន សែន ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍វីដេអូរបស់ទូរទស្សន៍ CNN ពីការជួញដូរផ្លូវភេទលើកុមារនៅកម្ពុជា នៅថ្ងៃចន្ទនេះ បានព្យាយាមពន្យល់ពីភាពត្រឹមត្រូវរបស់ខ្លួន និងអះអាងថា អង្គការក្រៅរដ្ឋាភិបាលមួយនេះមិនមានជាប់ពាក់ព័ន្ធណាមួយជាមួយសេចក្តីរាយការណ៍ ដែលរដ្ឋាភិបាលចោទថាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ត្រីខ្មែរនោះទេ។
លោក ដន ប្រ៊ូស្ទើ នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ (Agape International Mission) នារសៀលថ្ងៃចន្ទនេះ បានធ្វើសន្និសីទសារព័ត៌មានឆ្លើយតបទៅនឹងការចោទប្រកាន់របស់រដ្ឋាភិបាលថា អង្គការរបស់លោកមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយទូរទស្សន៍ CNN ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិកក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទនៅកម្ពុជា។
ការផ្សាយទូរទស្សន៍ CNN បានធ្វើឲ្យមានប្រតិកម្មរបស់រដ្ឋាភិបាលថា សេចក្តីរាយការណ៍នោះបានធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសប្រទេសកម្ពុជា។ សន្និសីទសារព័ត៌មានដែលមានរយៈពេលមួយម៉ោងនេះ ធ្វើឡើងស្របពេលដែលមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចង់ឲ្យនាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិរូបនេះបង្ហាញពីជំហរទន់ភ្លន់ក្នុងការទទួលយកកំហុសរបស់ខ្លួនជាថ្នូរ កុំឱ្យមានការបិទការិយាល័យអង្គការនេះ ក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការមេត្រីអន្តរជាតិ ក្នុងសង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ លោក ដន ប្រ៊ូស្ទើ លើកឡើងថា លោកបានផ្តល់សម្ភាសន៍ទៅទូរទស្សន៍ CNN ជាលើកទី២ ដោយបាននិយាយពីការប្រឆាំងនឹងការជួញដូរផ្លូវភេទនៅកម្ពុជា មានភាពប្រសើរឡើង ហើយស្រ្តីនិងក្មេងស្រីដែលរងការជួញដូរផ្លូវភេទនៅកម្ពុជា ក៏ត្រូវបានយកចិត្តទុកដាក់ពីអង្គការរបស់លោកផងដែរ។
លោក ដន ប្រ៊ូស្ទើ បញ្ជាក់ថា លោកមិនមានជាប់ពាក់ព័ន្ធណាមួយនឹងសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN ហើយលោកក៏បានបង្ហាញនូវការសោកស្តាយដែលសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN នោះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា។ លោកក៏បានសម្តែងនូវការសុំទោសដល់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយមានអ្នកបកប្រែជាអ្នកប្រែសម្រួលជាភាសាខ្មែរផងនោះ លោក ដន ប្រ៊ូស្ទើ មានប្រសាសន៍ក្នុងន័យដើមថា៖
«គាត់សូមសម្តែងនូវការសោកស្តាយ វិប្បដិសារីមួយ ដោយសារតែហេតុការណ៍ដែលបានកើតឡើងខុសពីការរំពឹងគិតទុករបស់គាត់ ដែលកើតឡើងដោយសារការផ្សព្វផ្សាយព័ត៌មានពីទូរទស្សន៍ CNN ដែលធ្វើឲ្យមាននូវប្រតិកម្មកើតមានឡើង។ហើយគាត់បានសម្តែងការសុំទោសដោយស្មោះអស់ពីចិត្តនូវអ្វី ដែលបានកើតឡើងខុសពីអ្វីដែលបានគិតទុក ហើយគាត់ក៏បានសរសេរលិខិតសម្តែងនូវការសុំទោសដោយផ្ទាល់ ទៅកាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាផងដែរ»។
នាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាល បន្ថែមថា ក្នុងសេចក្តីរាយការណ៍នោះទូរទស្សន៍ CNN បានសម្ភាសន៍ក្មេងស្រីចំនួន៣នាក់ដែលជាជនជាតិវៀតណាម មានសញ្ជាតិខ្មែរ។ លោកទទួលបានការអនុញ្ញាតពីក្មេងស្រីជនជាតិវៀតណាមសញ្ជាតិខ្មែរទាំងបីនាក់នោះ មុននឹងផ្តល់សម្ភាសន៍ដល់ទូរទស្សន៍ CNN ប៉ុន្តែលោកថា លោកមិនបាននិយាយថា ក្មេងស្រីទាំងបីនាក់ គឺជាជនជាតិខ្មែរដូចការផ្សព្វផ្សាយក្នុងសេចក្តីរាយកាណ៍នោះទេ។ ក្រោយការចេញផ្សាយវីដេអូដែលនិយាយថា ក្មេងស្រីទាំងបីនាក់នោះជាជនជាតិខ្មែរ លោកក៏បានសរសេរលិខិតស្នើឲ្យ CNN កែតម្រូវលើចំណុចនេះ។
កាលពីចុងខែកក្កដាកន្លងទៅ បណ្ដាញព័ត៌មាន CNN បានចេញផ្សាយបទយកការណ៍ជាវីដេអូ និយាយពីការជួញដូរផ្លូវភេទនៅកម្ពុជា ជាមួយចំណងជើងអត្ថបទក្នុងការចេញផ្សាយជាលើកដំបូងថា ក្មេងស្រីកម្ពុជាត្រូវបានម្ដាយពួកគេលក់ដើម្បីបម្រើផ្លូវភេទ» ក្រោយមកបណ្ដាញព័ត៌មាននេះបានលុបពាក្យកម្ពុជាចេញពីចំណងជើងព័ត៌មានរបស់ខ្លួនដោយបានសរសេរថា៖ ជីវិតក្រោយការជួញដូរ៖ ក្មេងស្រីជាច្រើនត្រូវបានម្ដាយរបស់ពួកគេលក់ដើម្បីបម្រើផ្លូវភេទ»។
ក្នុងពេលធ្វើសេចក្ដីរាយការណ៍អំពីការជួញដូរផ្លូវភេទនៅតំបន់ស្វាយប៉ាក អ្នកយកព័ត៌មានរបស់បណ្ដាញព័ត៌មាន CNN ដែលមានទីតាំងនៅសហរដ្ឋអាមេរិកមួយរូប បានចុះមកយកព័ត៌មានដោយផ្ទាល់ នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានសម្ភាសន៍ជាមួយលោក ដន ប្រ៊ូស្ទើ ស្ថាបនិកអង្គការមេត្រីអន្តរជាតិ ដែលមានការិយាល័យមួយនៅរាជធានីភ្នំពេញ និងមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វញ៉ា (California) នៃសហរដ្ឋអាមេរិក។
ក្រោយពេលសេចក្តីរាយការណ៍នោះចេញបានប៉ុន្មានថ្ងៃនាដើមខែសីហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗប្រឆាំងនឹងសេចក្ដីរាយការណ៍របស់ CNN និងបានប្រកាសបិទ និងបណ្ដេញអង្គការមេត្រីអន្តរជាតិរបស់លោក ដន ប្រ៊ូស្ទើ ចេញពីប្រទេសកម្ពុជា ដោយលើកឡើងថា សេចក្តីរាយការណ៍នោះជាការប្រមាថមើលងាយដល់ស្រ្តីខ្មែរ និងក្មេងស្រីខ្មែរ។ ក្រោយមានការបញ្ជាឲ្យបិទអង្គការរបស់លោក ដន ប្រ៊ូស្ទើ មន្រ្តីរដ្ឋាភិបាលបានប្រកាសបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីនេះ។
ខណៈពេលដែលលោក ដន ប្រ៊ូស្ទើ កំពុងធ្វើសន្និសីទសារព័ត៌មាន នារសៀលថ្ងៃចន្ទនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មាននៅឯក្រសួងមហាផ្ទៃថា ករណីអង្គការមេត្រីអន្តរជាតិរបស់លោក ដន ប្រ៊ូស្ទើ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឲ្យបន្តដំណើរការ ប៉ុន្តែលោកថា នាយកអង្គការនោះត្រូវធ្វើសន្និសីទសារព័ត៌មានបំភ្លឺជុំវិញករណីនេះ។
លោក ស ខេង បានថ្លែងយ៉ាងដូច្នេះ៖
«សម្តេចនាយករដ្ឋមន្រ្តីលោកសម្រេចថា ឲ្យបន្តទៀតហើយ។ តែត្រូវធ្វើសន្និសីទកាសែតដើម្បីបកស្រាយបំភ្លឺបញ្ហានានាដែលមានកន្លងទៅដោយខ្លួនឯង។ ហើយខ្ញុំបានប្រគល់ការងារហ្នឹងឲ្យទៅខាងអគ្គស្នងការនគរបាលដើម្បីទាក់ទង ព្រោះអគ្គស្នងការនគរបាលហ្នឹងមាន MOU ជាមួយអង្គការហ្នឹង»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នាល្ងាចថ្ងៃចន្ទនេះថា ការបិទអង្គការរបស់លោក ដន ប្រ៊ូស្ទើ ឬអត់នោះ គឺត្រូវសម្រេចលើការអនុវត្តន៍របស់នាយកប្រតិបត្តិអង្គការនោះដោយខ្លួនឯង។ ទោះជាយ៉ាងណាលោកថា រដ្ឋាភិបាលទាមទារឲ្យទូរទស្សន៍ CNN និងលោក ដន ប្រ៊ូស្ទើ សុំទោសដល់ប្រជាពលរដ្ឋ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាសាធារណៈ។
លោក ខៀវ សុភ័គ បញ្ជាក់ថា៖
«សំខាន់គឺពាក្យសុំទោស។ ធ្វើអីមក លិខិតសុំផ្លូវការមក ជាមួយសម្តេចនាយក ជាមួយនឹងប្រជាជាតិទាំងមូល។ ធ្វើពាក្យកែតម្រូវពី CNN ធ្វើពាក្យកែតម្រូវទៅ CNN ទទួលបាត់។ ព្រោះអីគាត់អត់ខុសទេ ព្រោះ CNN អ្នកផ្សាយ អាហ្នឹងមិនដឹងធ្វើម៉េច។ និយាយរួមគាត់ជាអ្នកកំណត់ជោគវាសនារបស់គាត់ថាបាននៅកម្ពុជា ឬមិនបាន? តែប៉ុណ្ណឹង ខ្លីបំផុត»។
ដោយឡែក លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) មានប្រសាសន៍ថា ករណីនេះ រដ្ឋាភិបាលមិនគួរឈានទៅដល់ការបិទអង្គការដែលធ្វើការពាក់ព័ន្ធនឹងការសង្គ្រោះជនរងគ្រោះនោះទេ ដោយលោកស្រីលើកឡើងថា អង្គការរបស់លោក ដន ប្រ៊ូស្ទើ បានជួយកម្ពុជាច្រើន។
លោកស្រី រស់ សុភាព បញ្ជាក់ថា៖
«មិនគួរទៅឈានទៅដល់បិទ។ អញ្ចឹងខ្ញុំគិតថា មិនទាន់មានសក្តានុពល ក្នុងការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ឲ្យអស់ចិត្ត ឲ្យមានយុត្តិធម៌សម្រាប់អង្គការហ្នឹង ក៏ដូចជាជនដែលទទួលផលពីគម្រោងហ្នឹងដែរ»។
ក្នុងសន្និសីទនាថ្ងៃចន្ទនេះ លោក ដន ប្រ៊ូស្ទើ បានប្រាប់អ្នកសារព័ត៌មានថា អង្គការលោកមានគម្រោងចំនួន១៤ ក្នុងការរួមចំណែកទប់ស្កាត់ការជួញដូរមនុស្ស និងជួយជនដែលរងគ្រោះពីអំពើជួញដូរទាំងនោះ ដែលលោកអះអាងថា រហូតមកដល់ពេលនេះគម្រោងទាំងនោះបានជួយដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាជិត៥,០០០នាក់។ ក្នុងនោះអង្គការរបស់លោក សង្គ្រោះមនុស្សបានជាង៧០០នាក់ ចេញការជួញដូរផ្លូវភេទ ចាប់តាំងពីអង្គការលោកបានផ្ដើមបេសកកម្មប្រឆាំងការជួញដូរផ្លូវភេទ នៅកម្ពុជាកាលពីឆ្នាំ២០០៥៕