បណ្ដាញព័ត៌មានអាមេរិកាំងCNN នៅព្រឹកថ្ងៃពុធនេះ បន្តរក្សាជំហរ និងការពារភាពត្រឹមត្រូវនៃសេចក្ដីរាយការណ៍របស់ខ្លួនស្ដីពីការជួញដូរផ្លូវភេទ ក្រោយពីមានការខឹងសម្បារពីនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ដែលចោទសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាននេះថា បានប្រមាថដល់កិត្តិយសពលរដ្ឋកម្ពុជា និងមិនអាចអត់ឱនឲ្យបានទេ។
លោក Jonathan Hawkins អនុប្រធានទំនាក់ទំនងរបស់បណ្ដាញព័ត៌មាន CNN ដែលមានទីស្នាក់កណ្ដាលនៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬ Email នៅព្រឹកថ្ងៃពុធនេះថា សេចក្ដីរាយការណ៍ ស្ដីពីការជួញដូរផ្លូវភេទកុមារីនៅតំបន់ស្វាយប៉ាក ធ្វើឡើងដោយមានកិច្ចសហការចេញពីក្រុមផ្សេងៗគ្នា ហើយថារបាយការណ៍នោះមានតុល្យភាពនៃប្រភពត្រឹមត្រូវ។
លោក Jonathan បាននិយាយតាមសារអេឡិចត្រូនិក ឬ Email ក្នុងន័យដើមថា៖
«របាយការណ៍នេះ គឺនិយាយពីកិច្ចសហការចេញពីក្រុមផ្សេងៗគ្នានៅប្រទេសកម្ពុជា ដែលក្នុងនោះមានប៉ូលិសដើម្បីលុបបំបាត់បញ្ហានេះ។ របាយការណ៍នេះ មានលក្ខណៈត្រឹមត្រូវ និងប្រកបដោយការណ៍ពិត ព្រមទាំងមានសារៈសំខាន់ ដោយគ្មានការបំផ្លើសណាមួយដើម្បីទាក់ទាញការចាប់អារម្មណ៍ខ្លាំងនោះទេ»។
កាលពីចុងខែកក្កដាកន្លងទៅ បណ្ដាញព័ត៌មាន CNN បានចេញផ្សាយបទយកការណ៍ជាវីដេអូ និយាយពីការជួញដូរផ្លូវភេទនៅកម្ពុជា ជាមួយចំណងជើងអត្ថបទក្នុងការចេញផ្សាយជាលើកដំបូងថា «ក្មេងស្រីកម្ពុជាត្រូវបានម្ដាយពួកគេលក់ដើម្បីបម្រើផ្លូវភេទ» ឬ ជាភាសាអង់គ្លេសថា «The Cambodian girls sold for sex by their mothers» តែដើម្បីឲ្យចំណងជើងនៃបទយកការណ៍នេះ ត្រូវគ្នានឹងខ្លឹមសាររបស់វា បណ្ដាញព័ត៌មាននេះបានលុបពាក្យកម្ពុជា ចេញពីចំណងជើងព័ត៌មានរបស់ខ្លួន ដោយបានសរសេរថា៖ ជីវិតក្រោយការជួញដូរ៖ ក្មេងស្រីជាច្រើនត្រូវបានម្ដាយរបស់ពួកគេលក់ដើម្បីបម្រើផ្លូវភេទ» ឬជាភាសាអង់គ្លេសថា «Life after trafficking: The girls sold for sex by their mothers»។
លោក Jonathan អះអាងថា ការផ្លាស់ប្តូរចំណងជើងនេះ មិនបានធ្វើឡើង តបទៅតាមការផ្ដល់សេចក្ដីអធិប្បាយនានារបស់មន្ត្រីរដ្ឋាភិបាល ដែលបានធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីការចេញផ្សាយបទយកការណ៍នេះទេ។
ទោះជាមានការពន្យល់ពីបណ្ដាញព័ត៌មាន CNN អំពីវិធីសាស្ត្រនៃការរាយការណ៍របស់ខ្លួនក្តី ក៏មន្ត្រីរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកបង្ក្រាបការជួញដូរមនុស្ស មិនស្ងប់ចិត្តនោះឡើយ ហើយបានបញ្ជាក់នៅថ្ងៃពុធនេះថា ក្រុមអាជ្ញាធរមានសមត្ថកិច្ច កំពុងបើកការស៊ើបអង្កេតលើសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន CNN ដែលបានបង្កការឈឺចាប់ដល់ស្ត្រីជាម្ដាយនៅកម្ពុជា។
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្ស និងផ្លូវភេទលើស្ត្រី និងកុមារ ថ្លែងប្រាប់ VOA ថា៖
«ខ្ញុំចង់បានតែការពិត។ យើងចង់បានតែគេហៅថា ភាពស្មោះត្រង់អ្ហេ ពីព្រោះធម្មតា តែកាលណា ហើយវាឮដល់ត្រចៀកគេ ហើយទោះបីយ៉ាងណាក៏ គេអត់បានមើលអារឿងកែតម្រូវរឿងអីឡើងវិញទេ ប៉ុន្តែខ្ញុំចង់ឲ្យអ្នកដែលគេហៅថាសារព័ត៌មានអាជីពហ្នឹង កុំចូលចិត្តប្រើមនោសញ្ចេតនាខ្លួនឯង ដោយស្អប់ ដោយស្រឡាញ់ហ្នឹងយកមកធ្វើជា គេហៅអាជីវកម្មដើម្បីផ្សព្វផ្សាយបង្អាប់ជាតិសាសន៍ គេអញ្ចឹង វាអត់ត្រូវទេ»។
អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍បន្តថា របាយការណ៍របស់បណ្ដាញព័ត៌មាន CNN មានភាពមិន ប្រក្រតី ដោយហេតុក្មេងស្រីដែលត្រូវបានសម្ភាសន៍គឺជា ជនជាតិវៀតណាម។
អ្នកស្រីបន្តថា សេចក្ដីរាយការណ៍នោះគឺ គ្រាន់តែបានលើកឡើងអំពីរឿងដែលបានកើតតាំងពីរយូរណាស់មកហើយ ហើយអាជ្ញាធរបានកែលម្អបញ្ហានេះបានច្រើនមកហើយដែរ។
«រឿងដដែល ដែលកើតមានតាំងពីយូរហើយហ្នឹង ដែលគេបានធ្វើ គេកែលម្អរាប់ឆ្នាំហើយ ហើយគាត់យកមកធ្វើជាប្រធានបទមួយ នៅក្នុងការនិយាយថា ម្ដាយខ្មែរលក់កូនហ្នឹងអ្ហា ឲ្យទៅធ្វើពេស្យាចារហ្នឹង ហើយសម្ភាសន៍មកនិយាយវៀតណាម ហើយដល់គាត់ថា ស្រីខ្មែរ ខ្ញុំមិនដឹងថាភាពត្រឹមត្រូវរបស់គាត់នៅត្រង់ណា ឲ្យគាត់ពិចារណាឡើងវិញទៅ»។
លោក Jonathan បានពន្យល់ថា ការផ្ដោតទៅលើបញ្ហាជាតិពន្ធុរបស់ក្មេងស្រីទាំងឡាយនោះ បានបង្កការយល់ខុសពីសាច់រឿងនៃរបាយការណ៍នោះទាំងស្រុង។ លោកបាននិយាយតាមសារ អេឡិចត្រូនិកឬ Email ក្នុងន័យដើមថា៖
«នេះគឺជាបញ្ហាមួយដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ដោយមានក្មេងស្រីជាច្រើនបានរស់នៅ។ ក្នុងករណីក្មេងស្រីដែលយើងបានសម្ភាសន៍នោះ ពួកគេចម្រើនវ័យក្នុងប្រទេសកម្ពុជា។ ពួក គេធ្លាប់ឆ្លងកាត់បទពិសោធន៍នៃការរំលោភបំពានដ៏គួរឲ្យខ្លាចបំផុត នៅក្នុងប្រទេសមួយនេះ»។
យ៉ាងណាក៏ដោយ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្ស និងផ្លូវភេទលើស្ត្រី និងកុមារ បានច្រានចោលការពន្យល់របស់លោក Jonathan ហើយបានសង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ច នឹងស្វែងរកទឡ្ហីករណ៍ដើម្បីដាក់បន្ទុកលើបណ្ដាញព័ត៌មាន CNN ឲ្យមានការទទួលត្រូវទៅលើសេចក្ដីរាយការណ៍របស់ខ្លួន។
កាលពីថ្ងៃម្សិលមិញនេះ លោក ហ៊ុន សែន មិនត្រឹមតែវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗប្រឆាំងនឹងសេចក្ដីរាយការណ៍របស់ CNNនោះទេ លោកថែមទាំងបានប្រកាសបណ្ដេញអង្គការ AIMចេញពីប្រទេសកម្ពុជា និងព្រមានសហរដ្ឋអាមេរិក មិនឲ្យបង្ករឿងដល់កម្ពុជា ប្រសិនបើអាមេរិក មិនចង់ឃើញការធ្វើបាតុកម្មនៅមុខស្ថានទូតរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។
«វាជារឿងមួយដែលមិនអាចទទួលយកបានទេ ហើយផ្ដាំផ្ញើទៅស្ថានទូតអាមេរិក កុំឲ្យកុំ កុំបង្កើតនូវបញ្ហាច្រើនពេក។ អាឡូវហ្នឹង នៅក្នុងប្រទេសរបស់ខ្លួន ក៏មានបញ្ហាច្រើនណាស់ទៅហើយ ហើយយើងនឹងពិនិត្យអំពីបញ្ហានេះតទៅទៀត។បើគ្រាន់តែយកខ្មែរធ្វើដើមទុន ដើម្បីហ្នឹងទៅរៃអង្គាស គឺមិនអាចទទួលយកបានទេ។ អញ្ចឹងត្រូវអនុវត្តឲ្យម៉ឺងម៉ាត់បំផុត នូវច្បាប់ស្ដីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល»។
មន្ត្រីរបស់អង្គការ Agape International Missions (AIM) ដែលមានមណ្ឌលមួយឈ្មោះ «មេត្រីអន្តរ ជាតិមណ្ឌលបណ្ដុះបណ្ដាល» នៅក្នុងសង្កាត់ស្វាយប៉ាក មិនទាន់មានការឆ្លើយតបចំពោះប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជានោះទេ ខណៈដែលអង្គការដែលមានទីស្នាក់ការធំនៅសហរដ្ឋអាមេរិកនេះ កំពុងធ្វើសេចក្ដីថ្លែងការណ៍មួយពន្យល់រដ្ឋាភិបាលកម្ពុជា។
អ្នកស្រី Debbie Hankinds មន្ត្រីរដ្ឋបាលនៃអង្គការAIM បានបញ្ជាក់ប្រាប់ VOA តាមរយៈសារ អេឡិចត្រូនិក ឬ Email នៅថ្ងៃពុធនេះ ក្នុងន័យដើមថា៖
«អង្គការ Agape International Missions (AIM) កំពុងរៀបចំផ្ដល់សេចក្ដីថ្លែងការណ៍ពេញលេញ ទាក់ទិនបញ្ហានេះ ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។ នៅគ្រាដដែលនេះ អង្គការ AIM ការពារនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជន និងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា។ យើងបានផ្ដល់សេវានៅទីនេះ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ហើយយើងរង់ចាំនូវដំណោះស្រាយមួយ»។
ចំណែក លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA កាលពីថ្ងៃអង្គារថា ក្រុមអង្គការសង្គមស៊ីវិលមិនស្វាគមន៍អង្គការណាមួយ ដែលធ្វើសកម្មភាពប្រាសចាកពីក្រឹត្យវិន័យរបស់ប្រទេសកម្ពុជានោះឡើយ។
លោកបានស្នើឲ្យរដ្ឋាភិបាលបើកកិច្ចស៊ើបអង្កេតប្រកបដោយតម្លាភាព មុននឹងឈានដល់ការបិទចោលទាំងស្រុងសកម្មភាពរបស់អង្គការ AIM។
«យើងជាសង្គមស៊ីវិល យើងមិនគាំទ្រ បើសិនជាអង្គការណា ដែលគាត់ប្រព្រឹត្តខុសនឹងផ្លូវច្បាប់។ អញ្ចឹងគេគឺត្រូវអនុវត្តន៍តាមច្បាប់ ទាំងអស់គ្នាហើយ ប៉ុន្តែធ្វើយ៉ាងណាក៏ យើងត្រូវតែបង្ហាញក្នុងការស៊ើបអង្កេត ឲ្យវាមានតម្លាភាពផងដែរបាទ»។
ក្នុងពេលធ្វើសេចក្ដីរាយការណ៍អំពីការជួញដូរផ្លូវភេទនៅតំបន់ស្វាយប៉ាក អ្នកយកព័ត៌មានរបស់បណ្ដាញព័ត៌មានCNN ដែលមានទីតាំងនៅសហរដ្ឋអាមេរិកមួយនេះ បានចុះមកយកព័ត៌មាននៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ហើយបានសម្ភាសន៍ជាមួយលោក Don Brewster ស្ថាបនិកអង្គការ Agape International Missions (AIM) ដែលមានមណ្ឌលមួយនៅរាជធានីភ្នំពេញ និងមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វញ៉ា (California) នៃសហរដ្ឋអាមេរិក។
លោក Don Brewster បានប្រាប់បណ្ដាញព័ត៌មាន CNN ថា អង្គការលោកសង្គ្រោះមនុស្សជាង៧០០នាក់ ចេញការជួញដូរផ្លូវភេទ ចាប់តាំងពីអង្គការលោកបានផ្ដើមបេសកកម្មប្រឆាំងការជួញដូរផ្លូវភេទ នៅកម្ពុជាកាលពីឆ្នាំ ២០០៥។
លោកបានបញ្ជាក់ថា ការជួញដូរក្មេងស្រីឲ្យមកបម្រើផ្លូវភេទក្នុងតំបន់ស្វាយប៉ាក បានថយនៅក្រោម៥០ភាគរយ តែលោកបានព្រមានថា ទោះបីក្មេងស្រីលែងត្រូវបានគេលក់ទៅឲ្យផ្ទះបននានា នៅក្នុងតំបន់ស្វាយប៉ាកក្ដី ក៏ការជួញដូរផ្លូវភេទនេះ ឥឡូវកំពុងកើតមាននៅតាមសណ្ឋាគារ ជាទីដែលពិបាកតាមរកព័ត៌មានអំពីការជួញដូរ និងពិបាកក្នុងការរារាំង។
លោក Jonathan Hawkins អនុប្រធានទំនាក់ទំនងរបស់បណ្ដាញព័ត៌មាន CNN បានឲ្យដឹងបន្ថែមថាគោលបំណងរបស់របាយការណ៍ស្ដីពីការជួញដូរផ្លូវភេទ គឺរំលេចឡើងនៃការវិវត្តន៍ក្នុងការប្រឆាំងការជួញដូរផ្លូវភេទដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជា ចាប់តាំងពីការផលិតភាពយន្តឯកសារដើមមួយអំពីរឿងនេះនៅក្នុងឆ្នាំ ២០១៣។
លោកថា វាមានការចាំបាច់ដែលត្រូវយោងទៅលើអ្វីដែលបានធ្វើនៅឆ្នាំ ២០១៣ ដើម្បីបង្ហាញពីការរីកចម្រើនក្នុងការប្រឆាំងការជួញដូរផ្លូវភេទ ដែលទទួលបានតាំងពីឆ្នាំ២០១៣ ជូនដល់អ្នកទស្សនា៕