ក្រុមមេដឹកនាំប្រទេសប្រជាធិបតេយ្យដ៏មានអំណាចបំផុតលើលោក ហៅកាត់ថាG7 បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីរបៀបថ្មីៗក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ចំពោះការឈ្លានពានប្រទេសអ៊ុយក្រែនអស់១៥ខែមកហើយ។ ការជួបជុំគ្នានេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងចូលរួមកិច្ចប្រជុំកំពូល G7 ដោយផ្ទាល់នៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP។
លោក Zelenskyy នឹងធ្វើដំណើរឆ្ងាយបំផុតពីប្រទេសដែលហែកហួរដោយសារសង្គ្រាមរបស់លោក ពេលដែលក្រុមមេដឹកនាំពិភពលោក គ្រោងនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីដោយសារការឈ្លានពាននោះ។ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន បានបញ្ជាក់តាមទូរទស្សន៍ជាតិថាលោក Zelenskyy នឹងចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន។
លោក Danilov បាននិយាយនៅថ្ងៃសុក្រនេះថា៖ «យើងប្រាកដណាស់ប្រធានាធិបតីរបស់យើងនឹងនៅទីណាដែលអ៊ុយក្រែនត្រូវការរូបលោក មិនថានៅជ្រុងណាក្នុងពិភពលោកទេ ដើម្បីដោះស្រាយបញ្ហាស្ថិរភាពប្រទេសរបស់យើង។ នឹងមានការសម្រេចចិត្តលើបញ្ហាដ៏សំខាន់នៅទីនោះ ដូច្នេះវត្តមានដោយផ្ទាល់មានសារៈសំខាន់ ដើម្បីការពារផលប្រយោជន៍របស់យើង»។
ការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើប្រទេសអ៊ុយក្រែន រួមជាមួយការបាញ់សាកល្បងមីស៊ីលរាប់ខែរបស់កូរ៉េខាងជើង ព្រមទាំងការពង្រីកយ៉ាងលឿននៃចំនួនគ្រាប់បែកនុយក្លេអ៊ែររបស់ចិន បានជំរុញប្រទេសជប៉ុន ពន្លឿនកិច្ចពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំកំពូលនេះ។ ក្រុមមេដឹកនាំពិភពលោកនៅថ្ងៃសុក្រនេះ បានទៅទស្សនាឧទ្យានសន្តិភាពមួយដែលត្រូវបានសង់ឡើង សម្រាប់ឧទ្ទិសដល់ពលរដ្ឋរាប់សែននាក់ដែលបានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកបរមាណូក្នុងសម័យសង្គ្រាមលើកដំបូងក្នុងពិភពលោក។
មេដឹកនាំជប៉ុនលោក Fumio Kishida បាននិយាយថាលោកបានអញ្ជើញលោក Zelenskyy ឱ្យចូលរួមកិច្ចប្រជុំ G7 ក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងកៀវកាលពីខែមីនា៕