បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ដែលនឹងជួបប្រជុំគ្នានៅក្នុងទីក្រុង Hiroshima ប្រទេសជប៉ុននៅចុងសប្ដាហ៍នេះ គ្រោងនឹងចូលរួមប្រជុំជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
ក្នុងពេលជាងមួយឆ្នាំបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រទេស G7 លើកនេះនឹងផ្ដោតលើការគាំទ្រការការពារអ៊ុយក្រែននិងការបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា កិច្ចប្រជុំនេះនឹងផ្ដោតលើការអនុវត្តការដាក់ទណ្ឌកម្ម ការបិទបណ្ដាញដែលបញ្ចៀសពីការការពារសន្តិសុខព័ត៌មាន និងការបិទចន្លោះប្រហោងនានា។
លោកបានថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងមានកញ្ចប់ទណ្ឌកម្មពាក់ព័ន្ធជាមួយនឹងសេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេស G7 ដែលនឹងផ្ដោតលើបញ្ហាបង្ខំឱ្យអនុវត្តនេះ»។
មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានសំដៅលើទីក្រុងកៀវ ក៏ដូចជាតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនផងដែរ។
លោក Serhiy Bratchuk អ្នកនាំពាក្យរដ្ឋបាលយោធាតំបន់ Odesa បានបញ្ជាក់តាម Telegram ថា កងការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលភាគច្រើនរបស់រុស្ស៊ី ប៉ុន្តែថា មីស៊ីលមួយគ្រាប់ដែលបាញ់ចំរោងចក្រមួយកន្លែង បានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្សពីរនាក់ទៀតរងរបួស។
នៅក្នុងទីក្រុងកៀវ ប្រធានរដ្ឋបាលយោធាទីក្រុងកៀវលោក Serhiy Popko បាននិយាយថា កងទ័ពអ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលទាំងអស់របស់រុស្ស៊ីដែលបាញ់សំដៅតំបន់នោះ។ លោក Popko បាននិយាយថា កម្ទេចមីស៊ីលដែលធ្លាក់ចុះមកបានបណ្ដាលឱ្យមានភ្លើងឆេះនៅតាមតំបន់មួយចំនួននៅជុំវិញទីក្រុងកៀវ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters