ពួកមេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីយប់ថ្ងៃចន្ទ ដើម្បីហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ីចំនួន២ភាគ៣ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្របសម្រួលដើម្បីបង្កើនការដាក់សម្ពាធលើប្រទេសរុស្ស៊ី ខណៈដែលមានផលប៉ះពាល់សេដ្ឋកិច្ចលើប្រទេសជាសមាជិកខ្លះរបស់សហភាពអឺរ៉ុប ដែលពឹងផ្អែកកាន់តែខ្លាំងឡើងលើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី នោះ។
ការដាក់ទណ្ឌកម្មនេះ នឹងកាត់ផ្តាច់ប្រេងរបស់រុស្ស៊ីដែលផ្គត់ផ្គង់តាមសមុទ្រ ប៉ុន្តែលើកលែងការនាំប្រេងចូលតាមបំពង់បង្ហូរប្រេង។
ប្រទេសហុងហ្គារីដែលគ្មានសមុទ្របានគំរាមកំហែងជំទាស់ប្រឆាំងការរឹតត្បិតការនាំចូលប្រេងជាចំណាត់ការមួយដែលនឹងរារាំងកិច្ចខំប្រឹងប្រែងដែលតម្រូវឱ្យមានការមូលមតិគ្នារបស់សមាជិកសហភាពអឺរ៉ុប។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកCharles Michel បាននិយាយថា លោករំពឹងថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនឹងព្រមព្រៀងជាផ្លូវការលើការដាក់ទណ្ឌកម្មនេះ ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មកាន់តែខ្លាំងឡើងនៅថ្ងៃពុធស្អែកនេះ។
ពួកមេដឹកនាំអ៊ុយក្រែនបានអំពាវនាវជាយូរមកហើយ ឱ្យហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ីដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីដែលប្រើប្រេងឥន្ធនៈរបស់ខ្លួនដើម្បីធ្វើសង្គ្រាមនោះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើការអំពាវនាវម្តងហើយ ម្តងទៀតជុំវិញរឿងនេះ នៅពេលដែលលោកបានថ្លែងទៅកាន់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទម្សិលមិញ។
ដោយមានការសន្យាមកពីប្រទេសនានាដូចជាអាល្លឺម៉ង់ជាដើម ដើម្បីបញ្ឈប់ការនាំចូលប្រេងរបស់រុស្ស៊ីនោះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹង«កាត់បន្ថយការនាំចូលប្រេងពីប្រទេសរុស្ស៊ីចំនួន៩០ភាគរយទៅ កាន់សហភាពអឺរ៉ុបនៅចុងឆ្នាំនេះ»។
ផ្នែកផ្សេងៗទៀតនៃកញ្ចប់ទណ្ឌកម្ម រួមមានការផ្អឹបទ្រព្យសម្បត្តិនិងការហាមឃាត់ការធ្វើដំណើរលើបុគ្គលជនជាតិរុស្ស៊ីមួយចំនួន និងការដកធនាគារ Sberbank ដែលជាធនាគារធំ បង្អស់របស់រុស្ស៊ីចេញពីប្រព័ន្ធផ្ទេរហិរញ្ញវត្ថុសាកលលោក SWIFTផងដែរ ។ សហភាពអឺរ៉ុប ក៏កំពុងរារាំងបណ្តាញព័ត៌មាន៣ដែលកាន់កាប់ដោយជនជាតិរុស្ស៊ីមិនឱ្យចែកចាយមាតិការឿងនៅក្នុងបណ្តាប្រទេសនៅសហភាពអឺរ៉ុបផងដែរ។
ពួកមេដឹកនាំសហភាពអឺរ៉ុប ក៏បានព្រមព្រៀងគ្នាផ្តល់ជំនួយដល់អ៊ុយក្រែនដែលមានទឹក ប្រាក់ចំនួន៩ពាន់៧រយលានដុល្លារសម្រាប់កិច្ចខំប្រឹងប្រែងដើម្បីស្តាសេដ្ឋកិច្ចនិងកសាងប្រទេសនេះឡើងវិញ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។