ជនដៃដល់ដែលជាជនជាតិថៃបានបដិសេធមិនប្រាប់ថា តើអ្នកណានៅពីក្រោយការបញ្ជាឱ្យបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ឡើយ ខណៈអាជ្ញាធរកម្ពុជាថានឹងបន្តសហការជាមួយភាគីថៃលើករណីនេះ។
ជនដៃដល់ឈ្មោះ Ekkalak Paenoi អាយុ៤១ឆ្នាំ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនខ្លួនទៅប្រទេសថៃវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនក្នុងខេត្តបាត់ដំបង នៅគ្រាលោកគេចខ្លួន ក្រោយបាញ់សម្លាប់សកម្មជនខ្មែរ។ ជនដៃដល់នោះត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធដោយមិនមានការអនុញ្ញាត។
បើទោះជនដៃដល់បដិសេធមិនប្រាប់ថា អ្នកណាបញ្ជាពីក្រោយក្តី តែជននេះបានសារភាពអំពីការបាញ់សម្លាប់លោក លិម គិមយ៉ា ដែលជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំង។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ដែលចេញផ្សាយ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីនគរបាលថៃ។ ប៉ូលិសថៃនិយាយថា ការបដិសេធនោះដោយសារលោកបារម្ភអំពីសុវត្ថិភាពគ្រួសាររបស់លោក។
លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិប្រចាំខេត្តកំពង់ធំ ត្រូវបានគេបាញ់៣គ្រាប់ស្លាប់នៅនឹងកន្លែង កាលពីថ្ងៃទី៧ ខែមករា វេលាម៉ោង៥និង៣០នាទីល្ងាចក្នុងទីក្រុងបាងកកប្រទេសថៃ គ្រាដែលលោកចុះពីរថយន្តក្រុងដែលលោកនិងភរិយាធ្វើដំណើរពីខេត្តសៀមរាបនៃប្រទេសកម្ពុជាទៅទីក្រុងបាកកកនៃប្រទេសថៃ។
ក្រោយការបាញ់សម្លាប់នេះ មានការចែករំលែកព័ត៌មានថា ជនសង្ស័យម្នាក់ទៀតដែលគេថតបានក្នុងកាមេរ៉ាសុវត្ថិភាពជាអ្នកឱ្យសញ្ញា និងរូបភាពដល់ជនដៃដល់។ ជនសង្ស័យនោះបានធ្វើដំណើរតាមរថយន្តក្រុងជាមួយជនរងគ្រោះដែរ។
ទោះជាយ៉ាងណា សមត្ថកិច្ចកម្ពុជាមិនទាន់អាចបញ្ជាក់ថា តើកម្ពុជានឹងមានចំណាត់ការដូចម្តេចឡើយលើជនសង្ស័យនេះឡើយ ប៉ុន្តែបានលើកឡើងថា នឹងសហការជាមួយអាជ្ញាធរថៃ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ។
លោក ទូច សុខៈ ប្រាប់វីអូអេនៅថ្ងៃចន្ទថា កម្ពុជានៅតែបន្តសហការជាមួយភាគីថៃ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ប្រសិនបើភាគីថៃត្រូវការ។
លោកថ្លែងថា៖ «ចំពោះការដែលសនិ្នដ្ឋាន សន្មត់ ឬក៏វាយតម្លៃចោទប្រកាន់ក្នុងកម្រិតបទល្មើសបែបណានោះ គឺជាសមត្ថកិច្ចរបស់ភាគីថៃទាំងស្រុង...ដូច្នេះយើងបន្តរង់ចាំការសហការតាមផ្លូវច្បាប់ផ្សេងៗពីសំណាក់ភាគីថៃបន្តទៀត បើសិនជាលោកមានតម្រូវការ»។
នៅពេលសួរអំពី ជនជាតិខ្មែរដែលសារព័ត៌មានថៃបានផ្សាយថា ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក លិម គិមយ៉ា អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ករណីយុវជន ពេជ្រ គឹមស្រ៊ិន ដែលគេផ្សព្វផ្សាយថា គាត់មានជាប់ពាក់ព័ន្ធ ឬជាមុខសញ្ញានេះ ក្នុងក្របខណ្ឌច្បាប់ ទី១ក្នុងដំណាក់កាលស៊ើបសួរស៊ើបអង្កេតអីផ្សេងៗគឺ យើងមិនអាចនិយាយអីបានទាំងអស់។ ទី២ យើងត្រូវគោរពលើសិទ្ធិបុគ្គល។ ការផ្សព្វផ្សាយការចង្អុលនេះ ចង្អុលនោះ វាអាចនឹងប៉ះពាល់ឬក៏រំលោភលើសិទ្ធិបុគ្គល ដែលយើងមិនអាចចេះតែនិយាយបែបនេះបែបនោះជាដាច់ខាតក្នុងក្របខណ្ឌច្បាប់។ ចំពោះការនិយាយពីមហាជន ឬសារព័ត៌មានផ្សព្វផ្សាយ គឺជារឿងរបស់ពួកគាត់»។
ចំណែកលោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់វីអូអេនៅថ្ងៃចន្ទថា តួនាទីរបស់អន្តោប្រវេសន៍បានរៀបចំបញ្ជូនខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា ដែលគេចខ្លួនមកកម្ពុជាបញ្ជូនទៅប្រទេសថៃវិញហើយ និងថា អន្តោប្រវេសន៍មិនមានព័ត៌មានអ្វីថ្មីឡើយក្នុងករណីបាញ់សម្លាប់នេះ។ លោកស្នើឱ្យវីអូអេទាក់ទងទៅអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។
លោកថ្លែងថា៖ «បើចង់មានអីUpdate [ធ្វើបច្ចុប្បន្នភាព]ខ្លាំងជាងហ្នឹង សុំទាក់ទងទៅអគ្គស្នងការចុះ ព្រោះការងារហ្នឹងគេស្គាល់គាត់។ ខាងអន្តោប្រវេសន៍អត់មានអីទេ គ្រាន់តែធ្វើការងារបញ្ជូនគាត់ចេញដូចដែលបានឃើញហើយ»។
វីអូអេព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែមិនទាន់អាចទាក់ទងបានឡើយ។
វីអូអេក៏មិនទាន់អាចទាក់ទងបានដើម្បីសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំនៅកម្ពុជា តាមសារអ៊ីម៉ែលបាននៅឡើយដែរ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេនៅថ្ងៃចន្ទថា គណបក្សកម្លាំងជាតិបានរៀបចំពិធីបុណ្យគម្របខួប៧ថ្ងៃសពលោក លិម គិមយ៉ា ដោយនិមន្តព្រះសង្ឈចំនួនប្រាំអង្គ បង្សុកូលឧទ្ទិសកុសល ដើម្បីបង្ហាញពីការតបស្នងដល់វីរភាពដែលលោក គិមយ៉ា បានចូលរួមកិច្ចការសង្គមក៏ដូចជាជំហរនយោបាយរបស់លោក និងការលើកកម្ពស់សេរីភាពសិទ្ធិមនុស្សប្រជាធិបតេយ្យនៅកម្ពុជា។
លោក រ៉ុង ឈុន បន្តថា អាជ្ញាធរកម្ពុជាត្រូវបើកការស៊ើបអង្កេត និងបង្ហាញជំហរជាក់លាក់លើការបាញ់សម្លាប់នេះ ដើម្បីចូលរួមលុបបំបាត់និទណ្ឌភាពនៅកម្ពុជា ប្រសិនបើទទួលបានភស្តុតាងគ្រប់គ្រាន់ក្នុងករណីឃាតកម្មនេះ។
លោកប្រាប់វីអូអេថា៖ «គណបក្សកម្លាំងជាតិយើងចង់ឃើញអាជ្ញាធរកម្ពុជាត្រូវសហការជាមួយអាជ្ញាធរថៃ ដើម្បីវែកមុខរកអ្នកពាក់ព័ន្ធ និងអ្នកនៅក្រោយខ្នងនៃការបាញ់សម្លាប់លោក លិម គិមយ៉ា យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយក៏ជាផ្នែកមួយនៃការលុបបំបាត់និទណ្ឌភាពនៅកម្ពុជាយើងផងដែរ។ តែបើសិនជាការចង្អុលបង្ហាញហើយមានភស្តុតាងគួរតែបើកធ្វើការស៊ើបអង្កេត និងនាំខ្លួនយកមកវិនិច្ឆ័យទៅតាមផ្លូវច្បាប់»។
គួរបញ្ជាក់ថា គណបក្សសង្រ្គោះជាតិបានចាត់ទុកការបាញ់សម្លាប់នេះជាការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពផ្នែកនយោបាយ។ គណបក្សនេះបានអំពាវនាវឱ្យមាន«ការស៊ើបអង្កេតដោយហ្មត់ចត់និងមិនលម្អៀង»មួយ៕
វេទិកាបញ្ចេញមតិ