ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បារាំង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន ដើម្បី​បង្កើត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ


ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ថ្លែង​សុន្ទរកថា​នៅ​វិមាន Daming Palace ក្នុង​ក្រុង Xi'an ខេត្ត Shaanxi ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។
ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ថ្លែង​សុន្ទរកថា​នៅ​វិមាន Daming Palace ក្នុង​ក្រុង Xi'an ខេត្ត Shaanxi ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​ថា ប្រទេស​ចិន និង​ទ្វីប​អឺរ៉ុប​គួរតែ​សហការ​គ្នា​ពាក់ព័ន្ធ​នឹង​គម្រោង​គំនិត​ផ្ដួចផ្ដើម «ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ» របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ជា​គម្រោង​មាន​គោល​បំណង​សាងសង់ «ផ្លូវ​សូត្រ» សម័យ​ទំនើប​មួយ ដែល​លោក Macron បាន​និយាយ​ថា មិន​អាច​ជា​ផ្លូវ​ដែល​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​ចិន​នោះ​ទេ។

ដោយ​ថ្លែង​ទៅ​កាន់​ពាណិជ្ជករ អ្នក​សិក្សា​ស្រាវជ្រាវ និង​និស្សិត​ជា​ច្រើន​នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​ទីក្រុង Xian ប្រទេស​ចិន ដែល​ជា​ចំណុច​ចេញ​ដំណើរ​នៅ​ផ្នែក​ខាង​កើត​នៃ​ផ្លូវ​បុរាណ​មួយ​នេះ លោក Macron បាន​និយាយ​ថា ផ្លូវ​សូត្រ​នេះ «គឺ​មិន​មែន​សម្រាប់​តែ​ប្រទេស​ចិន» នោះ​ទេ ដោយសារ «ផ្លូវ​ទាំង​នេះ​គឺ​សម្រាប់​តែ​ប្រើ​រួម​គ្នា​តែ​ប៉ុណ្ណោះ»។

គម្រោង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ ដែល​បាន​បង្ហាញ​ដំបូង​កាល​ពី​ឆ្នាំ ២០១៣ មាន​គោល​បំណង​ភ្ជាប់​ប្រទេស​ចិន​តាម​ផ្លូវ​គោក និង​ផ្លូវ​ទឹក​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ប៉ាគីស្ថាន តំបន់​អាស៊ី​កណ្ដាល និង​រហូត​ដល់​តំបន់​មជ្ឈិម​បូព៌ា ទ្វីប​អឺរ៉ុប និង​ទ្វីប​អាហ្វ្រិក​ថែម​ទៀត​ផង។

បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​នៅ​ក្នុង​ទីក្រុង Xian លោក Macron និង​គណៈប្រតិភូ​របស់​លោក​ដែល​មាន​ប្រធាន​ក្រុមហ៊ុន​អាជីវកម្ម និង​មន្ត្រី​ប្រហែល ៦០ នាក់ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន។

លោក Macron មាន​គម្រោង​ស្វែង​រក​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​បញ្ហា​ជា​ច្រើន ដូចជា​បញ្ហា​ភេរវកម្ម និង​ការ​ប្រែប្រួល​អាកាសធាតុ និង​ចង់​ចង​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​លោក Xi Jinping ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាសធាតុ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ៕

XS
SM
MD
LG