ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​ធ្វើការ​ផ្សះផ្សា ប៉ុន្តែ​ស្ថិត​ក្នុង​ភាពផុយស្រួយ ខណៈ​ដែល​ប្រទេស​ទាំង២​ទុក​បញ្ហា​រកាំរកូស​ឱ្យ​នៅ​មួយ​ឡែក​សិន


រូបឯកសារ៖ ទង់ជាតិ​អាមេរិក​និង​ចិន​គ្រវី​នៅ​សួនឧទ្យាន Genting Snow កាលពី​ថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅ​ទីក្រុង Zhangjiakou ប្រទេស​ចិន។
រូបឯកសារ៖ ទង់ជាតិ​អាមេរិក​និង​ចិន​គ្រវី​នៅ​សួនឧទ្យាន Genting Snow កាលពី​ថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅ​ទីក្រុង Zhangjiakou ប្រទេស​ចិន។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​អ្នកស្រី Gina Raimondo បាន​ជួប​ជាមួយ​សមភាគីចិន​របស់​អ្នកស្រី ​គឺ​លោក Wang Wentao កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែឧសភា​ ដែល​នេះ​ជា​កិច្ចប្រជុំ​កម្រិត​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក​ទាំង២។

ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​គោលនយោបាយ​នាំ​ចេញ ពាណិជ្ជកម្ម​ និង​បញ្ហា​វិនិយោគ​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេ​ភាគី​មាន​ភាព​តានតឹង​ ក្នុង​កិច្ចសន្ទនា​មួយ​ដែល​ការិយាល័យ​របស់​អ្នកស្រី Raimondo បាន​ពិពណ៌នា​ថា​ «មាន​ភាព​ស្មោះត្រង់និង​សំខាន់»។

លោក Wang ក៏​បាន​ជួប​ជាមួយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​អ្នកស្រី Katherine Tai នៅ​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​វេទិកា​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង Detroit រដ្ឋ Michigan ផង​ដែរ។

កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី Joe Biden បាន​បង្ហាញ​ពី​ភាពរកាំរកូស​ក្នុង​ទំនាក់ទំនង​មួយ​ដែល​មាន​ភាព​តានតឹង ​ចាប់​តាំង​ពី​ពេល​ដែល​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​បាឡុង​ចារកម្ម​របស់​ចិន​នៅ​លើ​ទឹកដី​អាមេរិក​កាលពី​ខែកុម្ភៈ ដែល​ជា​ឧប្បត្តិហេតុ​មួយ​បាន​បង្ក​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​រវាង​ភាគី​ទាំង​ពីរ និង​បណ្តាល​ឱ្យ​មាន​ការ​លុបចោល​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោង​ទុក​របស់​រដ្ឋមន្ត្រី​ការបរទេសលោក Antony Blinken ទៅ​កាន់​ទីក្រុង​ប៉េកាំង​ផង​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី១០ ដល់​ថ្ងៃទី១១ ខែឧសភា រវាង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន លោក Jake Sullivan និង​អ្នក​ការ​ទូត​កំពូល​របស់​បក្ស​កុម្មុយនិស្ត​លោក Wang Yi ភាគី​ទាំង​ពីរ​ទំនង​ជា​បាន​ទុក​បញ្ហា​នេះ​ឱ្យ​នៅ​មួយ​ឡែក​សិន។

រូបឯកសារ៖ នាវិក​រៀបចំ​សម្ភារៈ​ដែល​បាន​រកឃើញ​នៅ​ឆ្នេរ Myrtle Beach ក្នុង​រដ្ឋ South Carolina ពី​ការបាញ់​ទម្លាក់​បាឡុង​របស់​ចិន​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ឱ្យ FBI នៅឯ​មូលដ្ឋាន​បេសកកម្ម​រួម Little Creek ក្នុង​រដ្ឋ Virginiaកាលពី​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ នាវិក​រៀបចំ​សម្ភារៈ​ដែល​បាន​រកឃើញ​នៅ​ឆ្នេរ Myrtle Beach ក្នុង​រដ្ឋ South Carolina ពី​ការបាញ់​ទម្លាក់​បាឡុង​របស់​ចិន​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ឱ្យ FBI នៅឯ​មូលដ្ឋាន​បេសកកម្ម​រួម Little Creek ក្នុង​រដ្ឋ Virginiaកាលពី​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Sullivan បាន​ប្រាប់ VOA ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី១៧ ខែឧសភា​ថា ការបាញ់​ទម្លាក់​បាឡុង​គឺ​ជា«សារ​យ៉ាង​ច្បាស់​មួយ​ថា យើង​នឹង​មិន​អត់ឱន​ចំពោះ​ការ​រំលោភ​បំពាន​ដែន​អាកាស​របស់​សហរដ្ឋអាមេរិក​ទេ។ យើង​បាន​បញ្ជាក់​ជំហរ​របស់​យើង»។

ហេតុ​អ្វី​នៅ​ពេល​នេះ?

អ្នកស្រី Yun Sun នាយក​កម្មវិធី​ចិន​នៅ​មជ្ឈមណ្ឌល Stimson បាន​ថ្លែង​ថា លើស​ពី​ការ​ចង់​បង្ហាញ​ថាខ្លួន​អាច​គ្រប់គ្រង​ការ​ប្រកួតប្រជែង​មហាអំណាច​ជាមួយ​ប្រទេស​ចិន​និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ផ្សេងៗ​រាប់​ចាប់​ពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ រហូត​ដល់​ការ​បញ្ឈប់​ការ​ជួញដូរ​សារធាតុ fentanyl រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដ៏​ចង់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​ជា​កម្លាំង​ស្ថាបនា​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​ផង​ដែរ។

ទន្ទឹម​នឹង​គ្នា​នេះ ចិន​កំពុង​ប្រើប្រាស់​ទំនាក់ទំនង​ប្រតិបត្តិការ​ដើម្បី​ទាញ​យក​ប្រយោជន៍​លើ​បញ្ហា​ដែល​ខ្លួន​យក​ចិត្ត​ទុក​ដាក់។ អ្នកស្រី​បាន​ប្រាប់ VOA ថា​ ឧទាហរណ៍ នៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ ទោះ​បី​ជា​ការ​ដែល​សហរដ្ឋអាមេរិក​កាត់​ផ្តាច់​ ឬ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​ជា​រឿង​ជៀស​មិន​រួច​ក៏​ដោយ ក៏​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តែ​មើល​ឃើញ​កន្លែង​ដែល​អាច​ចរចា​លើ​វិស័យក្រុមហ៊ុន ឬ​ផលិតផល​ជាក់លាក់​ណា​មួយ។

លោក Dennis Wilder អតីត​នាយក​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​ប្រទេស​ចិន​ដែល​ឥឡូវ​នេះ​ជា​សហការី​ជាន់​ខ្ពស់​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​កិច្ចសន្ទនា​អាមេរិក-ចិន​លើ​បញ្ហា​សាកល​នៅ​សាកលវិទ្យាល័យ Georgetown បាន​ថ្លែង​ថា​ កត្តា​ជំរុញ​ទៅ​វិញ​ទៅ​មក​គឺ​កិច្ចប្រជុំ​របស់​មេដឹកនាំ APEC ដែល​សហរដ្ឋ​អាមេរិក​គ្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ទីក្រុង San Francisco ក្នុង​ខែវិច្ឆិកា​ខាង​មុខ។

លោក​ប្រធានាធិបតី Xi Jinping ជឿជាក់​ថា ចិន​គឺ​ជា​សមាជិក​ស្ថាបនិក​នៃ​វេទិកា APEC។ លោក Wilder បាន​ប្រាប់ VOA ថា អ៊ីចឹង​ហើយ «បើ​គិត​ពី​ទស្សនទាន​កិត្យានុភាព​ជាតិ​ វា​មាន​សារៈសំខាន់​សម្រាប់​លោក​ដែល​ត្រូវ​ទៅ​ចូលរួម​នៅ​ទីនោះ»។

ទន្ទឹម​នឹង​គ្នា​នេះ លោក Biden ចង់​ឱ្យ​«មេដឹកនាំ​ពិភពលោក​ជាច្រើន​ចូលរួម​ក្នុង​វេទិកា​នេះ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន លើកលែង​តែ​លោក Putin ប៉ុណ្ណោះ»។

ប្រសិនបើ​លោក Xi ចូលរួម​កិច្ចប្រជុំ​កំពូល APEC អាច​មាន​កិច្ចប្រជុំ​កំពូល​ដាច់​ដោយ​ឡែក​មួយ​ជាមួយ​លោក Biden ដែល​ជា​ការ​ជួប​ប្រជុំ​ផ្ទាល់​មុខ​គ្នា​ជា​លើក​ទី២​របស់​លោក​ទាំង ២ ក្នុង​នាម​ជា​ប្រធានាធិបតី​ ចាប់​តាំង​ពី​ពេល​លោក​ទាំង ២ បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ចប្រជុំ​ក្រុម​ប្រទេស G-20 នៅ​កោះ​បាលី​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្នុង​រយៈពេល​តិច​ជាង ៦ ខែ អ្នក​សង្កេតការណ៍​បាន​លើក​ឡើង​ថា ពួកគេ​ជិត​អស់​ពេលវេលា​ក្នុង​ការ​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​នេះ​ហើយ៕

លោក Jeff Seldin និង​អ្នកស្រី Nike Ching រួមចំណែកក្នុង​សេចក្តី​រាយការណ៍​នេះ។

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG