ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ច្រាន​ចោល​សំណើ​របស់​អាមេរិក​ឱ្យ​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការពារជាតិ​ចិន​ លោក Li Shangfu ចូលរួម​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានាធិបតី​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី (មិន​មាន​បង្ហាញ​ក្នុង​រូបថត​នេះ) នៅ​ទី​ក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការពារជាតិ​ចិន​ លោក Li Shangfu ចូលរួម​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានាធិបតី​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី (មិន​មាន​បង្ហាញ​ក្នុង​រូបថត​នេះ) នៅ​ទី​ក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៣។

ចិន​បាន​ច្រាន​ចោល​សំណើ​របស់​សហរដ្ឋ​អាមេរិក​ឱ្យ​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​នៅ​ឯ​វេទិកា​សន្តិសុខ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​សិង្ហបុរី​នៅ​ចុង​សប្តាហ៍​នេះ។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃចន្ទ ដែល​ជា​សញ្ញា​ថ្មីមួយ​នៃ​ភាព​តានតឹង​រវាង​មហា​អំណាច​ទាំងពីរ។

ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ បាន​រាយការណ៍​ថា​ ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​កាន់​សារព័ត៌មាន​ The Wall Street Journal សំដៅ​ទៅ​លើ​ចិន​ដោយ​ប្រើប្រាស់​ឈ្មោះ​ផ្លូវការណ៍​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា៖ «កាលពី​យប់ម៉ិញ សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ប្រាប់​អាមេរិក​ថា ពួកគេ​បាន​ច្រានចោល​ការ​អញ្ជើញ​កាលពី​ដើម​ឧសភា​របស់​យើង​ឱ្យ​មាន​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Austin ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក Li Shangfu ​នៅ​ប្រទេស​សិង្ហបុរី»។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ថា ខ្លួន​ជឿ​ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​បើក​ចំហ​ «ដើម្បី​ធានា​ថា​ការ​ប្រកួតប្រជែង​មិនធ្លាក់​ក្នុង​ជម្លោះ»។


កាលពី​សប្តាហ៍​មុន អ្នកនាំពាក្យ​សេតវិមាន​លោក John Kirby ថ្លែង​ថា​មាន​ការ​ពិភាក្សា​នានា​ដោយ​ក្រសួង​ការពារ​ជាតិ​ដើម្បី​ឱ្យ​មាន​កិច្ចប្រជុំ​រវាង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Lloyd Austin និង​សមភាគី​ចិន ដែល​ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​កាលពី​ខែ​មីនា។

ការ​រំពឹងឱ្យ​មាន​ជំនួប​រវាង​ពួកគេ​ត្រូវ​បាន​តាមដាន​យ៉ាង​ដិតដល់ ដោយសារ​តែ​ភាព​តានតឹង​ផ្នែក​សន្តិសុខ​តំបន់ និង​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឱ្យ​ខូចផែនការ​សម្រាប់​ចូលរួម​ឡើងវិញ​ដោយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​របស់​ពិភពលោក៕

XS
SM
MD
LG